38 C
Phnom Penh

ភាគ​៤៖ សេដ្ឋី និង​សេដ្ឋិនី​ស្រុកខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​ដើម្បី​លាក់​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុកខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ​ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក?

នេះ​ជា​ភាគ​ទី​៤ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​យ៉ាងណា​ដែរ?

ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ថា ICIJ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​ជា​សាធារណៈ​នូវ​ឯកសារ​សម្ងាត់​ប៉ាណាម៉ា (Panama Papers) នៅ​ខែ​មេសា ឆ្នាំ​២០១៦។ ប្រមាណ​មួយ​ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​យក​ច្បាប់​របស់​ខ្លួន​ផ្ដន្ទាទោស​ដាក់​ទោស​ក្រុម​មនុស្ស​ដែល​លាក់​ទ្រព្យសម្បត្តិ ជាពិសេស​លាក់​លុយ​តាម​ប្រទេស កោះ ដូចជា៖

  • កោះ British Virgin Islands,
  • Bahamas,
  • Aruba,
  • St. Kitts & Nevis,
  • Seychelles,
  • Cayman Islands,
  • Cook Islands,
  • Malta
  • និង​សិង្ហបុរី ជាដើម។

ភ្នាក់ងារ​ប៉ូលិស​ស៊ើប​អង្កេត​អឺរ៉ុប បាន​សិក្សា ពិនិត្យ ប្រៀបធៀប​ឯកសារ​រាប់​លាន​នោះ​ទៅ​នឹង​សេចក្តី​រាយការណ៍​សម្ងាត់​របស់​គេ ដោយ​រក​ឃើញ​មាន​ឈ្មោះ​មនុស្ស​ប្រមាណ ៣៥០០​នាក់​ជា​ជន​គេ​សង្ស័យ​ពី​មុន​មក​ថា​មាន​ជំពាក់ជំពិន​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម។

គេ​រក​ឃើញ​ថា៖

  • ១៧២២​នាក់​មាន​ក្រុមហ៊ុន​ដែល​គេ​សង្ស័យ​ថា​ជា​ក្រុមហ៊ុន​សម្បក ឬ​ស្នូក ដើម្បី​លាង​លុយ​កខ្វក់ (money laundering),
  • ៥១៦​ឈ្មោះ ជា​ជន​ក្នុង​ក្រុម​ជនពាល​ម៉ាហ្វីយ៉ា​ពី​អឺរ៉ុប​ខាងកើត,
  • ៣៨៨​ឈ្មោះ ជាប់​ទាក់ទង​នឹង​ការ​បន្លំ​ពន្ធដារ​លើ​តម្លៃ​ទំនិញ,
  • ២៦០​ឈ្មោះ ជាប់​សង្ស័យ​នឹង​សកម្មភាព​រត់​ពន្ធ​បារី,
  • ១១៩​ឈ្មោះ ជាប់​ទាក់ទង​នឹង​ក្រុម​ភេរវកម្ម​អ៊ីស្លាម​និយម Hydra
  • និង ៩៩​ឈ្មោះ​ជាប់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​កូឡា (cola)។

បន្ទាប់ពី​ការ​ទម្លាយ​ឯកសារ​សម្ងាត់​ប៉ាណាម៉ា រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​៨២ បាន​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ពុករលួយ គេច​បង់ពន្ធ រត់​ពន្ធ លាង​លុយ​កខ្វក់។ ចំនួន​ទឹកប្រាក់​ដែល​រឹបអូស​យក​មក​វិញ​ពី​ឧក្រិដ្ឋជន ក្នុង​ប្រទេស​ចំនួន​២២ មាន​ចំនួន​ប្រមាណ ១២០០​លាន​ដុល្លារ ក្នុង​នោះ ២៥២​លាន​ដុល្លារ​ជា​ការ​ផាក​ពិន័យ និង​ការ​បង់​ពន្ធដារ។

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ជួយ​សម្រួល​ការ​លាក់​លុយ Mossack Fonseca នៅ​ប្រទេស​ប៉ាណាម៉ា ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ និង​បិទ​ក្រុមហ៊ុន​នោះ។ អាជ្ញាធរ​មាន​សមត្ថកិច្ច​អាល្លឺម៉ង់ បាន​បញ្ជូន​ប៉ូលិស ១៧០​នាក់​ឆែក​រក​ឯកសារ​ខុសច្បាប់​ក្នុង​ធនាគារ​ដ៏​ធំ​មួយ​ឈ្មោះ Deutsch Bank។

ធនាគារ​១០ មាន​ឈ្មោះ​ក្នុង​បញ្ជី​សង្ស័យ​រឿង​ជួយ​សម្រួល​ការ​លាក់​លុយ លាង​លុយ​ចាប់ពី​ប្រទេស​អាល់ហ្សេរី (Algeria) បែលហ្សិក (Belgique) លុចហ្សំបួរ (Luxembourg) ម៉ូណាកូ (Monaco) ស្វីស (Swiss) ស៊ុយអែត (Sweden) និង​ធនាគារ​នោះ​មាន៖

  • នៅ​ប្រទេស​ឥណ្ឌូនេស៊ី រដ្ឋការ​ក្រុង​ចាកាតារ បាន​ធ្វើ​ច្បាប់​តម្រូវ​ឲ្យ​ម្ចាស់​លុយ​ដាក់​ក្នុង​ធនាគារ​បង្ហាញ​ឈ្មោះ​របស់​ខ្លួន​ពិតប្រាកដ។
  • អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ណាវ៉ាហ្ស ស្ហារីហ្វ (Nawaz Sharif) ត្រូវ​បង្ខំ​ចុះ​ចេញ​ពី​តំណែង បង់​ផាក​ពិន័យ ១០​លាន ៦​សែន​ដុល្លារ ជាប់​ពន្ធនាគារ និង​ហាម​មិន​ឲ្យ​ឈរ​ឈ្មោះ​កាន់​កិច្ចការ​រដ្ឋ​មួយ​ជីវិត។
  • ធនាគារ​កាណាដា Canada Royal Bank បាន​បិទ​លេខ​គណនេយ្យ​ចំនួន​ជាង ៤០ មិន​ឲ្យ​ដាក់​លុយ។

ចុះ​ចំណែក​ឯ​នៅ​ស្រុកខ្មែរ? តើ​មាន​បុគ្គល គ្រួសារ ឬ​ក្រុមហ៊ុន​ណាមួយ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​កំហុស យក​ទៅ​ពិន័យ​ហើយ​ឬ​នៅ ៥​ឆ្នាំ​ក្រោយ​ការ​បែកធ្លាយ​ឯកសារ​ប៉ាណាម៉ា ដែល​មាន​ឈ្មោះ​ពាណិជ្ជករ​ពី​ប្រទេស​កម្ពុជា​លាក់​លុយ?

សំណួរ​មាន​ច្រើន​ទៀត តើ​មាន​ឈ្មោះ​មន្ត្រី និង​សមាជិក​ក្រុម​គ្រួសារ​ប្រមុខ​រាជរដ្ឋាភិបាល​ដែរ​ឬ​ទេ? តើ​ឈ្មោះ​អ្នក​លាក់​លុយ និង​អាសយដ្ឋាន​ចុះបញ្ជី​ជា​ឈ្មោះ និង​អាសយដ្ឋាន​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ឬ​ក្លែងក្លាយ?

ពី​ទសវត្ស​១៩៩០ ដល់​ដើម​ឆ្នាំ​២០០០ និង ២០១៦ ព្រះរាជាណាចក្រ​កម្ពុជា បាន​បើកដៃ​ឲ្យ​នាវា​ដឹកទំនិញ​ផ្លូវ​សមុទ្រ​ពី​ប្រទេស​ដទៃ​ប្រើ​ទង់ជាតិ​របស់​ខ្លួន​ដើម្បី​យក​កម្រៃ។ មក​ទល់​ពេល​នេះ គេ​មិនទាន់​ឃើញ មិនទាន់​ឮ​ថា​មាន​រដ្ឋាភិបាល​ខ្មែរ​ផ្ដន្ទាទោស​នរណា​ម្នាក់​នៅឡើយ​ទេ។

ឯកសារ Offshore Leaks ឲ្យ​ដឹង​ថា មាន​ឈ្មោះ សុង ម៉េងគុង (Song Meng Kong) បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នៅ​កោះ British Virgin Islands ឈ្មោះ Selvione Ltd. នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០០៣ ដោយ​ដាក់​អាសយដ្ឋាន​ស្រុកខ្មែរ​ស្ថិតនៅ​អគារ Imperial Garden លេខ​២១១ ផ្លូវ​៣១៥ វិថី​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន Selvione Ltd. មាន​សាខា​ហ៊ុន​ជាមួយ​នឹង​ក្រុមហ៊ុន​ជាង​ម្ភៃ ហ៊ុន​ជាមួយ​ជនជាតិ​ដទៃ ដូចជា៖

  • Bearer 1 (លាក់​ឈ្មោះ​ម្ចាស់​ហ៊ុន),
  • យ៉េវម៉ុន (Yeomun Ltd.),
  • Cobyrne Ltd.,
  • Sherper Ltd.,
  • B C S Ltd.,
  • Decarle Ltd. ជាដើម។

ក្រុមហ៊ុន​ទាំងនោះ​មាន​ទាក់ទង​នឹង​ប្រទេស​សិង្ហបុរី ក្រុង​ហុងកុង ប្រទេស​អារ៉ាប់រួម កោះ Bahamas ប្រទេស​ថៃឡង់ដ៍ ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ជួល​ក្រុមហ៊ុន​ចុះ​ឈ្មោះ Portcullis TrustNet Ltd. ប្រអប់​សំបុត្រ​លេខ​៣៤៤៤ Road Town, Tortola, BVI ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​ស្ថិតនៅ​អគារ​ជាន់​ទី​៨ Gloucester Tower The Landmark, 15 Queen’s Road, Central Hong Kong និង​សាខា​ក្រុមហ៊ុន Portcullis TrustNet Ltd. ពី​សិង្ហបុរី។ សុង ម៉េងគុង ជា​អនុប្រធាន​ក្រុមហ៊ុន​សណ្ឋាគារ-កាស៊ីណូ Naga World នៅ​ភ្នំពេញ ដែល​ជា​សាខា​ក្រុម​សាជីវកម្ម​ល្បែង​កាស៊ីណូ​ពី​ក្រុង​ហុងកុង Naga Corp ដែល​កាន់កាប់​អាជ្ញាប័ណ្ណ​ល្បែង​ស៊ីសង និង​សណ្ឋាគារ ៧០% នៅ​ប្រទេស​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០៦៥។

ទី លីតាត់ (Tee Lee Tat) តាម​ឯកសារ Offshore Leaks ប្រើ​អាសយដ្ឋាន​លេខ​៧៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក ឈ្មោះ Protec Ventures Worldwide Ltd. គ្រប់គ្រង​ក្រុមហ៊ុន​ជាង​ម្ភៃ​ទៀត​ក្រោម​ឈ្មោះ​ក្រុមហ៊ុន Acticorp Ltd. ជាមួយ​នឹង​ដៃគូ​ហ៊ុន​ឈ្មោះ រីតា ហាន់ដូសូ (Rita Handoso) ពី​ឥណ្ឌូនេស៊ី ថោងអ៊ុំ ម៉ាស៊ុងនឿន (Thong-Om Masungnoen) ពី​ថៃឡង់ដ៍។ ទី លីតាត់ ជួល​ក្រុមហ៊ុន​ចុះបញ្ជី Portcullis TrustNet Ltd. ប្រអប់​សំបុត្រ​លេខ​៣៤៤៤ Road Town, Tortola, BVI និង​ជួល​ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​ពី​សិង្ហបុរី​ឈ្មោះ Rikvin Consultancy Pte. Ltd.។

ឧកញ៉ា ហ៊ួត វ៉ាន់ថាន់ (Huot Vanthan) ឧកញ៉ា​លំដាប់​លេខ​២ តាម​ព្រះរាជក្រឹត្យ​លេខ​០១៩៥/០២ ប្រទាន​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​១៩៩៥ កាន់​សញ្ជាតិ​បារាំង។ ឧកញ៉ា ហ៊ួត វ៉ាន់ថាន់ តាម​ឯកសារ Paradise Papers បើក​ក្រុមហ៊ុន​ឈ្មោះ Atlas Trade Ltd. នៅ​កោះ British Virgin Islands នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០០៧ ក្នុង​នាម​ជា​អ្នក​កាន់​ហ៊ុន និង​នាយក​ក្រុមហ៊ុន​ជាមួយ​ជនបរទេស ភាគច្រើន​ជា​រុស្ស៊ី និង​ស៊ីប្រ៍ ធ្វើ​ជា​នាយក​គ្រប់គ្រង​ដោយ​ប្រើ​អាសយដ្ឋាន​ស្រុកខ្មែរ​ស្ថិតនៅ​លេខ​៧ ផ្លូវ​ព្រះអង្គយុគន្ធរ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ មាន​អាសយដ្ឋាន​ពីរ​ទៀត មួយ​ស្ថិតនៅ​លេខ​៨០ Brook Street, Mayfair, London W1K 5DD, United Kingdom និង​មួយ​ទៀត​ស្ថិតនៅ Jayla Place, Wickhams Cay 1, Road Town, Tortola, BVI។

ក្រុមហ៊ុន​បែក​មែកធាង​ដូច​ព្រះនារាយណ៍​បែងភាគ​ចេញពី​ក្រុមហ៊ុន​សម្បក ឬ​ស្នូក Atlas Trade Ltd. មាន៖

  • Andromeda Trade Ltd.,
  • Ararima Enterprises Ltd.,
  • GTH Cambodia Ltd.,

និង​មាន​ឈ្មោះ​នាយក/នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងនោះ​ដូចតទៅ​នេះ៖

  • Ribiabokon-Volodymyr (ជនជាតិ​រុស្ស៊ី),
  • Sedykh-Ekaterina (ជនជាតិ​ស៊ីប្រ៍),
  • Shmatova-Elena (ជនជាតិ​រុស្ស៊ី),
  • Pryanishnikov-Nikolay (ជនជាតិ​រុស្ស៊ី),
  • McGhie-Jeffery (ជនជាតិ​រុស្ស៊ី),
  • Pozdiaeva-Elena (ជនជាតិ​ស៊ីប្រ៍)

ក្រុមហ៊ុន Atlas Trade Ltd. របស់​ឧកញ៉ា ហ៊ួត វ៉ាន់ថាន់ ប្រើ​ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​នៅ​កោះ British Virgin Islands ឈ្មោះ៖

  • Blenheim Corporate Service Ltd.,
  • Appleby Services Ltd.,
  • Trident Trust Company Ltd.

រីឯ​មុខរបរ​នៅ​ស្រុកខ្មែរ​វិញ ឧកញ៉ា ហ៊ួត វ៉ាន់ថាន់ ភរិយា Sonn Jung Aye និង​កូនប្រុស Christian Huot មាន​ក្រុមហ៊ុន​ចំនួន​ប្រមាណ​១០ រួមមាន៖

  • Palais Angkor Co. Ltd.;
  • Embassy Properties Ltd.;
  • First Investment Specialized Bank;
  • Starclass Development Co. Ltd.;
  • Peace Navigation Inc. នៅ​បារាំង
  • នៅ​អង់គ្លេស​មាន​ក្រុមហ៊ុន Clearflight Ltd.; Mayfair Ltd.; Napoleon Leisure Ltd.; Clermont Club Ltd.។

នៅ​ឆ្នាំ​២០១៤ ឧកញ៉ា ហ៊ួត វ៉ាន់ថាន់ ឈ្លោះ​គ្នា​នឹង​បងប្រុស​ឧកញ៉ា ហ៊ួត សេងឡុង ថៅកែ​ក្រុមហ៊ុន​បារី ហ៊ួតរ៉ាកូ (Huotraco) រឿង​បន្លំ​ឯកសារ​យក​ផ្ទះ​លក់​យក​លុយ​ម្នាក់ឯង។ នៅ​ឆ្នាំ​២០១៨ ឧកញ៉ា ហ៊ួត វ៉ាន់ថាន់ និង​គ្រួសារ​មាន​ជំពាក់ជំពិន​រឿង​ដីធ្លី​នឹង​ប្រជាពលរដ្ឋ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ក្បែរ​តំបន់​ដី​សង់​វាលយន្តហោះ​អន្តរជាតិ ដោយ​មាន​ឈ្មោះ​អ្នក​ទាក់ទិន​ជាច្រើន៖

  • អភិបាល​ខេត្ត​រង គីម រិទ្ធី កូន​ឧត្តមសេនីយ៍ គន់ គីម
  • អភិបាល​ខេត្ត​រង កើត ឆែ
  • ឧត្តមសេនីយ៍ឯក ដួង ហេង
  • អ្នកស្រី​ឧកញ៉ា សៀង ចាន់ហេង
  • រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន
  • អតីត​មេ​ប៉ូលិស​ក្រុង​ឧត្តមសេនីយ៍ ជួន សុវណ្ណ។

អ្នកស្រី សៀង ចាន់ហេង បាត់​សិទ្ធិ​សុំ​ទិដ្ឋាការ ឬ​វីសា​ចូល​សហរដ្ឋ​អាមេរិក។

សប្តាហ៍​ក្រោយ សូម​ជូន​ភាគ​បន្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស