38 C
Phnom Penh

ប្រធានាធិបតី​ហៃទី លោក Jovenel Moïse ត្រូវ​បាន​ធ្វើ​ឃាត​នៅ​ឯ​គេហដ្ឋាន​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហៃទី គឺជា​ប្រទេស​ដ៏​ក្រីក្រ​មួយ​ដែល​មាន​ប្រជាជន​ជាង ១១​លាន​នាក់។ ប្រទេស​នេះ​ស្ថិត​នៅ​កណ្តាល​ផ្ទៃ​សមុទ្រ​ដ៏​ធំ​នៃ​ចន្លោះ​ទ្វីប​អាមេរិក​ខាងជើង និង​ខាងត្បូង។ ប្រធានាធិបតី​របស់​ប្រទេស​នេះ គឺ​លោក Jovenel Moïse។

លោក Jovenel Moïse ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាញ់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ឯ​គេហដ្ឋាន​ឯកជន​របស់​លោក​ស្ថិតនៅ​ជាយ​រដ្ឋធានី Port-au-Prince។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​ស្រង់​សម្ដី​លោក​នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ប្រទេស​ហៃទី លោក Claude Joseph ថា​លោក​ប្រធានាធិបតី​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ឯ​គេហដ្ឋាន​របស់​លោក ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​បរទេស​ដែល​និយាយ​ភាសា​អង់គ្លេស និង​អេស្ប៉ាញ។ ជាមួយ​គ្នា​នេះ ភរិយា​របស់​លោក Jovenel Moïse ក៏​បាន​រង​របួស​ផង​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

លោក Joseph បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រក្សា​ភាព​ស្ងប់ស្ងាត់ កុំ​ចលាចល ដោយ​លោក​អះអាង​ថា កងកម្លាំង​ប៉ូលិស និង​យោធា​នឹង​ធានា​សន្តិសុខ​ជូន​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក​បាន​ដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រាអាសន្ន​រយៈពេល ២​សប្ដាហ៍ ដោយ​ហាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ ឬ​ធ្វើ​ការ​ហែ​ក្បួន​អ្វី​ឡើយ។

លោក Jovenel Moïse បាន​ទទួល​មរណភាព​នៅ​អាយុ ៥៣​ឆ្នាំ​ក្នុង​នាម​ជា​ប្រធានាធិបតី​ទី​៥៨ របស់​ប្រទេស​ហៃទី។ អ្នកជំនាញ​កសិកម្ម​រូប​នេះ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ដំបូង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

កាលពី​អំឡុង​ឆ្នាំ​២០១៩ លោក​ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​ប្រឆាំង​ប៉ុនប៉ង​ដើម្បី​ទម្លាក់​ចេញ​ពី​តំណែង​ផង​ដែរ ប៉ុន្តែ​មិនបាន​សម្រេច​នោះ​ឡើយ ហើយ​ចាប់តាំង​ពី​ពេល​នោះ វិបត្តិ​នយោបាយ​ដ៏​ក្តៅ​គគុក​ក៏​បាន​អូស​បន្លាយ​មក​ដល់​ពេល​នេះ។

នៅ​មុន​ការ​ធ្វើ​ឃាត​នេះ លោក Jovenel Moïse បាន​ទទួល​បរាជ័យ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​សភា ដោយ​ជំរុញ​ឲ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស។

ការ​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី នេះ បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ដ៏​ក្រីក្រ​ជាប់​តំបន់​សមុទ្រ​ការីបៀន មួយ​នេះ កំពុង​ជួប​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា វិបត្តិ​ស្បៀងអាហារ និង​ភ័យខ្លាច​អំពី​ភាព​ចលាចល​ជា​រៀងរាល់​ថ្ងៃ ព្រោះតែ​ការ​អូស​បន្លាយ​នៃ​វិបត្តិ​នយោបាយ។

ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ប្រធានាធិបតី​ហៃទី លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរិស ចនសុន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ការ​សោកស្ដាយ និង​បាន​ហៅ​ឃាតកម្ម​នេះ​ថា​ជា​ការ​អំពើ​ឃោរឃៅ​ជា​ប្រវត្តិសាស្ត្រ​ទៅលើ​មេដឹកនាំ​ហៃទី។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស​អំពើ​ឃាតកម្ម​នេះ ដោយ​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ចៀស​អំពើ​ហិង្សា។

ទាក់ទិន​ឃាតកម្ម​លើ​ប្រធានាធិបតី​ហៃទី ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស ២​នាក់​ដែល​ជាប់​សង្ស័យ​ជា​ក្រុម​ខ្មាន់​កាំភ្លើង ខណៈ​ជន​សង្ស័យ ៤​នាក់​ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​ប៉ូលិស។

ការ​បាញ់​សម្លាប់ និង​ចាប់​ខ្លួន​ជន​សង្ស័យ ធ្វើឡើង​ក្នុង​ប្រតិបត្តិការ​មួយ​របស់​ប៉ូលិស​ហៃទី នៅ​សង្កាត់​ប៉េរេលីន នៃ​រដ្ឋធានី Port-au-Prince ជា​ទី​ដែល​លោក Jovenel Moïse ត្រូវ​បាន​ធ្វើ​ឃាត។

រដ្ឋាភិបាល​ហៃទី បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នោះ ការ​ប្រយុទ្ធ​គ្នា​ដ៏​តានតឹង​បាន​ផ្ទុះ​ឡើង​រវាង​ប៉ូលិស និង​ក្រុម​ជន​សង្ស័យ។ ជាមួយ​គ្នា​នេះ ប៉ូលិស​ហៃទី កំពុង​បន្ត​ការស្រាវជ្រាវ​ថា​តើ​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឬ​ទេ។

ដំណឹង​មរណភាព​របស់​លោក Jovenel Moïse ត្រូវ​បាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ស្តីទី លោក Claude Joseph។

លោក​នាយករដ្ឋមន្ត្រី​បាន​ទទូច​ឲ្យ​ប្រជាជន​រក្សា​ភាព​ស្ងប់ស្ងាត់ កុំ​ចលាចល ដោយ​លោក​អះអាង​ថា ស្ថានការណ៍​សន្តិសុខ​របស់​ប្រទេស​ជាតិ​ត្រូវ​បាន​គ្រប់គ្រង​រឹងមាំ។ លោក​បាន​ចោទ​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី​របស់​លោក ថា​កើត​ចេញ​ពី​ក្រុម​ទាហាន​ស៊ីឈ្នួល និង​គំនុំ​នយោបាយ។

ចៅក្រម Carl Henry Destin បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ប្រធានាធិបតី Jovenel Moïse ត្រូវ​គ្រាប់​កាំភ្លើង​ដល់​ទៅ ១២​គ្រាប់ គឺ​ខ្មាន់​កាំភ្លើង​បាន​បាញ់​សុស​ខ្លួន។

លោក Jovenel Moïse កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៦៨ នៅ​ក្នុង​ស្រុក Trou du Nord នៃ​ខេត្ត Nord-Est។

លោក Jovenel Moïse បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅកាន់​រដ្ឋធានី Port-au-Prince កាលពី​ខែ​កក្កដា ឆ្នាំ​១៩៧៤ ដើម្បី​បន្ត​ការសិក្សា​នៅ​សាលា Don Durelin ហើយ​បន្ទាប់មក គឺ​លោក​បាន​ទៅ​រៀន​នៅ​សាលា លីសេ តួហ្សង់ លូវើទួរ (Lycée Toussaint Louverture) និង​ចុងក្រោយ លោក​បាន​ចូល​សិក្សា​នៅ​មជ្ឈមណ្ឌល Collège Canado-Haïtien។

លោក Jovenel Moïse បាន​ចាកចេញ​ពី​រដ្ឋធានី Port-au-Prince បន្ទាប់ពី​បាន​រៀបការ​ជាមួយ​នាង Martine Marie Etienne Joseph ដែល​ត្រូវ​ជា​មិត្ត​រួម​ថ្នាក់​កាលពី​ឆ្នាំ​១៩៩៦ ដើម្បី​ទៅ​រស់នៅ​តំបន់​ជនបទ​មួយ​នៅ Port-de-Paix។ លោក​សម្រេច​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ ដើម្បី​ជួយ​អភិវឌ្ឍ​តំបន់​ក្រីក្រ​មួយ​នេះ​ដែល​លោក​មាន​ជំនាញ​កសិកម្ម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស