ក្រសួងការបរទេសថៃ បដិសេធចំពោះការផ្សព្វផ្សាយដែលចោទប្រកាន់ថាប្រទេសថៃ កំពុងរៀបចំផែនការធ្វើឃាតប្រធានព្រឹទ្ធសភាប្រទេសកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត។
សារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល បានចេញផ្សាយនៅថ្ងៃទី៥ សីហា នេះថា ខ្លួនទទួលបានព័ត៌មានពីស្ថាប័នចារកម្មបរទេសមួយដែលបានឲ្យការណ៍ថា ថៃមានផែនការទម្លាក់គ្រាប់បែកធ្វើឃាតមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។
ប្រភពដដែលអះអាងថា យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាននោះ បានរាយការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT-6TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided Bomb ដែលមានទំហំតូច និងងាយគេចខ្លួនក្នុងផែនការធ្វើឃាតនេះ ព្រោះវាមានល្បឿនលឿនជាងយន្តហោះ F-16 ដែលមិនអាចឱ្យកងទ័ពប្រទេសកម្ពុជា មានឱកាសប្រើកាំជ្រួចបាញ់ទម្លាក់។
ស្ថាប័នចារកិច្ចបរទេសដដែលនេះ ទម្លាយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿង និងគ្រាប់ចំនួន ២០០គ្រាប់ រួមទាំងប្រភេទយន្តហោះផ្សេងទៀតចំនួន ៤គ្រឿង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលពួកគេបានយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។
ប្រភពដដែលអះអាងថា កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវសម្រាប់បាញ់ ហើយនិងទម្លាក់ចំគោលដៅបានល្អថែមទៀត។
ស្ថាប័នចារកិច្ចនេះ រៀបរាប់ពីផែនការធ្វើឃាតនេះថា តាមគម្រោងដែលកងទ័ពអាកាសថៃ រៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យ ជាមុនសិន ដើម្បីពិនិត្យលើប្រសិទ្ធភាពរបស់វា ហើយចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ពួកគេនឹងរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែនមួយជំហានទៀត។
ប្រភពដដែលបញ្ជាក់ថា បើថៃ មិនអាចវាយកាន់កាប់តំបន់ទាំង ៨ ក្នុងទឹកដីកម្ពុជា បានទេ នោះថៃនឹងប្រើយន្តហោះ AT-6 TH light attack ហោះចេញពីខេត្តត្រាត គេចចេញពីកងកម្លាំងការពារដែនសមុទ្រកម្ពុជា និងរង់ចាំការផ្តល់ទីតាំងពីចារកម្មខាងក្នុងប្រទេសកម្ពុជា រកចំណុចគេហដ្ឋានរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត និងបាញ់គ្រាប់បែកនេះធ្វើឃាតឱ្យបានសម្រេចតែម្តង។
ការទម្លាយផែនការធ្វើឃាតមេដឹកនាំកម្ពុជា នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី ប្រគល់សិទ្ធិធ្វើទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ទាល់ លើកិច្ចការកងទ័ព ដើម្បីការពារបូរណភាពទឹកដីក្នុងពេលដែលប្រទេសមានការឈ្លានពានពីប្រទេសថៃ នាពេលនេះ។
ទាក់ទិននឹងបញ្ហានេះ កាសែត The Nation បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura នៅថ្ងៃទី៥ សីហា នេះថា ក្រសួងការបរទេសថៃ បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ ព្រោះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានចេតនាច្បាស់លាស់ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសថៃ។
តាមប្រភពពីក្រុមហ៊ុនផលិតយន្តហោះ AT-6 TH light attack Textron/Beechcraft ផលិតនៅរដ្ឋ Kansas សហរដ្ឋអាមេរិក យន្តហោះប្រភេទនេះទ័ពអាកាសថៃ ទិញនៅឆ្នាំ២០២១ ចំនួន ៨គ្រឿង តម្លៃ ១៤៣លានដុល្លារ សម្រាប់ប្រើពីដំបូងជាយន្តហោះហាត់ហ្វឹកហ្វឺនផង ប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនផង ហោះយកការណ៍ជាជំនួយដល់កងទ័ពថ្មើរជើងធ្វើប្រតិបត្តិការផ្លូវគោកផង។
អ្នកនាំពាក្យក្រសួងការបរទេសថៃ រូបនេះបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតស្របពេលដែលភាគីទាំងពីរកំពុងស្ថិតក្នុងការពិភាក្សារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) មិនត្រឹមតែមិនជួយស្ថាបនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចដល់ស្មារតីនៃកិច្ចសន្ទនា ដែលមានបំណងដោះស្រាយស្ថានការណ៍ដោយសន្តិវិធីថែមទៀត។
ជុំវិញបញ្ហានេះ គេមិនទាន់ឃើញលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចេញសារបដិសេធ និងបញ្ជាក់ពីការចុះផ្សាយអំពីផែនការធ្វើឃាតពីសំណាក់ភាគីថៃ មកលើរូបលោកនៅឡើយទេរហូតដល់ពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

