ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក កំណត់បើកកិច្ចប្រជុំនៅថ្ងៃទី១៤ កក្កដា នេះ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈ video conference។ នេះបើតាមរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី១២ កក្កដា ហើយស្រង់មកចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
កិច្ចប្រជុំនេះ គឺជាលើកដំបូងចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ គ្រោងធ្វើឡើងកាលពីខែឧសភា ប៉ុន្តែត្រូវបានលើកពេលដោយសារតែលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ជាប់ធ្វើដំណើរទៅមជ្ឈិមបូព៌ា ហើយមិនអាចភ្ជាប់ការប្រជុំបានតាមប្រព័ន្ធអ៊ីនធឺណិត ខណៈលោកកំពុងស្ថិតនៅលើយន្តហោះ។
កិច្ចប្រជុំនៅថ្ងៃពុធ ក្នុងសប្ដាហ៍នេះ នឹងប្រើពេល ៩០នាទី ដោយមានការចូលរួមរបស់លោករដ្ឋមន្ត្រី Antony Blinken និងសមភាគីសមាគមអាស៊ាន ១០ប្រទេស ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសភូមា ដែលពួកយោធាលើកបន្តុបផងដែរ។
មន្ត្រីជាន់ខ្ពស់អាស៊ានម្នាក់បាននិយាយថា កិច្ចប្រជុំនេះផ្ដោតលើការពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសមាគមអាស៊ាន និងសហរដ្ឋអាមេរិក ក្រោយរដ្ឋការលោកប្រធានាធិបតី ដូណាល់ ត្រាំ។ តែកិច្ចប្រជុំនេះអាចផ្ដោតលើរបៀបវារៈធំ៣ គឺបញ្ហាជម្លោះសមុទ្រចិនខាងត្បូង បញ្ហាប្រទេសភូមា និងបញ្ហាជំងឺកូវីដ-១៩។
មន្ត្រីរូបនេះបានបន្ថែមថា វិបត្តិនយោបាយនៅប្រទេសភូមា អាចនឹងមិនលើកឡើងទេ តែគ្រាន់តែការសម្ដែងការព្រួយបារម្ភ។ តែបែបនេះក្ដី សេចក្ដីថ្លែងការណ៍រួមក្រោយបិទបញ្ចប់កិច្ចប្រជុំ នឹងធ្វើរួមគ្នាដោយប្រទេសឡាវ និងសហរដ្ឋអាមេរិក ដែលជាប្រធាននៃកិច្ចប្រជុំរួម។
ឡាវ ដែលជាអ្នកសម្របសម្រួលនៃកិច្ចប្រជុំ បានបង្ហាញជំហររបស់ខ្លួនដោយចង់យកបញ្ហាសន្តិសុខតំបន់ទៅប្រជុំនៅខែក្រោយទៀត ប៉ុន្តែប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជំទាស់។
អាស៊ាន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនជាមួយសមភាគីចិន កាលពីថ្ងៃទី៧ មិថុនា នៅក្នុងខេត្តជុងគីង ប្រទេសចិន ហើយបានបើកកិច្ចប្រជុំជាមួយរុស្ស៊ី នៅថ្ងៃទី៦ ខែកក្កដា។
ជាការកត់សម្គាល់មួយដែលប្រទេសឡាវ ក្នុងនាមអ្នកសម្របសម្រួលកិច្ចប្រជុំនេះ ដែលព្យាយាមសុំលើកពេលនិយាយអំពីបញ្ហាសន្តិសុខតំបន់ ក្នុងនោះមានជម្លោះសមុទ្រចិនខាងត្បូង គឺកើតឡើងចំពេលដែលមានភាពតានតឹងរវាងចិន និងហ្វីលីពីន និងរវាងចិន និងវៀតណាម ជាពិសេសរវាងអាមេរិក និងចិន កំពុងកើនឡើង។
ជំហររបស់ប្រទេសឡាវ ជាកូនបំណុលចិនពាន់លានដុល្លារ កំពុងស្ថិតក្រោមឥទ្ធិពលចិន ក៏កើតឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានព្រមានប្រទេសចិនជាថ្មីម្តងទៀតថា ការវាយប្រហារណាមួយលើកងទ័ពហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូងនោះ នឹងអាចនាំឲ្យអាមេរិកប្រើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិក និងហ្វីលីពីន ឆ្នាំ១៩៥១ គឺការពារហ្វីលីពីន ពីការប្រឆាំងរបស់ចិន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងចំខួប ៥ឆ្នាំនៃសាលក្រមរបស់តុលាការមជ្ឈត្តការអន្តរជាតិ ដែលបានបដិសេធការទាមទារកាន់កាប់របស់ចិនក្នុងដែនសមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំងអះអាងថាខ្លួនគេមានកម្មសិទ្ធិលើសលុបនៅក្នុងលំហសមុទ្រលាតសន្ធឹងជាង ៣លានគីឡូម៉ែត្រក្រឡា និងមាន ២៥០កោះ។
ប្រទេសចិន ដែលបានទាមទារដែនទឹកលើសលុបនេះក្នុងសមុទ្រចិនខាងត្បូង ទទួលរងនូវការតវ៉ាពីប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់។ តែបែបនេះក្ដី ចិនបានបញ្ជាក់ជាថ្មីទៀតថា ចិនមិនទទួលស្គាល់សាលក្រមរបស់តុលាការអន្តរជាតិនោះដាច់ខាត។
សម្រាប់លោក Blinken ដែលគេរំពឹងថាលោកនឹងលើកឡើងអំពីជម្លោះសមុទ្រចិនខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិកសូមបញ្ជាក់ជាថ្មីនូវនយោបាយរបស់ខ្លួនចំពោះការទាមទាររបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺអាមេរិកប្រកាន់ជំហរមួយសំដៅការពារសេរីភាពនាវាចរណ៍អន្តរជាតិ និងជួយការពារដែនទឹកប្រទេសក្នុងតំបន់។
លោកបញ្ជាក់ថា រដ្ឋការរបស់លោក បៃដិន បានប្រកាសគាំទ្រយុទ្ធសាស្ត្ររបស់រដ្ឋការអតីតប្រធានាធិបតី Donald Trump ប្រឆាំងការវាតទីរបស់ចិន។
ប្រមុខការទូតអាមេរិករូបនេះបានចោទប្រទេសចិនថាបានបង្ខិតបង្ខំ និងបំភិតបំភ័យបណ្តារដ្ឋនៅជាប់ឆ្នេរសមុទ្រនៅអាស៊ីអាគ្នេយ៍ ដោយគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្ររបស់ពិភពដ៏សំខាន់នេះ។
យ៉ាងណា សម្រាប់សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងទៅបណ្ដែតខ្លួននៅសមុទ្រចិនខាងត្បូងរួចហើយ ក្នុងនោះមាននាវាផ្ទុកយន្តហោះ USS Ronald Regan ដែលនៅលើនាវានោះមានយន្តហោះចម្បាំង ៧០គ្រឿង បានកំពុងស្ថិតនៅសមុទ្រហ្វីលីពីន។ មិនថាឡើយសហរដ្ឋអាមេរិកនោះទេ ចូលពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូងប្រឆាំងការវាតទីរបស់មហាយក្សចិន គឺចក្រភពអង់គ្លេស បារាំង ជប៉ុន ឥណ្ឌា អូស្ត្រាលី ហូឡង់ កាណាដា អាល្លឺម៉ង់ ក៏បានសម្រេចចូលពាក់ព័ន្ធនឹងជម្លោះនោះដែរ ដោយពួកគេចាត់ទុកសមុទ្រចិនខាងត្បូងជាផ្លូវនាវាចរអន្តរជាតិដោយគ្មានប្រទេសណាមួយកាន់កាប់ផ្ដាច់មុខបានឡើយ។
ចំពោះករណីសមុទ្រចិនខាងត្បូងនេះ អាស៊ានបានត្រឹមទទួលយកការសន្យារបស់ចិន ថានឹងដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ តែចិននៅតែត្រូវបានមើលឃើញថា បំពានដែនទឹកប្រទេសក្នុងតំបន់ដដែល ហើយនេះគឺរបៀបវារៈរសើបមួយនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានបូកអាមេរិក នៅថ្ងៃទី១៤ កក្កដា នេះ។
ចំពោះបញ្ហាប្រទេសភូមា ក៏ត្រូវបានមើលឃើញថាជារឿងដ៏ចម្រូងចម្រាសមួយដែរ ព្រោះប្រទេសខ្លះនៅតែប្រកាន់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសក្នុងសមាគម។ ប្រទេសទាំងនោះហើយដែលចង់ឱ្យរបបសឹកនៅបន្តកាន់អំណាច ព្រោះការដឹកនាំរបស់ពួកគេក៏មិនខុសនឹងពួកយោធាភូមាប៉ុន្មានដែរ គឺការឡើងកាន់អំណាចដោយការកម្ចាត់បក្សប្រឆាំងមុនការបោះឆ្នោត៕