អ្នកឃ្លាំមើលសង្គមលើកឡើងពីលក្ខណៈកត់សម្គាល់វិធី ៤យ៉ាង ដែលជាវិធីសាស្ត្រក្នុងការពិនិត្យមើលបុគ្គលិកលក្ខណៈជនផ្ដាច់ការដែលសម្ងំលាក់ខ្លួននៅក្នុងរបបប្រជាធិបតេយ្យ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ថា លក្ខណៈរបស់ជនផ្ដាច់ការ គឺធ្វើអ្វីៗដើម្បីតែអំណាចក្រុមបក្ខពួករបស់ពួកគេតែប៉ុណ្ណោះ ដូច្នេះដើម្បីក្តោបក្តាប់អំណាចបានរឹងមាំ ពួកគេបានប្រើវិធីដាក់ពង្រាយខ្សែបណ្ដាញរបស់ពួកគេឲ្យចូលទៅគ្រប់គ្រងស្ថាប័នអំណាចធំៗរបស់ជាតិទាំងអស់ ដូចជា៖
- គ្រប់គ្រងស្ថាប័នរដ្ឋសភា
- គ្រប់គ្រងស្ថាប័នរដ្ឋាភិបាល
- និងគ្រប់គ្រងស្ថាប័នតុលាការ ជាដើម។
លោកអះអាងថា ក្រោយពេលគ្រប់គ្រងស្ថាប័នកំពូលៗរបស់ជាតិបានពេញដៃហើយ ពួកគេបានរៀបចំការគ្រប់គ្រងលើក្បាលម៉ាស៊ីនរដ្ឋបាលជាតិថែមទៀត នោះគឺការក្តោបក្តាប់មន្ត្រីរាជការជាន់ខ្ពស់តាមក្រសួងស្ថាប័នទាំងអស់ បន្ទាប់មកពួកគេចាប់ផ្តើមប្រើមន្ត្រីរាជការតាមក្រសួងទាំងនោះឲ្យដើរគាបសង្កត់ពលរដ្ឋម្ចាស់ប្រទេសឲ្យបោះឆ្នោតប្រគល់អំណាចឲ្យពួកគេបន្តទៀត។
បណ្ឌិត សេង សារី បញ្ជាក់ថា បន្ទាប់ពីក្រសួង និងស្ថាប័នជាតិស្ថិតនៅក្នុងដៃពួកគេពេញទំហឹងហើយនោះ ជនផ្ដាច់ការនឹងរៀបឧបាយកលកម្ចាត់ដៃគូនយោបាយដែលមានកម្លាំងស្មើនឹងខ្លួនតាមរយៈនៃការបញ្ចូលមនុស្សដែលគេចាត់តាំង ឲ្យទៅគ្រប់គ្រងស្ថាប័នជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដើម្បីឲ្យកាន់តែធានាការពង្រឹងអំណាចរបស់ពួកគេចាក់ឫសកាន់តែជ្រៅបន្ថែមទៀត។
លោកបញ្ជាក់ទៀតថា ដើម្បីបញ្ចៀសនូវវិបត្តិធ្លាក់ពីអំណាច ពួកគេបានប្រើគ្រប់មធ្យោបាយគ្រប់បែបយ៉ាងធ្វើឲ្យពលរដ្ឋលែងខ្វល់ពីរឿងនយោបាយ និងវិបត្តិសង្គមជាដើម។ ជាងនេះទៀត ពួកគេបង្ខំឲ្យក្រសួងអប់រំដាក់បម្រាមមិនឲ្យនិស្សិតបញ្ញវន្តនិយាយរឿងនយោបាយនៅតាមគ្រឹះស្ថានសិក្សាផងដែរ ដើម្បីកុំឲ្យកូនខ្មែរជំនាន់ថ្មីដឹងពីល្បិចកលនយោបាយរបស់ពួកគេ។
បើទោះបីជាបណ្ឌិត សេង សារី មិនបានសំដៅទៅប្រទេសណាមួយក្នុងការលើកឡើងរបស់លោក ប៉ុន្តែអ្នកតាមដានបញ្ហាសង្គម និងនយោបាយនៅកម្ពុជា សម្គាល់ថា ការលើកឡើងរបស់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ គឺដូចគ្នាទៅនឹងការអនុវត្តជាក់ស្តែងរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្សរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ។

មាត្រា១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែក្រោយកម្ពុជាទទួលយកធម្មនុញ្ញមកអនុវត្តពីឆ្នាំ១៩៩៣ មក ត្រូវគេមើលឃើញថា មេដឹកនាំនយោបាយបក្សកាន់អំណាចបានប្រើអំណាចដឹកនាំប្រទេស ជាជាងការអនុវត្តច្បាប់របស់ប្រទេស។
រដ្ឋាភិបាលខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ត្រូវគេមើលឃើញថា កំពុងអនុវត្តផែនការនយោបាយឆ្ពោះទៅរកការពង្រឹងអំណាចផ្ទាល់ខ្លួន ដែលផ្ទុយទៅនឹងខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ប្រទេសទាំងស្រុង។
ក្នុងនោះ មេដឹកនាំនយោបាយបក្សកាន់អំណាចបានរៀបចំសមាជិកបក្សនយោបាយរបស់ខ្លួនឲ្យចូលទៅកាន់កាប់ស្ថាប័នជាតិកំពូល ដូចជាលោក ហេង សំរិន ដើរតួនាទីប្រធានរដ្ឋសភាជាតិផង និងជាសមាជិកអចិន្ត្រៃយ៍បក្សកាន់អំណាចផង។
ខណៈលោក សាយ ឈុំ កាន់កាប់តួនាទីជាប្រធានព្រឹទ្ធសភាផង និងជាអគ្គលេខាធិការបក្សកាន់អំណាចផង ចំណែកលោក ឌិត មុន្ទី មានតួនាទីជាប្រធានតុលាការកំពូលផង និងជាសមាជិកអចិន្ត្រៃយ៍បក្សកាន់អំណាចផងដែរ។
លើសពីនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន ជាដើម និងរដ្ឋមន្ត្រីតាមក្រសួងស្ថាប័ន នាយកដ្ឋាន និងអង្គភាពរបស់រដ្ឋជាច្រើនទៀតដែលសុទ្ធសឹងតែជាសមាជិកជាន់ខ្ពស់របស់បក្សកាន់អំណាច ដែលពួកគេមានតួនាទីក្នុងការអូសទាញមន្ត្រីរាជការផ្សេងទៀតតាមអង្គភាពនីមួយៗ ឲ្យចូលជាសមាជិកបក្សរបស់ពួកគេ រាប់ទាំងពីថ្នាក់ជាតិរហូតដល់មន្ត្រីសាធារណៈនៅថ្នាក់មូលដ្ឋាន។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ដើម្បីអនាគតអំណាចក្នុងការដឹកនាំរដ្ឋទៅថ្ងៃមុខ លោក ហ៊ុន សែន បានពង្រាយសមាជិកបក្សរបស់ខ្លួនឲ្យចូលគ្រប់គ្រងតាមស្ថាប័នអំណាចធំៗទាំងអស់បាត់ទៅហើយ ក្នុងនោះ៖
- ស្ថាប័ននីតិប្បញ្ញត្តិ លោក ហេង សំរិន ជាអ្នកគ្រប់គ្រង
- ស្ថាប័ននីតិប្រតិបត្តិ លោក ហ៊ុន សែន ជាអ្នកគ្រប់គ្រង
- និងស្ថាប័នតុលាការ លោក ឌិត មុន្ទី ជាអ្នកគ្រប់គ្រង
- ខណៈស្ថាប័នផ្សេងទៀត គឺត្រូវខ្សែបណ្ដាញបក្សកាន់អំណាចគ្រប់គ្រងគ្មានសល់។
ជុំវិញបញ្ហានេះ កាលពីឆ្នាំ២០១៨ មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានបង្ហាញរបាយការណ៍របស់ខ្លួនថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រើអំណាចនៅក្នុងស្ថាប័នរដ្ឋដើម្បីបង្ខំឲ្យមន្ត្រីរាជការស៊ីវិលចូលរួមជាសមាជិកបក្សនយោបាយរបស់ខ្លួន។
របាយការណ៍ដដែលបញ្ជាក់ថា រយៈពេលនៃការកាន់អំណាចជាងបីទសវត្សរ៍របស់លោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា គឺពឹងទៅលើកម្លាំងមន្ត្រីរាជការទាំងស៊ីវិល និងយោធាជាចម្បងក្នុងការគាបសង្កត់ និងការឃោសនារកសំឡេងឆ្នោត បើទោះបីជាគណបក្សកាន់អំណាចតែងអះអាងថា ពួកគេមានសមាជិកបក្សដល់ទៅជាង ៥លាននាក់ដើម្បីប្រកួតប្រជែងយកឈ្នះការបោះឆ្នោតម្តងៗក៏ដោយ៕