មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការសុខាភិបាលដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងវីរុស Covid-19 បាន ១០០%។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លើកឡើងបែបនេះគឺបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា ប្រកាសឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទៅពីបរទេសដែលចូលទៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ខែកក្កដា ថា កម្ពុជាអាចមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងវីរុស Covid-19 បន្ទាប់ពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានបន្តរហូតមកដល់សព្វថ្ងៃនេះ។
លោកអះអាងថា ការរៀបចំឲ្យមានវិធានការធ្វើចត្តាឡីស័កបានត្រឹមត្រូវ គឺជារឿងល្អ ប៉ុន្តែការអនុវត្តត្រូវតែម៉ឺងម៉ាត់ និងហ្មត់ចត់ជាទីបំផុត ចៀសវាងការអនុវត្តដូចពេលមុនផ្ទុះការឆ្លងវីរុស Covid-19 ចូលក្នុងសហគមន៍ ដែលបណ្តាលមកពីមិនមានវិធានការតឹងរ៉ឹងលើជនជាតិចិន ក្នុងអំឡុងពេលនៃការប្រារព្ធពិធីចូលឆ្នាំកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនោះ។
លោក មឿន តុលា អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ត្រូវតែបន្តយកចិត្តទុកដាក់លើការថែរក្សាសុខភាពដោយការអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវជាប្រចាំ ព្រោះថាជំងឺ Covid-19 បំប្លែងខ្លួនប្រភេទថ្មីកំពុងតែកើតមាននៅកម្ពុជា ដែលមានលក្ខណៈកាចសាហាវជាងវីរុស Covid-19 ប្រភេទចាស់ ដូច្នេះការរក្សាអនាម័យគឺត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវជាដាច់ខាត។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលទៅក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយតម្កល់លុយចំនួន ២ពាន់ដុល្លារអាមេរិកជាមុន។ ក្នុងនោះ សណ្ឋាគារដែលត្រូវកំណត់ធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ឲ្យអ្នកធ្វើដំណើរពីក្រៅប្រទេសស្នាក់នៅនោះ គឺសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារ ខតយ៉ាត ម៉ារីយ៉ុត ភ្នំពេញ (Courtyard by Marriott Phnom Penh)។
ប្រភពដដែលអះអាងថា អ្នកធ្វើដំណើរពីក្រៅប្រទេសត្រូវកក់ទៅសណ្ឋាគារទាំងពីរខាងលើឲ្យបាន ២ថ្ងៃមុននៃការចេញដំណើរ។ ក្រោយពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរទាំងនោះត្រូវបង្ហាញឯកសារដូចទិដ្ឋាការដែលមានសុពលភាព វិញ្ញាបនបត្របញ្ជាក់ពីសុខភាពដែលចេញដោយប្រទេសសាមី ថាគ្មានជំងឺ Covid-19 ក្នុងរយៈពេល ៧២ម៉ោង។ ជាងនេះទៀត ក៏ត្រូវបង្ហាញលិខិតលើការទិញកញ្ចប់ធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺ Covid-19 និងត្រូវបង្ហាញលិខិតបញ្ជាក់ថា ខ្លួនពិតជាបានកក់បន្ទប់ស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ។ ប៉ុន្តែក្នុងករណីរកឃើញថា អ្នកដំណើរណាម្នាក់វិជ្ជមានវីរុស Covid-19 គឺត្រូវសហការតាមអាជ្ញាធរមានសមត្ថកិច្ចជាដាច់ខាតក្នុងពេលស្នាក់នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានរៀបចំនោះ។
ជុំវិញបញ្ហានៃការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាល បានអះអាងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ថា ខ្លួនរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៨២៥នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៨៩៧នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ៣៤នាក់ផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៧ម៉ឺន ១ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៦ម៉ឺន ៣ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១២០០នាក់ហើយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ៕