បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា មេដឹកនាំកម្ពុជាតែងបង្ហាញឲ្យឃើញពីសមានចិត្តល្អក្នុងទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនីស្ត ជាជាងប្រទេសលោកសេរីដែលតែងជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី២៧ កក្កដា ថា ការផ្តល់គ្រឿងឥស្សរិយយសពីប្រធានាធិបតីរុស្ស៊ី ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្រាន់តែបង្ហាញពីការរឹតចំណងការទូតល្អប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងឥទ្ធិពលនយោបាយនោះទេ។
លោកអះអាងថា ទំនាក់ទំនងរវាងមេដឹកនាំកុម្មុយនីស្ត និងមេដឹកនាំផ្ដាច់ការ តែងផ្សារភ្ជាប់បានល្អជានិច្ច ព្រោះថាមេដឹកនាំកុម្មុយនីស្តមិនមានសម្ពាធណាមួយលើរដ្ឋាភិបាលផ្ដាច់ការឲ្យគោរពសិទ្ធិមនុស្ស ឬគោរពគោលការណ៍ប្រជាធិបតេយ្យដូចប្រទេសលោកសេរីដែលតែងជំរុញរដ្ឋាភិបាលកម្ពុជាឲ្យគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចពេលកន្លងមកនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាត្រូវតែមានទំនាក់ទំនងការទូតឲ្យបានល្អជាមួយបណ្តាប្រទេសជាមិត្ត មិនថាប្រទេសកុម្មុយនីស្ត ឬប្រទេសលោកសេរីនោះទេ ដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន ដោយចៀសវាងដាច់ខាតការផ្ដួលខ្លួនពឹងផ្អែកតែមហាអំណាចណាមួយដូចកម្ពុជាកំពុងបង្ហាញជំហរទំនាក់ទំនងល្អជាមួយមហាអំណាចកុម្មុយនីស្តចិន តែហាក់មិនចុះសម្រុងជាមួយមហាអំណាចលោកសេរីដូចសព្វថ្ងៃនេះ។

ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើអនុក្រឹត្យលេខ៤៣៤ ស្ដីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា បន្ទាប់ពីកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងការទូតអស់រយៈពេលជាង ៦០ឆ្នាំមកនេះ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីឲ្យកម្ពុជាមានឯករាជភាពដោយខ្លួនឯងពិតប្រាកដ លែងផ្ដេកផ្ដួលលើបរទេសខាងក្រៅ កម្ពុជាត្រូវតែរក្សាចំណងការទូតឲ្យល្អជាមួយបណ្តាប្រទេសជាមិត្ត ទាំងប្រទេសលោកសេរី និងប្រទេសកុម្មុយនីស្ត ដោយការអនុវត្តច្បាប់អន្តរជាតិដែលខ្លួនបានផ្តល់សច្ចាប័ន ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាដើម។
បែបនេះក្តី ការដឹកនាំនយោបាយរបស់មេដឹកនាំកម្ពុជាកន្លងមក ត្រូវគេមើលឃើញថាហាក់មានភាពរកាំរកូសចំណងការទូតជាមួយបណ្តាប្រទេសលោកសេរីដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ក្រោយមានការជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍សិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញឲ្យស្របទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ហាក់បង្ហាញជំហររបស់ខ្លួនពឹងផ្អែកលើមហាអំណាចកុម្មុយនីស្ត ជាជាងការចងសម្ព័ន្ធមិត្តល្អជាមួយប្រទេសលោកសេរី។
ជាក់ស្តែងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុន សែន បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោកថា ជំនួយចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជភាពខាងនយោបាយរបស់ខ្លួនថែមទៀត។
យ៉ាងណាក៏ដោយ ឧបការីសហរដ្ឋអាមេរិក អ្នកស្រី វីនឌី ហ្សឺមែន (Wendy Sherman) រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី Marise Payne កាលពីពេលថ្មីៗនេះ បានក្រើនរំឭកដល់រដ្ឋាភិបាលកម្ពុជា ថាបើកម្ពុជាមិនរក្សាជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ទេនោះ គឺមានន័យថា កម្ពុជាកំពុងមើលស្រាលអធិបតេយ្យភាព និងឯករាជភាពរបស់ខ្លួនឯង ហើយក៏ជាការបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ផងដែរ៕