37 C
Phnom Penh

សមាជិកា​បក្ស​សង្គ្រោះ​ជាតិ​អាមេរិកាំង​ប្រចាំ​សហរដ្ឋ​អាមេរិក​លាឈប់​ពី​តួនាទី​ចំនួន​បួន​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិកាំង ឬ​ហៅថា CNRP-A (CNRP-American) ភាគី​លោក សម រង្ស៊ី បាន​សម្រេច​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ក្នុង​តំណែង​ចំនួន​បួន។

លិខិត​លាលែង​ពី​តំណែង​របស់​អ្នកស្រី Nalen Smith មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិកាំង កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​ពី​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា អ្នកស្រី​បាន​ដាក់​លិខិត​លាលែង​ពី​មុខ​តំណែង​ទាំងអស់​របស់​អ្នកស្រី រួម​មាន៖

  • តួនាទី​ជា​ហេរញ្ញិក​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន
  • អគ្គលេខាធិការ​រង​ទី​១ នៃ CNRP-A
  • ប្រធាន​មូលនិធិ​សង្គ្រោះ​ប្រជាធិបតេយ្យ​ខ្មែរ
  • និង​ជា​សមាជិក CNRP-A ប្រចាំ​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃ​ដាក់​លិខិត​នេះ​តទៅ។

សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A រូប​នេះ អះអាង​នៅ​ក្នុង​លិខិត​លាលែង​របស់​អ្នកស្រី​ថា ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី​មាន​ការ​លំបាក​ណាស់ បើ​ទោះបីជា​អ្នកស្រី​បាន​ប្រើ​ពេល​ពិចារណា​លើ​បញ្ហា​នេះ​ជាច្រើន​លើក​ច្រើនសា​ក៏ដោយ តែ​ទីបំផុត អ្នកស្រី​នៅតែ​ត្រូវ​លាលែង​ដោយសារ​ហេតុផល​ជាច្រើន។ លិខិត​ដដែល​ឲ្យ​ដឹង​ថា តួនាទី​ដែល​អ្នកស្រី​មាន​កន្លងមក គឺ​ត្រូវ​គេ​បញ្ឈរ​ចោល​ប្រៀប​ដូចជា​គ្រោងឆ្អឹង​អ៊ីចឹង​ដែរ ខណៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកស្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ បែរជា​ឥតប្រយោជន៍ និង​គ្មាន​តម្លៃ​អ្វី​ទាំងអស់។

អ្នកស្រី Nalen Smith បញ្ជាក់​ថា អ្នកស្រី​បាន​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ រួច​ហើយ​ថា អ្នកស្រី​នឹង​មិន​វិលត្រឡប់​ទៅកាន់​តួនាទី​របស់​អ្នកស្រី​វិញ​ជាដាច់ខាត ហើយ​អ្នកស្រី​ក៏​នឹង​មិនមែន​ជា​សកម្មជន​នៃ​ផ្នែក​ណាមួយ​បន្ត​ទៀត​នោះ​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ឬ CNRP-A ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ពិធី​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ ក្នុង​ទីក្រុង​អាតាឡង់តា នៃ​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​បាន​ប្រកាស​តែងតាំង​សមាជិក និង​សមាជិកា​ជាន់ខ្ពស់​ជាច្រើន​រូប​នៅ​ពេល​នោះ។

ការ​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិកាំង ឬ CNRP-A នេះ មិនមែន​មាន​តែ​អ្នកស្រី Nalen Smith ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សមាជិក​ឬ​សមាជិកា​ផ្សេងៗ​ទៀត​បាន​លាឈប់​ពី​ក្រុម​នេះ​ជាបន្តបន្ទាប់​ដែរ។ ជាក់ស្តែង លោក យ៉ង់ ប្រេឌី ណុយ ឬ Brady Young សមាជិក CNRP-A ទើប​តែ​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ជា​អនុប្រធាន​នៃ​ក្រុម​នេះ​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ផង​ដែរ ក្រោម​ហេតុផល​ថា លោក​មិន​ឯកភាព​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដែល​បាន​នាំគ្នា​លួច​ទៅ​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី គឺ​គណបក្ស​បេះដូង​ជាតិ ដោយ​បោះបង់​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។

មួយ​រយៈពេល​ចុងក្រោយ​នេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​មើលឃើញ​ថា បាន​បោះបង់​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង ដោយ​នាំគ្នា​លួច​ទៅ​ចូលរួម​ជួយ​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​ដើម្បី​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២២ ខាងមុខ​នេះ ខណៈ​មន្ត្រី​មួយ​ចំនួន​បាន​នាំគ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​ខ្លះ​ទៀត​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​តួនាទី​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ហើយ​ក្នុង​នោះ​ក៏​មាន​អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដូចជា​អ្នកស្រី ថាក់ ឡានី និង​អ្នកស្រី លី ស្រីវីណា ភរិយា​ទី​២ របស់​លោក យឹម សុវណ្ណ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស