27 C
Phnom Penh

លោក កឹម សុខា បន្ត​ទាត់ចោល​ចលនា​នយោបាយ​ខុសច្បាប់​របស់​លោក សម រង្ស៊ី ខណៈ​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​មាន​ការ​រួបរួម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ និង​សិទ្ធិ​សេរីភាព បាន​ទាត់ចោល​ទាំងស្រុង​ចំពោះ​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ទាំងឡាយ​ណា​ដែល​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បំពាន​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​តាមរយៈ​មេធាវី​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​បាន​ចូលរួម​គាំទ្រ ហើយ​ក៏​មិន​បាន​ពាក់ព័ន្ធ​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ដែល​បាន​ប្រកាស​ដោយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​ដែរ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​លោក កឹម សុខា បដិសេធ​នោះ។ បើ​ទោះបីជា​លោក កឹម សុខា បដិសេធ​តាមរយៈ​មេធាវី​របស់​លោក​បែប​នេះ​ក៏ដោយ ប៉ុន្តែ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី បាន​រិះគន់​ថា ការ​បដិសេធ​នេះ​គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់​លោក កឹម សុខា ឡើយ។

លោក កឹម សុខា អះអាង​ថា លោក​មិន​អនុញ្ញាត​ឲ្យ​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើប្រាស់ ឬ​ភ្ជាប់​ជាមួយ​ផែនការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី ជាដាច់ខាត។ ជាង​នេះ​ទៀត លោក​ក៏​ប្រកាស​ពី​ការ​មិន​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ដោយ​បុគ្គល ឬ​ក្រុម​ណា​នោះ​ដែរ។

ការ​អះអាង​របស់​លោក កឹម សុខា គឺ​ធ្វើឡើង​តាមរយៈ​គណនី Facebook របស់​លោក ចាន់ ចេន ដែល​ជា​សហ​មេធាវី​ការពារ​ក្តី​របស់​លោក កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

ចាប់តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ មក ត្រូវ​គេ​សង្កេត​ឃើញ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ព្យាយាម​បង្កើត​អង្គការ​ចាត់តាំង និង​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​ដែល​រំលោភ​លើ​លក្ខន្តិកៈ​គណបក្ស រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​បំពាន​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាច្រើន​លើក​ច្រើនសា ដោយ​ប្រើ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ឧបករណ៍​រហូត​មក។

ចលនា​នយោបាយ​របស់ លោក សម រង្ស៊ី ដែល​ត្រូវ​គេ​អះអាង​ថា​ជា​សកម្មភាព​ខុសច្បាប់​នោះ រួម​មាន៖

  • ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ពី​ក្រៅ​ប្រទេស​ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
  • ការ​ប្រកាស​តែងតាំង​ខ្លួន​ឯង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​មេ​បក្ស​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​នៅ​ក្នុងស្រុក។
  • ការ​បង្កើត​ព្រឹត្តិការណ៍​មាតុភូមិ​និវត្តន៍ ៩ វិច្ឆិកា ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។
  • ការ​ប្រើ​ពាក្យ​ញុះញង់​ប្រមាថ​លើ​ព្រះមហាក្សត្រ និង​ការ​បំផុស​បំផុល​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​នឹង​សកម្មភាព​បំពាន​ច្បាប់ និង​រំលោភ​លក្ខន្តិកៈ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី តាមរយៈ​អតីត​នាយក​ខុទ្ទកាល័យ​របស់​លោក កាលពី​ពេល​កន្លងទៅ​ថា ផ្អែកលើ​ស្មារតី​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១២ គឺ​រាល់​សកម្មភាព​នយោបាយ​ទាំងអស់​របស់​បក្ស​ប្រឆាំង ត្រូវតែ​មាន​ការ​ឯកភាព​ពី​មេដឹកនាំ​កំពូល​ទាំង​ពីរ​ជា​ផ្លូវការ ទើប​ចាត់ទុក​ជា​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​គណបក្ស។

លោក​អះអាង​ថា ប្រសិនបើ​មាន​ចលនា​នយោបាយ​ណាមួយ​ដែល​ប្រាសចាក​ពី​គោលការណ៍​រួម​ខាងលើ ចលនា​នយោបាយ​នោះ​គឺ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​គោលជំហរ និង​ស្មារតី​រួម​របស់​គណបក្ស​ប្រឆាំង ក៏ដូចជា​ជំហរ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​ផ្ទុយពី​ខ្លឹមសារ​ច្បាប់​នោះ​ឡើយ។

ទោះ​ជា​បែប​នេះ​ក្តី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រតិកម្ម​ជុំវិញ​ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា សព្វថ្ងៃ​នេះ​លោក​ប្រធាន កឹម សុខា កំពុងតែ​ស្ថិត​នៅ​ជា​ចំណាប់ខ្មាំង​របស់​លោក ហ៊ុន សែន ដូច្នេះ​ការ​លើកឡើង​របស់​លោក​ជា​សំណេរ​ក្តី ជា​សំឡេង​ក្តី និង​តាមរយៈ​អ្នក​ផ្សេង​ទៀត​ក្តី មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​ឧត្តមគតិ​ពិត​របស់​លោក​ឡើយ។

យ៉ាងណាក៏ដោយ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Rhona Smith ក៏​ធ្លាប់​បាន​ថ្កោលទោស​លោក សម រង្ស៊ី នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ចំពោះ​ព្រឹត្តិការណ៍​មាតុភូមិ​និវត្តន៍ ៩ វិច្ឆិកា របស់​លោក​ផង​ដែរ​ថា​ជា​ការរំលោភ​លើ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី និង​អហិង្សា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ភាព​ចម្រូងចម្រាស​រវាង​ភាគី​លោក សម រង្ស៊ី និង​ភាគី​លោក កឹម សុខា ដែល​មិន​អាច​រក​ចំណុច​រួម និង​មិន​អាច​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​ឡើងវិញ​បែប​នេះ គឺ​មិនមែន​ជា​ដំណោះស្រាយ​ក្នុង​ការស្វែងរក​ផលប្រយោជន៍​ជាតិ​រួម និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

លោក​បញ្ជាក់​ថា ការ​ខ្វែង​ទស្សនៈ​គ្នា​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ គឺជា​ការ​ផ្តល់​ឱកាស​ឲ្យ​លោក ហ៊ុន សែន ដែល​តែង​រំលោភ​គោលការណ៍​ច្បាប់ និង​បំពាន​រដ្ឋធម្មនុញ្ញ​តាម​ទំនើង​ចិត្ត​នោះ កាន់តែ​មាន​ឱកាស​ពង្រឹង​អំណាច​ទុច្ចរិត​របស់​គាត់​ទ្វេដង ដែល​បណ្តាល​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ពេលនេះ។

ដោយឡែក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ថា ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ មេដឹកនាំ​ចលនា​នយោបាយ​នៅ​កម្ពុជា​គួរ​ចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ ជាជាង​រុញច្រាន​ឲ្យ​កម្ពុជា​ជាប់​គាំង​នយោបាយ​បន្ត​ទៀត​លើ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក អតីត​មេដឹកនាំ​ចលនា​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី នៅ​មិន​ទាន់​អាច​រក​ដំណោះស្រាយ​នយោបាយ​ណាមួយ​នៅឡើយ​ទេ ដើម្បី​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ផ្ទុយពី​ការ​រក​ដំណោះស្រាយ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​រក​ឃើញ​ថា កំពុង​ព្យាយាម​បង្កើន​កម្ដៅ​នយោបាយ​ឲ្យ​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើង​ទៅវិញ ខណៈ​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ឃុំ​ខ្លួន​ជាបន្តបន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដោយសារ​សកម្មភាព​របស់​ខ្លួន​ដែល​បាន​បំផុស​បំផុល​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស