ក្រុមជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី សម្ដែងការព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនលុបគម្រោងកាត់ឆ្វៀលដីព្រៃអភិរក្សជាង ៣ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ តាមការស្នើសុំរបស់ជនជាតិដើមភាគតិចទេ នោះគម្រោងអភិវឌ្ឍន៍សាងសង់ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបង្កជាគ្រោះមហន្តរាយធំធេងបំផ្លាញធនធានធម្មជាតិ ជម្រកសត្វព្រៃ ទឹកជ្រោះ ព្រៃស្រោង ទឹកអូរធម្មជាតិ និងប៉ះពាល់កូនភ្នំតូចៗជាច្រើន។
ក្រុមសហគមន៍ជនជាតិដើមភាគតិចថា ក្រសួងមហាផ្ទៃបានឯកភាពលើសំណើរបស់អភិបាលខេត្តមណ្ឌលគិរី ដែលបានស្នើឡើងនោះហើយ ដោយបច្ចុប្បន្ននេះរង់ចាំតែសេចក្តីសម្រេចពីទីស្ដីការគណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានផ្ញើលិខិតកាលពីខែកុម្ភៈ ឆ្នាំ២០២១ ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើសុំគោលការណ៍ពិនិត្យសម្រេចកាត់ឆ្វៀលដីទំហំជាង ៣ពាន់ហិកតារ (៣.២៦១,៣៦) ចេញពីដែនជម្រកសត្វព្រៃភ្នំណាមលៀរ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
តំណាងជនជាតិដើមភាគតិច លោក គ្រើង តុលា ទាមទារឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នខ្ពស់ក្នុងការអភិវឌ្ឍគម្រោងនេះ ព្រោះការកាត់ឆ្វៀលដីព្រៃអភិរក្សយ៉ាងធំធេងនេះ នឹងបង្កគ្រោះមហន្តរាយព្រៃឈើបន្សល់ចុងក្រោយ។ លោកថា ប្រជាសហគមន៍រស់នៅភូមិពូលុ និងភូមិឡាំម៉េះ បារម្ភខ្លាំងព្រោះទីតាំងអភិវឌ្ឍន៍ដែលប៉ះចំតំបន់ព្រៃអាស្រ័យផលរបស់សហគមន៍មួយផ្នែកធំ និងដីសមូហភាព ប្រសិនបើអាជ្ញាធរមិនកាត់ឆ្វៀលចេញទេ អ្នកភូមិនឹងរងទុក្ខវេទនាបាត់បង់ទីកន្លែងធ្វើកសិកម្មចិញ្ចឹមជីវិត។
តំណាងសហគមន៍រូបនេះបញ្ជាក់ថា សហគមន៍មិនប្រឆាំងការអភិវឌ្ឍទេ ប្រសិនបើការអភិវឌ្ឍនោះធ្វើឡើងដោយត្រឹមត្រូវ មានតម្លាភាព និងសុចរិតភាព ហើយផ្តល់លទ្ធភាពឱ្យសហគមន៍ចូលរួមសម្រេចចិត្តលើគម្រោងអភិវឌ្ឍន៍ខ្នាតធំនេះ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានថ្លែងក្នុងលិខិតស្នើសុំនោះថា ការរៀបចំសាងសង់រដ្ឋបាលច្រកទ្វារព្រំដែនថ្មីនេះ នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ។ លោកថា បច្ចុប្បន្នតំបន់រដ្ឋបាលច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ហ៊ុមព័ទ្ធដោយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជនវិនិយោគដំណាំកៅស៊ូតូចចង្អៀត ពុំអាចរៀបចំតំបន់រដ្ឋបាលឱ្យបានសមរម្យនៅឡើយទេ។
អាជ្ញាធរខេត្តមណ្ឌលគិរី បង្ហាញមោទនភាពចំពោះគម្រោងអភិវឌ្ឍន៍នេះថានឹងជួយកំណើនសេដ្ឋកិច្ចជាតិ និងកែប្រែមុខមាត់ខេត្តនេះឱ្យរីកចម្រើន។ អាជ្ញាធរបញ្ជាក់ក្នុងលិខិតថា ការស្នើសុំនេះនឹងរៀបចំអគាររដ្ឋបាល បង្កើតតំបន់ទីផ្សារ ឃ្លាំងផ្លាស់ប្ដូរទំនិញ តំបន់ឧស្សាហកម្ម លំនៅឋានពលរដ្ឋ និងតំបន់កសិកម្មចម្រុះ។ ក្រៅពីនេះ រដ្ឋបាលខេត្តមានគម្រោងរៀបចំផ្សារទំនើប សណ្ឋាគារ កាស៊ីណូ ស្ថានីយចម្រោះទឹកស្អាត កសិដ្ឋានបណ្ដុះកូនឈើ និងដាំស្ដារព្រៃឡើងវិញជាដើម។

ផ្ទុយពីការលើកឡើងរបស់អភិបាលខេត្ត ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង លើកឡើងថា គម្រោងអភិវឌ្ឍន៍នេះហាក់កេងប្រវ័ញ្ចសម្បត្តិជាតិ រំលោភយកដីព្រៃតំបន់នោះលក់ឱ្យក្រុមឧកញ៉ា ឬក្រុមអ្នកមានអំណាច។ ចំណែកពលរដ្ឋមូលដ្ឋានរាប់ពាន់គ្រួសារ នឹងបាត់បង់ទីកន្លែងអាស្រ័យផលព្រៃឈើ ហើយបង្កើតឱ្យមានបញ្ហាប្រឈមជាច្រើន ប៉ះពាល់សិទ្ធិ និងជីវភាពរស់នៅជនជាតិដើមភាគតិច។
ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលអាជ្ញាធរស្នើសុំកាត់ឆ្វៀលដើម្បីធ្វើជាតំបន់អភិវឌ្ឍន៍ គឺទទួលស្គាល់ដោយព្រះរាជក្រឹត្យតាំងពីឆ្នាំ១៩៩៣ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ តំបន់អភិរក្សនេះមានផ្ទៃដីជាង ៥ម៉ឺនហិកតារ (៥០៩៥៧) ឋិតនៅក្នុងឃុំប៊ូស្រា ជិតស្រុកពេជ្រាដា លាតសន្ធឹងជាប់ប្រទេសវៀតណាម៕

