35 C
Phnom Penh

មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​សុវត្ថិភាព​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩​ឲ្យ​បាន​ម៉ឺងម៉ាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព ថែរក្សា​សុខភាព និង​ចូលរួម​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​កាច​សាហាវ Covid-19 ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​សុភមង្គល​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ មេរោគ Covid-19 បំប្លែង​ថ្មី​កំពុង​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ជាពិសេស​នៅ​តាម​សហគមន៍ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​បង្កើន​នូវ​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត។

លោក​ថា ការ​ចាក់​វ៉ាក់សាំង​គឺ​រឿង​សំខាន់​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 ដែល​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ដើម្បី​បញ្ចៀស និង​កាត់បន្ថយ​ការ​ឆ្លង​នៃ​វីរុស​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន។

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​នាំ​យក​ជំនួយ​សប្បុរសធម៌​មួយ​ចំនួន​ដើម្បី​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ Covid-19 និង​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ចំនួន។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ Covid-19 នេះ លោក​បាន​ស្នើសុំ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​បណ្តា​ប្រទេស​ជា​មិត្ត​ដោយ​ផ្ទាល់មាត់ និង​តាម​លិខិត​ជាបន្តបន្ទាប់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​អះអាង​ថា ចាប់តាំង​ពី​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19 មក លោក កឹម សុខា បាន​ដឹកនាំ​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​មាន​ជីវភាព​ទីទ័ល​ខ្លាំង​តាម​បណ្តា​រាជធានី-ខេត្ត​ជាច្រើន ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ ព្រះសីហនុ និង​ខេត្ត​ត្បូងឃ្មុំ ជាដើម។

សកម្មភាព​មនុស្សធម៌​របស់​លោក កឹម សុខា បាន​ជះ​ឥទ្ធិពល​ដល់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បាន​ប្រកាស​លក់​ប័ណ្ណ​នាឡិកា​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ​ដើម្បី​ប្រមូល​លុយ​ទិញ​ស្បៀង​ផ្តល់​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ Covid-19 ប៉ុន្តែ​ត្រូវ​បាន​មហាជន​ចោទ​ថា លោក​ប្រមូល​លុយ​យក​ទៅ​ដំណើរការ​បក្ស​ថ្មី​តែប៉ុណ្ណោះ​បន្ទាប់ពី​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ដែល​ប្រមូល​បាន​ពី​ការ​លក់​ប័ណ្ណ​នាឡិកា​នេះ បាន​ស្ងាត់​បាត់​ឈឹង​ទៅវិញ​រហូត​មក​ទល់នឹង​ពេលនេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង អស់​រយៈពេល ១​ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក ក្រោម​ហេតុផល​ថា​ដោយសារ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស