មន្ត្រីឃ្លាំមើលសិទ្ធិការងារ ជំរុញឲ្យរោងចក្រ សហគ្រាស អនុវត្តវិធានការសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ថា ការធ្វើតេស្ដរកវីរុស Covid-19 លើកម្មករនិយោជិតជារឿងល្អហើយ តែមិនមែនជាវិធានការមានប្រសិទ្ធភាពខ្ពស់ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅតាមរោងចក្រ និងសហគ្រាសនោះទេ។
លោកអះអាងថា ប្រសិនបើកម្មករនិយោជិតនៅតែតម្រូវឲ្យធ្វើការងារក្នុងទីតាំងចង្អៀតដូចសព្វថ្ងៃនេះ ទាំងការប្រើប្រាស់ឧបករណ៍ និងសម្ភារមួយចំនួនរួមគ្នានៅក្នុងរោងចក្រ ដូចជាបន្ទប់ទឹក កន្លែងបរិភោគអាហារ និងការធ្វើដំណើរលើរថយន្តជាដើម គឺនៅតែជាហានិភ័យក្នុងការចម្លងវីរុស Covid-19 នេះដដែល។
លោក មឿន តុលា បញ្ជក់ថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នេះ រដ្ឋាភិបាលត្រូវតម្រូវឲ្យរោងចក្រសហគ្រាសរៀបចំឲ្យនិយោជិតកម្មករទាំងនោះដោយការអនុវត្តវិធានការសុខាភិបាលនៅក្នុងរោងចក្រឲ្យបានល្អ ដូចជាការរក្សាគម្លាត ជាដើម ប៉ុន្តែបើខាងរោងចក្រមិនអាចអនុវត្តវិធានការសុខាភិបាលនៅក្នុងរោងចក្រសហគ្រាសរបស់ខ្លួនបានទេ រដ្ឋាភិបាលត្រូវតែផ្តល់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកម្មករនិយោជិតទាំងនោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានជំនួសវិញ។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះ អំពាវនាវឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់កុំដាក់បន្ទុកចំពោះការធ្វើតេស្ដរកវីរុស Covid-19 ទៅលើកម្មករនិយោជិត។ ការចំណាយលើបរិក្ខារសម្រាប់ការធ្វើតេស្ដទាំងនោះ គឺតម្រូវឲ្យខាងនិយោជកជាអ្នករ៉ាប់រងជំនួសវិញ ដើម្បីជួយកាត់បន្ថយការចំណាយ និងសម្ពាធលើកម្មករនិយោជិតដែលកំពុងជួបការលំបាកនៅពេលនេះ។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំឲ្យរោងចក្រសហគ្រាសទាំងអស់នៅកម្ពុជា ត្រូវធ្វើតេស្ដរហ័សលើនិយោជិតកម្មកររបស់ខ្លួនគ្រប់ៗគ្នាឲ្យបានពីរដងមុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីរួមចំណែកពង្រឹងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19។
ក្រសួងការងារបញ្ជាក់ថា រោងចក្រសហគ្រាសទាំងអស់អាចបញ្ជាទិញឧបករណ៍តេស្ដរហ័សរកវីរុស Covid-19 ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់ផ្សេងទៀតផងដែរ។ បន្ថែមពីនេះ រោងចក្រសហគ្រាសក៏ត្រូវណែនាំឲ្យកម្មករនិយោជិតរបស់ខ្លួនអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលឲ្យបានហ្មត់ចត់ ដូចជាការពាក់ម៉ាស់ ជាដើម។
សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការឆ្លងវីរុស Covid-19» ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាល ក៏បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ផងដែរថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៥៣៣នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៦៣២នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១៧នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៨ម៉ឺន ៧ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៨ម៉ឺន ៣ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើង ១៧៤៧នាក់ហើយ ខណៈអ្នកឆ្លងវីរុសបំប្លែងថ្មីប្រភេទដែលតា (DELTA) មានចំនួនជិត ៥០០នាក់ផងដែរ៕