29 C
Phnom Penh

តុលាការ​ខេត្ត​ព្រះវិហារ​បង្គាប់​ឱ្យ​ឈ្មោះ ដួង ស្រួច និង​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​តំបន់​ព្រៃឡង់​ចូល​បំភ្លឺ​នៅ​ខែ​កញ្ញា​ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ បង្គាប់​ឱ្យ​លោក ដួង ស្រួច ចូល​បំភ្លឺ​នៅ​តុលាការ​នា​ខែ​កញ្ញា ខាងមុខ​នេះ ដើម្បី​ធ្វើការ​សាកសួរ​ពី​បទ​កាប់ ប្រមូល និង​កែច្នៃ​ឈើ​ប្រណិត​គ្រប់​ប្រភេទ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ក្នុង​ដីកា​បង្គាប់​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន Cambodia Daily ទើប​ទទួល​បាន​ឱ្យ​ដឹង​ថា នគរបាល​យុត្តិធម៌​ត្រូវ​បង្ខំ​ឱ្យ​លោក ដួង ស្រួច រស់នៅ​ភូមិ​បឹងជ្រោយ ឃុំ​សូទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះ។

លោក ទី សុវិនថាល់ បញ្ជាក់​ថា ការ​បង្គាប់​ឱ្យ​ចូល​ខ្លួន​នេះ ដើម្បី​ធ្វើ​ការ​សាកសួរ​ពី​បទ «កាប់ ប្រមូល និង​កែច្នៃ​ឈើ​ប្រណិត​គ្រប់​ប្រភេទ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ត្រពាំង​ឈើទាល​ពេន និង​អូរអាចម៍ដែក២ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ ឃុំ​រៀបរយ ស្រុក​រវៀង កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ បាន​សាទរ​ចំពោះ​ការ​ចេញ​ដីកា​របស់​សាលាដំបូង​ខេត្ត​ព្រះវិហារ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​តុលាការ​ចាត់​វិធានការ​ច្បាប់​ទៅលើ​ឧក្រិដ្ឋជន​ដែល​បាន​បំផ្លាញ​ព្រៃឈើ កុំ​ឱ្យ​ដូច​ពេល​កន្លងមក គ្រាន់តែ​ចេញ​ដីកា​ឱ្យ​តែ​ល្អ​មើល​នោះ។

លោក​បន្ត​ថា បើ​តាម​ការ​ចុះ​ស៊ើប​អង្កេត​របស់​លោក​កន្លងមក អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ មាន​លោក ដួង ស្រួច លោក ឡេង រិទ្ធី និង​លោក យស សុផង់ ជាដើម។

ក្រៅពី​បុគ្គល​ខាងលើ លោក​ថា​បច្ចុប្បន្ន​នេះ​ក៏​មាន​ក្រុមហ៊ុន PNT ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក និង​ក្រុមហ៊ុន ធីង៉ា ក្រុមហ៊ុន ស៊ីងបាយអូថិច និង​ក្រុម​អង្គរ​ផ្លាយវូដ ដែល​កំពុង​សកម្ម​ក្នុង​ការ​កាប់ និង​ដឹក​ជញ្ជូន​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។

លោក ហេង ស្រស់ បន្ត​ថា អ្នក​ដែល​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​បច្ចុប្បន្ន​មិនមែន​ជា​ប្រជាពលរដ្ឋ​ធម្មតា​ទេ ពួកគេ​ទាំងនោះ​សុទ្ធតែ​មាន​ងារ​ជា​ឧកញ៉ា និង​មន្ត្រី​ធំៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន។ ជាក់ស្ដែង​ដូចជា​លោក ចាប សារ៉ន ដែល​អះអាង​ថា​ខ្លួន​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពាក់​ស័ក្តិ​៥ ហើយ​បច្ចុប្បន្ន​លោក​កំពុង​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ជាមួយ​ក្រុមហ៊ុន PNT ដើម្បី​យក​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម។

សកម្មជន​បរិស្ថាន​ដដែល​នេះ​និយាយ​ថា ព្រៃឈើ​នៅ​កម្ពុជា​អាច​នឹង​នៅ​សល់​លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់ ដោយ​ចាប់ផ្ដើម​ពី​ការ​លុបបំបាត់​អំពើពុករលួយ បិទ​រោងចក្រ​អារ​ឈើ​នៅ​ជាប់​តំបន់​ព្រៃឡង់ និង​នៅ​តំបន់​ការពារ​តាម​ខេត្ត​ផ្សេងៗ​ទៀត។ មួយ​វិញ​ទៀត ត្រូវ​បញ្ឈប់​ការ​ចេញ​លិខិត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជាដើម បើ​មិន​ដូច្នោះ​ទេ លោក​ថា​ព្រៃឈើ​នៅ​កម្ពុជា​នឹង​វិនាស​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ។

កាលពី​ឆ្នាំ​២០១៩ សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង និង​ឧកញ៉ា តុប វីរដា បន្ទាប់​ពី​រក​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល ដឹកជញ្ជូន និង​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិនទាន់​ចាប់​ខ្លួន​ឧកញ៉ា​ទាំង ៣​នាក់​បាន​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស