38 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​ជេរប្រមាថ​ខ្មែរ​គ្នា​ឯង​ជា​ការ​បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​ទាំងមូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ទាំង​អ្នក​នយោបាយ និង​ពលរដ្ឋ​ដែល​បង្ក​ការ​ជេរប្រមាថ​រវាង​ខ្មែរ​គ្នា​ឯង​ទៅវិញ​ទៅមក ឬ​ការសងសឹក​រវាង​ពូជសាសន៍​ខ្លួនឯង គឺជា​ការ​បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​ខ្លួនឯង​ទាំងមូល។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ថា បើ​ខ្មែរ​នៅតែ​វាយប្រហារ​បំបាក់​មុខ​បំបាក់​មាត់ បង្ខូច​កិត្តិយស​គ្នា​ទៅវិញ​ទៅមក​បែប​នេះ​បន្ត​ទៀត​នោះ ជាតិ​ខ្មែរ​នៅតែ​មិន​បាន​សេចក្តី​សុខ​ជាដាច់ខាត ហើយ​កិត្តិយស​របស់​កម្ពុជា​ទាំងមូល​នឹង​កាន់តែ​អាប់ឱន​ទៅៗ​ថែមទៀត។

លោក​អះអាង​ថា បរទេស​ដែល​មាន​មហិច្ឆតា​ឈ្លានពាន​ត្រួតត្រា​ខ្មែរ ពិតជា​ត្រេកអរ​ណាស់​នៅ​ពេល​ដែល​ឃើញ​ខ្មែរ​បែកបាក់​សាមគ្គី​ជាតិ​ឯង​បែប​នេះ។ បន្ថែម​ពី​នេះ ពួកគេ​នឹង​ឆ្លៀត​ឱកាស​ធ្វើ​ឱ្យ​ខ្មែរ​ឈ្លោះ​គ្នា​កាន់តែ​ខ្លាំង​ថែមទៀត ហើយ​ពួកគេ​នឹង​ដើរ​តួ​ជា​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​ពង្រឹង​អំណាច​នៅ​ពេល​ដែល​ភាគី​ណាមួយ​ទៅ​ពឹង​គេ ដើម្បី​ឲ្យ​ជួយ​ដណ្តើម​អំណាច​នោះ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ល្បិចកល​បរទេស​ឈ្លានពាន គឺ​តែងតែ​ប្រើ​វិធីសាស្ត្រ​ឲ្យ​ជនជាតិ​នៃ​ប្រទេស​ដែល​គេ​ចង់​ឈ្លានពាន​នោះ​ទាស់ទែង​បែកបាក់​សាមគ្គី​គ្នា​ជា​មុន​សិន ដើម្បី​ងាយស្រួល​ក្នុង​ការ​ដាក់​ផែនការ​គ្រប់គ្រង​ប្រទេស​នោះ។ ដូច្នេះ បើ​ខ្មែរ​នៅតែ​ឈ្លោះ​បែកបាក់​គ្នា​បន្ត​ទៀត​នោះ អ្នក​ឈ្នះ​ពិតប្រាកដ​គឺ​បរទេស​ឈ្លានពាន​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ខ្មែរ​ដែល​ប្រឹង​ឈ្លោះ​ហែកហួរ​គ្នា គឺ​បាន​ត្រឹមតែ​នាំគ្នា​ចាញ់​រៀងៗ​ខ្លួន​គ្រប់​ភាគី​ទាំងអស់។

ការ​អះអាង​របស់​អ្នកវិភាគ​នយោបាយ​និង​សង្គម​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​បន្ត​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​រវាង​ជាតិសាសន៍​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ​រវាង​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​មេដឹកនាំ​បក្ស​កាន់​អំណាច ខណៈ​បក្ស​កាន់​អំណាច​ត្រូវ​គេ​មើលឃើញ​ថា មាន​រដ្ឋាភិបាល​ក្រុង​ហាណូយ ជា​ខ្នង​បង្អែក។

ក្រោយ​រដ្ឋាភិបាល​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើលឃើញ​ថា កម្ពុជា​ហាក់​ពុំ​មាន​នយោបាយ​ផ្សះផ្សា​ជាតិ​នៅឡើយ​ទេ ខណៈ​មេដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​រូប​នេះ​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​ខ្លួនឯង​ឥត​ឈប់ឈរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន អ្នក​នយោបាយ​កម្ពុជា​មាន​តែ​ការ​បែកបាក់​សាមគ្គី​គ្នា ព្រោះថា​មេដឹកនាំ​បក្ស​កាន់​អំណាច​តែងតែ​ប្លន់​អំណាច​ពី​ដៃគូ​នយោបាយ​របស់​ខ្លួន ដើម្បី​គ្រប់គ្រង​ផ្ដាច់មុខ​តែ​ម្នាក់​ឯង​ជានិច្ច ដូចជា​ការ​ប្លន់​អំណាច​ពី​លោក ចាន់ ស៊ី និង​លោក ប៉ែន សុវណ្ណ ដែល​ជា​នាយករដ្ឋមន្ត្រី​កាលពី​អំឡុង​ឆ្នាំ​១៩៨៥ និង​ការ​ប្លន់​អំណាច​ពី​គណបក្ស​រាជា​និយម​ដើម្បី​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ពី​នាយករដ្ឋមន្ត្រី​ទី​១ នៅ​ឆ្នាំ​១៩៩៧ ជាដើម។

ប្រភព​ដដែល​រិះគន់​ថា រាល់​ល្បិចកល​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រាប់​សិប​ឆ្នាំ​មកនេះ មិន​មាន​ចំណុច​ណា​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ​នោះ​ទេ គឺ​មាន​តែ​បង្ក​នូវ​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង​ឡើងៗ ដូចជា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អយុត្តិធម៌ និង​ការ​ចាប់​សកម្មជន​បក្ស​នេះ​ដាក់​គុក ជាដើម ដែល​ធ្វើ​ឲ្យ​ពន្លឺ​នៃ​ការ​បង្រួបបង្រួម​រវាង​ខ្មែរ និង​ខ្មែរ កាន់តែ​ឆ្ងាយ​ទៅៗ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោកសេរី​ជាច្រើន បាន​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផលប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន។

ប៉ុន្តែ​មកទល់​ពេលនេះ ពន្លឺ​នៃ​កិច្ចចរចា​នយោបាយ​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន អះអាង​ថា លោក​គ្មាន​អ្វី​ត្រូវ​ចរចា​ជាមួយ​អ្នក​នយោបាយ​ណា​ឡើយ ហើយ​លោក​ថែមទាំង​ហាម​បរទេស​ចូល​ជួយ​សម្របសម្រួល​រឿង​នេះ​ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស