តំណាងសហគមន៍ឃ្លាំមើលព្រៃឈើនៅកម្ពុជា បានអះអាងថា ការកែប្រែយុទ្ធសាស្ត្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ក្នុងការជួយទៅដល់សហគមន៍មូលដ្ឋានដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសការពារព្រៃឡង់ គឺជាយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព បើគ្មានការជ្រៀតជ្រែកណាមួយពីរដ្ឋាភិបាលកម្ពុជាទេនោះ។
តំណាងសហគមន៍ព្រៃឡង់ លោក ហឿន សុភាព ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា ការជំរុញឱ្យសហគមន៍មូលដ្ឋានល្បាតព្រៃឈើក្នុងតំបន់ព្រៃឡង់បៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិនេះ នឹងទទួលបានប្រសិទ្ធភាពជាងពេលដែលសហការជាមួយរដ្ឋាភិបាល ព្រោះថារាល់កិច្ចការទាក់ទងនឹងការការពារព្រៃឈើនេះ នឹងមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពជាងមុន។
លោកអះអាងថា ប្រភពដែលជាមុខសញ្ញាក្នុងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នោះ មិនមែនជាពលរដ្ឋក្នុងសហគមន៍នោះទេ គឺជាមន្ត្រីរាជការខិលខូចមួយចំនួនដែលសហការគ្នាជាមួយឈ្មួញទុច្ចរិត ដូច្នេះហើយបានជានៅពេលដែលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ សហការជាមួយរដ្ឋាភិបាលកម្ពុជាកន្លងមកនៅតែមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងនោះបាន។

សកម្មជនព្រៃឈើរូបនេះបញ្ជាក់ថា ការអនុវត្តការងាររបស់សហគមន៍ក្នុងការការពារព្រៃឈើអាចនឹងជួបឧបសគ្គ ប្រសិនបើមានការរំខានពីសំណាក់អាជ្ញាធរ ប៉ុន្តែទោះជាបែបនេះក្តី ក៏នៅតែអាចមានប្រសិទ្ធភាពជាងកាលពីពេលដែល USAID សហការជាមួយនឹងរដ្ឋាភិបាល ពីព្រោះសំឡេងពលរដ្ឋនៅសហគមន៍នៅមូលដ្ឋាន គឺជាសំឡេងពិតប្រាកដដោយគ្មានការភូតកុហកម្ចាស់ជំនួយនោះឡើយ។
សហគមន៍ព្រៃឡង់បៃតង បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ថា រយៈពេល ២ឆ្នាំខាងមុខ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID នឹងកែប្រែយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការជួយទៅដល់សហគមន៍មូលដ្ឋាន ដោយការផ្លាស់ប្ដូរពីការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងការល្បាតព្រៃឡង់ ទៅជាកញ្ចប់ជំនួយខ្នាតតូចជំនួសវិញ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសក្នុងការការពារព្រៃឡង់ដល់សហគមន៍ទាំងនោះ។
ប្រភពដដែលអះអាងថា ជំនួយនេះនឹងជួយសហគមន៍មូលដ្ឋានឱ្យមានមូលនិធិដើម្បីធ្វើសកម្មភាពក្នុងការអភិរក្សតំបន់ការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍ផងដែរ។
ជាងនេះទៀត គម្រោងនោះនឹងជួយឱ្យសហគមន៍មូលដ្ឋានកាន់តែមានសមត្ថភាពគ្រប់គ្រងសកម្មភាពផែន និងការអភិរក្សព្រៃឈើនៅមូលដ្ឋានរបស់ខ្លួនថែមទៀត។ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បានដំណើរការរៀបចំសហគមន៍មូលដ្ឋានចំនួន៥៦ នៅក្នុងតំបន់ព្រៃឡង់ ដើម្បីរៀបចំផ្តល់ជំនួយខ្នាតតូចដល់សហគមន៍មូលដ្ឋានក្នុងការការពារព្រៃឡង់ទាំងនោះ ក្នុងនោះរួមមាន សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ និងសហគមន៍អេកូទេសចរណ៍ ផងដែរ។
គម្រោង USAID ព្រៃឡង់បៃតងនេះ មានរយៈពេលពី ១៤ ទៅ ១៦ខែ ដើម្បីគាំទ្រសកម្មភាពនានា ដូចជា៖
- ការលើកកម្ពស់ការការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍មូលដ្ឋាន
- ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍
- និងការពង្រឹងសមត្ថភាពក្នុងការល្បាតព្រៃឡង់របស់សហគមន៍មូលដ្ឋាន ជាដើម។
គម្រោងនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាត់ផ្តាច់ជំនួយអភិរក្សព្រៃឡង់ដែលធ្លាប់ផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជា ប្រមាណជាង ១០០លានដុល្លារអាមេរិកកាលពីពេលកន្លងទៅ ក្រោមហេតុផលថា អាជ្ញាធរកម្ពុជាមិនបានអនុវត្តច្បាប់ដើម្បីបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់នោះទេ ផ្ទុយទៅវិញ បទល្មើសព្រៃឈើបានកើតមានកាន់តែច្រើនឡើងៗ។

ចំណែកប្រធានអង្គការការពារធនធានធម្មជាតិ លោក ឆឺយ ឧត្តមរស្មី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែកញ្ញា ថា ការផ្តល់ជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ទៅឱ្យក្រសួងបរិស្ថានកន្លងមក គឺមិនបានលទ្ធផលជាផ្លែផ្កាអ្វីទាំងអស់ ព្រោះក្រសួងមិនដែលអនុវត្តទៅតាមគោលការណ៍របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកម្តងណាឡើយ។
លោកអះអាងថា ទោះបីទីភ្នាក់ងារនេះផ្តល់ថវិកាទៅឱ្យក្រសួងបរិស្ថានរាប់កោដិដុល្លារអាមេរិកក៏ដោយ ក៏នៅតែមិនអាចការពារព្រៃឡង់បានដែរ ត្បិតក្រសួងនៅតែបន្តប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញខិលខូចឱ្យចូលកាប់បំផ្លាញព្រៃឈើដដែល ប៉ុន្តែប្រសិនបើទីភ្នាក់ងារសហរដ្ឋអាមេរិកនេះផ្តល់ថវិកានេះត្រឹមតែ ១០% នៃការផ្តល់ឱ្យក្រសួងបរិស្ថានកន្លងទៅសម្រាប់សហគមន៍វិញ នោះនឹងមានប្រសិទ្ធភាពក្នុងការការពារព្រៃឡង់ឆ្ងាយណាស់។
លោក ឆឺយ ឧត្តមរស្មី បញ្ជាក់ថា សហគមន៍មូលដ្ឋានមិនមានជំនឿលើមន្ត្រីជំនាញអភិរក្សព្រៃឡង់នោះទេ ព្រោះថាក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID កន្លងមក ក្រសួងបរិស្ថាននៅតែមិនអាចបំបាត់ក្រុមហ៊ុនរកស៊ីឈើខុសច្បាប់ជាច្រើនចេញពីតំបន់នោះបានឡើយ ដូចជាក្រុមហ៊ុន PNT ក្រុមហ៊ុន Thing Biotech និងក្រុមហ៊ុន សំអឿន សុវណ្ណ ជាដើម ខណៈមន្ត្រីជំនាញទាំងនោះមិនអនុញ្ញាតឱ្យសហគមន៍មូលដ្ឋានដើរល្បាតព្រៃឡង់ថែមទៀត។
កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិក អះអាងថា ខ្លួននឹងបង្វែរជំនួយក្នុងការអភិរក្សព្រៃឡង់តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ទៅឱ្យអង្គការក្រៅរដ្ឋាភិបាល ឬសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងពង្រីកកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថានជំនួសវិញ។
គម្រោងព្រៃឡង់បៃតង គឺជាគម្រោងអភិរក្សបរិស្ថាន និងជីវចម្រុះនៅតំបន់ព្រៃឡង់ ដែលមានផ្ទៃដីជាង ៤សែនហិកតារ លាតសន្ធឹងលើខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង៕