រដ្ឋការលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានចេញបទបញ្ជានីតិប្រតិបត្តិទៅកាន់បណ្ដាស្ថានទូតសហរដ្ឋអាមេរិកទាំងអស់នៅក្រៅប្រទេស ដោយជូនដំណឹងពីការដកបុគ្គលិកនៅក្រៅប្រទេសនៃភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ចេញពីការងារ និងចេញពីការិយាល័យនៅជុំវិញពិភពលោក។
នេះបើតាមការចុះផ្សាយនៃសេចក្ដីរាយការណ៍ព័ត៌មានពីទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃពុធ ទី៥ កុម្ភៈ នេះ។
រដ្ឋការលោក ត្រាំ បានជូនដំណឹងដល់បុគ្គលិកនៃទីភ្នាក់ងារ USAID តាមសារអ៊ីមែល និងការជូនដំណឹងនៅលើគេហទំព័រព័ត៌មានរបស់ USAID។
នេះជាការបន្ទាន់មួយនៃការអនុវត្តបទបញ្ជានីតិប្រតិបត្តិរបស់រដ្ឋការលោក ត្រាំ នូវការបិទភ្នាក់ងារជំនួយបរទេស USAID ក្នុងអាណត្តិទីពីររបស់លោក ត្រាំ ដែលលោកបានត្រឡប់មកកាន់សេតវិមានវិញ ក្រោយពីខកខានរយៈពេល ៤ឆ្នាំ បន្ទាប់ពីលោក ត្រាំ ចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
បទបញ្ជានេះនឹងចូលជាធរមានពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រចូលថ្ងៃសៅរ៍ក្នុងសប្ដាហ៍នេះ។ តាមសេចក្ដីជូនដំណឹង បុគ្គលិកមិនចាំបាច់ទាំងអស់នៅក្រៅប្រទេសមានពេល ៣០ថ្ងៃ ដើម្បីត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។
វិធានការរបស់រដ្ឋការលោក ត្រាំ ត្រូវគេសង្ស័យជាច្រើនថ្ងៃមកហើយ ដោយចាត់ទុកថាជាវិធានការក្ដៅបំផុតក្នុងចំណោមវិធានការនានាដែលត្រូវបានស្នើឡើងឱ្យបញ្ចូលភ្នាក់ងារ USAID ទៅក្នុងស្ថាប័នក្រសួងការបរទេសសហរដ្ឋអាមេរិកវិញ។
ជម្រើសដែលត្រូវបានស្នើឡើងផ្សេងទៀតរួមមាន ការបិទការិយាល័យតូចៗរបស់ USAID និងការបិទផ្នែកខ្លះនៃការិយាល័យធំៗនៅបណ្ដាប្រទេសមួយចំនួន។
នៅមុនការជូនដំណឹងនេះ មានបុគ្គលិក USAID រាប់ពាន់នាក់បានបាត់បង់ការងាររបស់ពួកគេរួចទៅហើយ ក្រោយពីលោកប្រធានាធិបតី ត្រាំ បានដាក់វិធានការទូលំទូលាយ និងរឹងមាំបង្កកជំនួយក្រៅប្រទេសទាំងអស់ពីសហរដ្ឋអាមេរិកក្នុងរយៈពេល ៩០ថ្ងៃ។
ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID មានការិយាល័យរបស់ខ្លួននៅបរទេសមានជិត ១២០ប្រទេស។
វិធានការនេះគឺជាការបញ្ចប់ស្ទើរតែទាំងស្រុងនូវបេសកកម្ម ៦៤ឆ្នាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកតាមរយៈការប្រយុទ្ធនឹងភាពអត់ឃ្លាន ការផ្តល់មូលនិធិដល់ការអប់រំ និងកម្មវិធីជំនួយទាក់ទងនឹងសុខភាពសាធារណៈ។
ក្រុមប្រសិទ្ធភាពការងារក្រោមរដ្ឋការលោក ត្រាំ ដែលដឹកនាំដោយមហាសេដ្ឋី Elon Musk បានហៅការចំណាយលើកម្មវិធីនានានៅក្រៅប្រទេសនៅក្រោមកម្មវិធីរបស់ភ្នាក់ងារ USAID ថាជាការខ្ជះខ្ជាយថវិការដ្ឋសហព័ន្ធយ៉ាងសម្បើម។
ក្រុមសមាជិកសភានៃគណបក្សប្រជាធិបតេយ្យជាបក្សជំទាស់ បានហៅវិធានការនេះថាជាការវាយសំពងកេរ្តិ៍ដំណែលរបស់សហរដ្ឋអាមេរិកជាប្រវត្តិសាស្ត្រនៅក្រៅប្រទេស។
តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន MSN នៅក្នុងឆ្នាំ២០២៣ ទីភ្នាក់ងារ USAID បានប្រើប្រាស់កញ្ចប់ជំនួយរបស់ខ្លួនដល់ ៧២ពាន់លានដុល្លារ។ អំឡុងពិភពលោកផ្ទុះជំងឺឆ្លងផ្លូវដង្ហើម Covid-19 ភ្នាក់ងារ USAID ប្រៀបបាននឹងភ្នាក់ងារបេសកកម្មមនុស្សធម៌ដ៏ធំជាងគេ ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់លាននាក់។
ការសម្រេចព្យួរជំនួយបរទេសទាំងអស់ ជាពិសេសជំនួយក្នុងកម្មវិធីរបស់ភ្នាក់ងារអភិវឌ្ឍន៍ USAID បានកំពុងធ្វើឱ្យប្រទេសក្រីក្រពាសពេញពិភពលោករងផលប៉ះពាល់ខ្លាំង។ ប្រទេសក្រីក្រភាគច្រើនមានបញ្ហាលើវិស័យសុខភាពសាធារណៈ និងជំនួយសម្រាប់សហគមន៍ បានកំពុងទទូចឱ្យលោក ដូណាល់ ត្រាំ បន្តរក្សាការផ្ដល់ជំនួយឡើងវិញ។
សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ជំនួយបរទេសដំបូងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៦១ ដែលជាការរៀបចំកម្មវិធីជំនួយបរទេសរបស់សហរដ្ឋអាមេរិកសម្រាប់ភ្នាក់ងារ USAID។ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិនេះ ត្រូវបានបង្កើតឡើងដើម្បីបង្រួបបង្រួមអង្គការ និងកម្មវិធីជំនួយបរទេសឱ្យស្ថិតនៅក្រោមភ្នាក់ងារ USAID នេះតែមួយ។
ភ្នាក់ងារជំនួយ USAID បានក្លាយជាអង្គការជំនួយបរទេសដំបូងគេរបស់សហរដ្ឋអាមេរិក ដែលផ្ដោតសំខាន់ គឺការអភិវឌ្ឍសង្គមរយៈពេលវែងដល់ប្រទេសក្រីក្រនៅទូទាំងពិភពលោក។
កម្មវិធីរបស់ភ្នាក់ងារ USAID ស្ថិតនៅក្រោមគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ភ្នាក់ងារនេះប្រតិបត្តិតាមការណែនាំ និងគោលនយោបាយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បច្ចុប្បន្នមានបេសកកម្មនៅក្នុងប្រទេសជិត ១២០ នៅទូទាំងពិភពលោក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

