មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គោលការណ៍របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលមិនយកខ្មែរណាជាសត្រូវ គឺក្នុងបំណងដើម្បីបញ្ចប់នូវវប្បធម៌នយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលត្រូវផ្តល់តម្លៃថាជាគុណធម៌កំពូលរបស់លោក។
លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ថា ផ្លូវទៅរកការផ្សះផ្សា ការបង្រួបបង្រួមជាតិ និងការឯកភាពជាតិខ្មែរ គឺមានតែមាគ៌ាអនុវត្តតាមបែបអហិង្សា និងដោយសន្តិវិធីតែប៉ុណ្ណោះ ដោយឈរលើសេចក្តីស្រឡាញ់ជាតិមាតុភូមិពិតប្រាកដ ភាពស្មោះត្រង់នឹងសង្គមជាតិដោយឥតងាករេ និងការជឿជាក់លើការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ។
លោកបន្តថា ការលះបង់របស់លោក កឹម សុខា ចំពោះបុព្វហេតុជាតិ និងពលរដ្ឋក្នុងការតស៊ូដើម្បីសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌ក្នុងសង្គមរហូតត្រូវរងការចាប់ខ្លួនដាក់គុកទាំងអយុត្តិធម៌ ទាំងលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះ គឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់លោក កឹម សុខា។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ភាពជោគជ័យរបស់លោក កឹម សុខា មិនមែនបានមកដោយចៃដន្យនោះទេ គឺលោកបានតស៊ូ និងមានឆន្ទៈរឹងមាំ ហើយរង់ចាំឱកាសដើម្បីឆ្ពោះទៅរកជ័យជម្នះដែលអាចឱ្យខ្មែរឈ្នះទាំងអស់គ្នា ដោយគ្មានការបង្ហូរឈាម និងគ្មានការរើសអើងនិន្នាការនយោបាយនោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់អះអាងកាលពីចុងខែមីនា ឆ្នាំ២០២១ ថា បណ្តាប្រទេសលោកសេរីនៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវគោលជំហររបស់លោកដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងការស្វែងរកដំណោះស្រាយលើបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ពលរដ្ឋខ្មែរផងដែរ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស។ រហូតមកទល់ពេលនេះមានរយៈពេល ៤ឆ្នាំហើយដែលប្រធានបក្សប្រឆាំងរូបនេះនៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការកម្ពុជាប្រកាសផ្អាកសវនាការរបស់លោកជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។
អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃនេះដែរថា ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ គឺជារយៈពេលនៃខួប ៤ឆ្នាំនៃការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្តាលអាធ្រាត្រដោយអយុត្តិធម៌ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការកម្ពុជាមិនទាន់វិនិច្ឆ័យរកយុត្តិធម៌ជូនលោកនៅឡើយទេ។
លោកបន្តថា ការពន្យារពេលសវនាការក្តីជាបន្តបន្ទាប់មកនេះ គឺជាចេតនាបំបិទសិទ្ធិសេរីភាព និងជាការរារាំងការធ្វើនយោបាយរបស់លោកនៅកម្ពុជាតែប៉ុណ្ណោះ។
លោក កង គឹមហាក់ អំពាវនាវឲ្យតុលាការផ្តល់យុត្តិធម៌ និងផ្តល់សេរីភាពពេញលេញជូនមេដឹកនាំបក្សប្រឆាំងរូបនេះឡើងវិញ ដើម្បីធានានូវការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ចសង្គម និងសិទ្ធិនយោបាយ។
ក្នុងខួប ៤ឆ្នាំនៃការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នេះដែរ ក្រុមអ្នកតស៊ូមតិនៅក្រៅប្រទេសអះអាងថា មេដឹកនាំគណបក្សសង្គ្រោះជាតិត្រូវប្តូរយុទ្ធសាស្ត្រក្នុងការតស៊ូមតិរបស់ខ្លួន ដោយដឹកនាំកម្លាំងមេឃុំ ៥០០៧នាក់ កំពុងស្របច្បាប់ចេញមុខតវ៉ាតាមដងផ្លូវដោយអហិង្សា ហើយត្រៀមខ្លួនឱ្យរដ្ឋអំណាចផ្ដាច់ការចាប់ខ្លួន។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល អះអាងថា លោកជឿជាក់លើភាពក្លាហានរបស់លោក សម រង្ស៊ី ក្នុងការដឹកនាំមេឃុំ ៥០០៧នាក់ចេញមុខតវ៉ាតាមដងផ្លូវដោយអហិង្សា និងត្រៀមខ្លួនឱ្យរដ្ឋអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន ចាប់ខ្លួន ដើម្បីសេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
លោក ទូច វិបុល អំពាវនាវឲ្យក្រុមបក្សប្រឆាំង៖
- ទី១ ឈប់នាំគ្នាសំពះអង្វរជនផ្ដាច់ការដើម្បីបានការចរចាសម្របសម្រួលនយោបាយ លើកលែងទោស ឬដោះលែងតទៅទៀតទៅ។
- ទី២ ឈប់នាំគ្នាធ្វើខ្លួនជាជនរងគ្រោះពីរបបផ្ដាច់ការ។
- ទី៣ ត្រូវនាំគ្នាធ្វើខ្លួនជាអ្នកតស៊ូមតិដោយអហិង្សា សកម្មតតាំងជាមួយជនផ្ដាច់ការ។
- ទី៤ ត្រូវនាំគ្នាទាមទាររបបផ្ដាច់ការឲ្យលុបចោលក្រមព្រហ្មទណ្ឌស្ដីពីការញុះញង់ មាត្រា៤៩៤ និង ៤៩៥ និងកែប្រែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយក៏ត្រូវលុបចោលច្បាប់នានាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែរ៕