40.3 C
Phnom Penh

ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម ត្រូវ​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ដោយ​គ្មាន​មូលហេតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ជា​ព្រះ​ចៅអធិការ​វត្ត​វង្សគតបុរីសេរីភ្នំពេញ ហៅ​វត្ត​ភ្នំពេញថ្មី ខេត្ត​កំពង់ចាម ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​សង្ឃ​ចាប់​ឃាត់​ព្រះកាយ រួច​ផ្សឹក​នៅ​សាលា​អនុគណស្រុក​ចំការលើ កាលពី​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា កន្លងទៅ​នេះ ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់។

សារព័ត៌មាន​ព្រៃនគរ (The Prey Nokor News) បាន​ចុះផ្សាយ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ព្រះតេជព្រះគុណ​ព្រះនាម ប៉ាង សុដា ត្រូវ​សមត្ថកិច្ច​ចាប់​ព្រះកាយ បន្ទាប់ពី​សមត្ថកិច្ច​បាន​ចូល​ទៅ​រុះរើ និង​ឆែកឆេរ​កុដិ​របស់​ព្រះអង្គ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារៈ​ជា​ភស្តុតាង​អ្វី​ខ្លះ​ដែល​ព្រះ​ភិក្ខុ​អង្គ​នេះ​ប្រព្រឹត្ត​កំហុស​ផ្ទុយ​ទៅ​នឹង​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ដើម្បី​ដាក់​បន្ទុក​រហូត​ឈាន​ដល់​ការ​ចាប់​ផ្សឹក​នោះ​នៅឡើយ​ទេ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម នៅ​ថ្ងៃ​ទី​៣ កញ្ញា បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ព្រះកាយ​ព្រះតេជព្រះគុណ ប៉ាង សុដា គឺ​នគរបាល​ស្រុក ខេត្ត និង​ព្រះ​អនុគណស្រុក ព្រះមេគណ​ខេត្ត​កំពង់ចាម បាន​មក​ឡោមព័ទ្ធ និង​នាំ​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ក្នុង​ស្ថានភាព​យ៉ាង​តក់ក្រហល់ និង​មិន​មាន​ដីកា​តាម​នីតិវិធី​ច្បាប់​ឡើយ។ សមត្ថកិច្ច​ថ្នាក់​ឃុំ ស្រុក ខេត្ត និង​មន្ត្រី​សង្ឃ​ខេត្ត​ជាច្រើន​រូប​បាន​និមន្ត និង​ចុះ​មក​ដល់​ទីតាំង​វត្ត​ចាប់​ខ្លួន​ទាំង​ព្រះអង្គ​មិន​បាន​ដឹងខ្លួន​ជា​មុន និង​មិន​បាន​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ត្រឹមត្រូវ​សូម្បីតែ​ស្បែកជើង​ក៏​គ្មាន​ផង។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែក​ព្រះសង្ឃ​ក្នុង​វត្ត គណៈកម្មការ​វត្ត ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ទូរស័ព្ទ​ទាំងអស់​ដើម្បី​លុប​រូបថត ឬ VIDEO ដែល​ថត​អំពី​ទិដ្ឋភាព​នៃ​ការ​ចាប់​ខ្លួន​នេះ​ផង​ដែរ។ បន្ទាប់ពី​ការ​នាំ​ខ្លួន​នេះ កុដិ​របស់​ព្រះអង្គ​ត្រូវ​បាន​សមត្ថកិច្ច​ចូល​រុះរើ ឆែកឆេរ និង​បម្រាម​មិន​ឲ្យ​មាន​ជន​ណាមួយ​ចូល​ជិត​ឡើយ។ បន្ថែម​ពី​នោះ សមត្ថកិច្ច​ក៏​ត្រូវ​បាន​ពង្រាយ​កម្លាំង​ជុំវិញ​បរិវេណ​វត្ត​យ៉ាង​តឹងរ៉ឹង។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ទាំង​ក្រុម​គ្រួសារ និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​ជា​ផ្លូវការ​ណាមួយ​ថា ព្រះតេជព្រះគុណ​ត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ទីណា​នោះ​នៅឡើយ​ទេ។

ទោះ​យ៉ាងណា លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម បាន​អំពាវនាវ​ដល់​គណៈមន្ត្រី​សង្ឃ និង​សមត្ថកិច្ច ផ្តល់​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ចាប់​ខ្លួន​នេះ និង​សូម​បង្ហាញ​ទីកន្លែង​ឲ្យ​បាន​ច្បាស់លាស់​អំពី​ទីកន្លែង​ដែល​ព្រះតេជព្រះគុណ ប៉ាង សុដា កំពុង​ស្ថិតនៅ​ដោយ​ក្ដី​អនុគ្រោះ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល ឬ​ព្រះមេគុណ​ខេត្ត​កំពង់ចាម ដើម្បី​សុំ​ការ​ពន្យល់​ចំពោះ​ករណី​ចាប់​ខ្លួន​ព្រះតេជព្រះគុណ ប៉ាង សុដា បាន​នៅឡើយ​ទេ។

បើ​តាម​គេហទំព័រ​សារព័ត៌មាន​ឈ្មោះ «ខ្មែរ​ណាស់» បាន​ចុះផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​៣ កញ្ញា ដោយ​ដកស្រង់​សម្ដី​លោក សេង សុមុនី មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា អះអាង​ថា ព្រះតេជព្រះគុណ ប៉ាង សុដា ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ម្សិលមិញ (ថ្ងៃ​ទី​២ កញ្ញា) ហើយ​ត្រូវ​បាន​គណៈសង្ឃ​វិន័យ​ចាប់​ផ្សឹក​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច ដើម្បី​បញ្ជូន​ទៅ​តុលាការ។ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ព្រះ​ចៅអធិការ​នេះ​ទេ ដោយ​គ្រាន់តែ​អះអាង​ថា តុលាការ​កំពុង​អនុវត្ត​តាម​នីតិវិធី។

ប្រភព​ពី​សារព័ត៌មាន «ខ្មែរ​ណាស់» ដដែល​បាន​ដកស្រង់​សម្ដី​លោក លី ប៊ុនឡុង អធិការរង​នគរបាល​ស្រុក​ចំការលើ ឲ្យ​ដឹង​ថា ដីកា​ចាប់​ខ្លួន​ព្រះតេជព្រះគុណ ប៉ាង សុដា គឺ​បាន​ចេញពី​ក្រសួង​មហាផ្ទៃ ហើយ​អាជ្ញាធរ​ខេត្ត​មិន​បាន​ដឹង​រឿង​នេះ​ឡើយ។ លោក​ថ្លែង​ថា ខាង​អធិការ​ស្រុក​ចំការលើ ក៏​មិន​បាន​ដឹង​អំពី​ករណី​ចាប់​ព្រះកាយ​ព្រះតេជព្រះគុណ ប៉ាង សុដា អង្គ​នេះ​ដែរ ដោយសារ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ជា​អ្នក​ចាប់​ផ្ទាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស