32 C
Phnom Penh

ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​គឺ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ត្អូញត្អែរ​ថា​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ពេលនេះ គឺជា​ការ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព​របស់​កម្ពុជា​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋការ​ក្រុង​ហាណូយ កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ជាទីបំផុត​ដែល​ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​មាន​រដ្ឋាភិបាល​មួយ​ដែល​គ្មាន​សមត្ថភាព​ការពារ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​ធ្ងន់ធ្ងរ​ដោយ​រដ្ឋាភិបាល​វៀតណាម ខណៈ​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា បែរ​ជា​ត្រូវ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​យកចិត្ត​ទុកដាក់​មើលថែ ផ្តល់​ការ​ស្នាក់នៅ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទៅវិញ។

លោក ម៉ែន ណាត លើកឡើង​ថា ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​បំភ្លេច​ទឹកដី​កម្ពុជា​ក្រោម​ដែល​បារាំង បាន​កាត់​ទៅ​ឱ្យ​វៀតណាម គ្រប់គ្រង​ដោយ​អយុត្តិធម៌​នោះ​ទេ គឺ​មាន​តែ​រដ្ឋាភិបាល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​តែ​ប៉ុណ្ណោះ ដែល​ហ៊ាន​បំភ្លេច​ទឹកដី​កម្ពុជា​ក្រោម​ក្នុង​បំណង​ប្រគល់​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង ដែល​មាន​ន័យ​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​កំពុង​ព្យាយាម​ប្រគល់​ទ្រព្យសម្បត្តិ​របស់​ខ្មែរ​ទៅ​ឱ្យ​បរទេស​ឈ្លានពាន ជាជាង​ការ​ទាមទារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​ដែល​បាន​បាត់បង់​ដោយ​អយុត្តិធម៌​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​ខ្មែរ​អាច​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​នាម​ជា​ជនជាតិ​ដើម ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ព្រោះ​ថា​ពិត​មែន​តែ​ទឹកដី​កម្ពុជា​ក្រោម​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម ប៉ុន្តែ​បើ​គិត​ពី​កត្តា​ផ្លូវច្បាប់ ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​គឺ​ធ្វើ​ឡើង​ដោយ​ប្រទេស​អាណានិគម​ប៉ុណ្ណោះ ដែល​មិនមែន​ជា​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មាន​សិទ្ធិ​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​ត្រឡប់​មក​វិញ និង​មាន​សិទ្ធិ​ឈឺឆ្អាល​លើ​ពលរដ្ឋ​ខ្មែរក្រោម ប្រសិនបើ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​រដ្ឋាភិបាល​របស់​ពលរដ្ឋ​ខ្មែរ​មែន​នោះ។

កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ អាជ្ញាធរ​វៀតណាម ក្នុង​ខេត្ត​លង់ហោ ដែល​វៀតណាម ហៅថា​ខេត្ត​វិញ ឡុង (Vinh Long) បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រជុំពលមង្គលបូរី ឬ​ហៅថា វត្ត​ទ្រនំសេក ចំនួន ៥​អង្គ ដូចជា​ព្រះចៅ​អធិការ​វត្ត​ទ្រនំសេក ព្រះ​ភិក្ខុ ថាច់ ចន្ទតារា និង​ព្រះ​ភិក្ខុ យឿង ខាយ ជាដើម និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​បី​នាក់​ផ្សេង​ទៀត ក្រោម​បទ​ចោទប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» តាម​មាត្រា​៣៣១ និង​ពី​បទ «ការ​ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​មាត្រា​១៥៧ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ការ​ចាប់​ខ្លួន​ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង​ពលរដ្ឋ​ខ្មែរក្រោម​ផ្សេង​ទៀត គឺជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម និង​ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជា​ក្រុម​ជនជាតិ​ដើម មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​សាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក។

ប្រភព​ដដែល​លើកឡើង​ថា ការ​បង្ក្រាប​ដោយ​ការ​ឃុំ​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម មិន​ត្រឹមតែ​រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ទុយ​នឹង​គោលការណ៍​នៃ​សេរីភាព​សាសនា រួម​ទាំង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ធានា​សិទ្ធិ​សេរីភាព​ខាង​សាសនា និង​ការ​បញ្ចេញមតិ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២៣ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍន៍ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​សហរដ្ឋ​អាមេរិក ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ ជាពិសេស​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា ក្នុង​នោះ​បើ​ពលរដ្ឋ​ខ្មែរក្រោម​ណា​ដែល​ចង់​បួស​ក្នុង​ព្រះពុទ្ធសាសនា ត្រូវតែ​មាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​វៀតណាម ជា​មុន​សិន​ដែរ។ ជាង​នេះ​ទៀត ត្រា​ប្រចាំ​វត្ត​អារាម​នីមួយៗ ត្រូវ​រដ្ឋាភិបាល​វៀតណាម ប្តូរ​ទៅ​ជា​អក្សរ​វៀតណាម ថែម​ទៀត។

លោក ប្រាក់ សេរីវុឌ្ឍន៍ បញ្ជាក់​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​វៀតណាម បាន​កំណត់​ស្ថិតិ​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជា​ជនជាតិ​ដើម​ត្រឹមតែ​ជាង ៨​សែន​នាក់​ប៉ុណ្ណោះ ខណៈ​ចំនួន​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរក្រោម​មាន​ប្រហែល​ជាង ៧​លាន​នាក់ ហើយ​ការ​កំណត់​របស់​រដ្ឋាភិបាល​វៀតណាម បែប​នេះ គឺ​ក្នុង​បំណង​បំបាត់​ពលរដ្ឋ​ខ្មែរក្រោម​ពី​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ថ្ងៃ​មុខ​យ៉ាង​ពិតប្រាកដ។

ទាក់ទិន​នឹង​បញ្ហា​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់​មាន​បន្ទូល​កាលពី​ពេល​កន្លង​ទៅ​ថា ចាប់តាំងពី​ឆ្នាំ​១៩៤៩ មក រដ្ឋាភិបាល​ដឹកនាំ​ដោយ​ព្រះ​បរម​រតន​កោដ្ឋ រហូត​ដល់​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ក្នុង​ទសវត្សរ៍​១៩៧០ និង​រដ្ឋាភិបាល ប៉ុល ពត ក្នុង​ទសវត្សរ៍​១៩៧០ ដដែល គឺ​មិន​ទទួលស្គាល់​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ឡើយ។

យ៉ាងណាក៏ដោយ អតីត​នាយករដ្ឋមន្ត្រី​ដែល​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ធ្លាប់​ព្រមាន​កាលពី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២២ ថា អ្នក​ដែល​ចង់​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ សូម​ទៅ​តវ៉ា​យក​ដោយ​ខ្លួនឯង​ចុះ ហើយ​លោក​នឹង​ធ្វើ​ក្តារមឈូស និង​កប់​ខ្មោច​ឱ្យ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស