36 C
Phnom Penh

ក្រសួង​ការបរទេស​អាមេរិក​ឱ្យ​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ឱ្យ​មាន​សេរីភាព​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​អាមេរិក ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១២​អង្គ ដែល​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ដោយ​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ទាមទារ​ឲ្យ​ភាគី​វៀតណាម ត្រូវ​គោរព​សិទ្ធិ​បុគ្គល​ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ជំនឿ​សាសនា។

ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ក្រសួង​ការបរទេស​អាមេរិក ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវ​គោរព​សិទ្ធិ​បុគ្គល​ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​សមាគម និង​ជំនឿ​សាសនា។

ប្រភព​ដដែល​អះអាង​ថា សហរដ្ឋ​អាមេរិក​បារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​កាត់ទោស និង​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ចំពោះ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​ពួកគេ​ដើម្បី​សិទ្ធិមនុស្ស សេរីភាព និង​ជំនឿ​សាសនា​ក្នុង​ប្រទេស​វៀតណាម។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​លើកឡើង​ថា ក្រសួង​ការបរទេស​អាមេរិក មើល​ឃើញ​ថា ចាប់ពី​ដើម​ឆ្នាំ​២០២៤ នេះ រដ្ឋាភិបាល​វៀតណាម បាន​សម្រេច​កាត់ទោស​ជនជាតិ​ដើម​ភាគតិច និង​អ្នក​តស៊ូ​មតិ​ដើម្បី​ជំនឿ​សាសនា​ដល់​ទៅ ៥​ករណី។ ៥​ករណី​នោះ​រួម​មាន​ករណី​លោក អ៊ី ក្រែក បយ៉ា ដែល​ត្រូវ​វៀតណាម កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៣​ឆ្នាំ និង​ករណី​បន្ត​ដាក់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ទៅ​លើ​លោក ណាយ អ៊ី ប្លាង លោក យ័ង មិញក្វាង លោក ថាច់ កឿង និង​លោក តោ ហ្វាង ចឿង ជាដើម។

កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ អាជ្ញាធរ​វៀតណាម ខេត្ត​លង់ហោ ដែល​វៀតណាម ហៅថា​ខេត្ត​វិញឡុង (Vinh Long) បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រជុំពលមង្គលបូរី ឬ​ហៅថា វត្ត​ទ្រនុំសេក ចំនួន ៥​អង្គ ដូចជា​ព្រះចៅ​អធិការ​វត្ត​ទ្រនុំសេក ព្រះភិក្ខុ ថាច់ ចន្ទតារា និង​ព្រះភិក្ខុ យឿង ខាយ ជាដើម និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​បី​នាក់​ផ្សេង​ទៀត​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» តាម​មាត្រា​៣៣១ និង​ពី​បទ «ការ​ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​មាត្រា​១៥៧ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម ផង​ដែរ។

ក្រៅពី​ការ​ចាប់​ឃុំ​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម អាជ្ញាធរ​វៀតណាម នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ បាន​ឈូស​កម្ទេច​សាលាឆទាន​នៅ​ខេត្ត​លង់ហោ ដែល​ផ្ដួចផ្ដើម​សាងសង់​ដោយ​ព្រះចៅ​អធិការ​វត្ត​ទ្រនុំសេក និង​សកម្មជន​ខ្មែរក្រោម​ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត។

ជុំវិញ​បញ្ហា​នេះ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ ថា ការ​ចាប់​ខ្លួន​ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង​ពលរដ្ឋ​ខ្មែរក្រោម​ផ្សេង​ទៀត គឺជា​ការ​រំលោភ​លើ​សិទ្ធិ​ជនជាតិ​ដើម និង​ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជា​ក្រុម​ជនជាតិ​ដើម​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​សាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក។

ប្រភព​ដដែល​លើកឡើង​ថា ការ​បង្ក្រាប​ដោយ​ការ​ឃុំ​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម មិន​ត្រឹមតែ​រំលោភ​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ទុយ​នឹង​គោលការណ៍​នៃ​សេរីភាព​សាសនា រួម​ទាំង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ធានា​សិទ្ធិ​សេរីភាព​ខាង​សាសនា និង​ការ​បញ្ចេញមតិ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស