មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្រតិកម្មថា ប្រសិនបើមន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងរដ្ឋមន្ត្រីថៃ ពិតជាសហការគ្នាទប់ស្កាត់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្នុងប្រទេសថៃ មែននោះ វាគឺជាទង្វើរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយជាងនេះទៀត វាក៏បង្ហាញនូវរូបភាពដ៏អាក្រក់ចំពោះការរំលោភសិទ្ធិពលរដ្ឋផងដែរក្នុងនាមជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានធ្វើឡើង និងអនុញ្ញាតយ៉ាងពេញលេញក្នុងសង្គមប្រជាធិបតេយ្យដែលពលរដ្ឋគ្រប់រូបមានសិទ្ធិរិះគន់ ឬជ្រើសរើសគណបក្សនយោបាយដែលពួកគេគាំទ្រ។ ដោយឡែកសង្គមផ្ដាច់ការមិនអនុញ្ញាតឱ្យអនុវត្តសិទ្ធិបែបនេះទេ ព្រោះជារដ្ឋអំណាចដែលដឹកនាំដោយបក្សតែមួយ។
កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់កម្ពុជាបានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ឱ្យជួយទប់ស្កាត់សកម្មភាពរបស់សកម្មជនបក្សប្រឆាំងដែលកំពុងរស់នៅប្រទេសថៃ ដោយអះអាងថា អ្នកទាំងនោះបានយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
លោក ស៊ឹង សែនករុណា អះអាងថា ការស្នើរដ្ឋមន្ត្រីថៃ ឱ្យចាត់វិធានការលើសកម្មភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការលើទឹកដីថៃ ពីសំណាក់មន្ត្រីជាន់ខ្ពស់កម្ពុជាបែបនេះ បង្ហាញឱ្យឃើញថា សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរមិនត្រឹមតែរងការយាយីនៅក្នុងប្រទេសកំណើតរបស់ខ្លួនប៉ុណ្ណោះទេ សូម្បីពួកគេទៅរស់នៅក្រៅប្រទេសហើយ ក៏ត្រូវរងការយាយីឥតឈប់ឈរដែរ។
ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សុខ សុក្រឹត្យា ត្រូវបានសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា Fresh News ដកស្រង់សម្ដីក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Somsak Tepsuthin ក្នុងវិមានរដ្ឋសភាថៃ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះថា លោកបានស្នើឱ្យរដ្ឋមន្ត្រីថៃ ចាត់វិធានការលើសកម្មជនបក្សប្រឆាំងដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សព្វថ្ងៃនេះ។
លោក សុខ សុក្រឹត្យា អះអាងថា លោកបានសុំឱ្យអាជ្ញាធរថៃ ជួយទប់ស្កាត់សកម្មភាពរបស់សកម្មជនបក្សប្រឆាំងដែលកំពុងរស់នៅប្រទេសថៃ ដែលតែងធ្វើសកម្មភាពរិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តាមបណ្ដាញសង្គម និងបណ្ដាញសារព័ត៌មានដែលមានប្រភពនៅក្នុងប្រទេសថៃ សព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Somsak Tepsuthin បានលើកឡើងថា រាជរដ្ឋាភិបាលថៃ និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ហើយថៃ គ្មាននយោបាយគាំទ្រ ឬផ្តល់ទឹកដីឱ្យជនណាធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លើទឹកដីរបស់ខ្លួនដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឡើយ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ប្រចាំឆ្នាំរបស់ឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីចុងឆ្នាំ២០២០ អះអាងថា បើកម្ពុជានៅតែជារដ្ឋដឹកនាំដោយឯកបក្សដូចសព្វថ្ងៃនេះ នោះលំហសេរីភាពសម្រាប់ពលរដ្ឋ និងប្រជាធិបតេយ្យនៅតែបន្តធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរដដែល។
ដូច្នេះ ដើម្បីកែប្រែស្ថានភាពនេះ ត្រូវតែមានការផ្លាស់ប្ដូរណាមួយជាបន្ទាន់ដើម្បីរកការផ្សះផ្សានយោបាយ និងការស្ដារសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិបានចែងយ៉ាងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ផ្សេងៗដែលបម្រើផលប្រយោជន៍ខ្លួនឯង ក្នុងនោះដូចជា ច្បាប់ក្រមព្រហ្មទណ្ឌស្ដីពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើសក្នុងមាត្រា៤៩៤ និង ៤៩៥ ជាដើម។
ប្រភពដដែលបញ្ជាក់ថា ការបង្កើតច្បាប់នេះឡើង គឺក្នុងចេតនាដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងស្រុង ខណៈសកម្មជននានាត្រូវបានចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់ដោយប្រើច្បាប់នេះពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយចំពោះសេរីភាពនៃគំនិត និងសេរីភាពនៃការបញ្ចេញមតិ បានចែងថា សេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះគ្រប់សង្គមប្រជាធិបតេយ្យ ហើយក៏ជាលក្ខខណ្ឌចាំបាច់មួយសម្រាប់ការធ្វើឱ្យសម្រេចនូវគោលការណ៍តម្លាភាព គណនេយ្យភាព ដែលមានសារៈសំខាន់បំផុតក្នុងការលើកស្ទួយ និងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ៕