34 C
Phnom Penh

នាវា​ចម្បាំង​របស់​អង់គ្លេស​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ធ្វើ​ឱ្យ​ចិន​ថ្កោលទោស​យ៉ាង​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​រយៈពេល​ចុងក្រោយ​នេះ មហាអំណាច​លោក​ខាងលិច​កាន់តែ​ប្រមាថ​មើលងាយ​ចិន ដោយ​មិន​ស្ដាប់​ការ​ព្រមាន​របស់​ចិន ទោះ​ជា​ចិន​ចេញ​ច្បាប់​សន្តិសុខ​សមុទ្រ បើក​សិទ្ធិ​ឱ្យ​នាវា​ចិន​តាម​ចាប់ រាំង​ខ្ទប់​មិន​ឱ្យ​នាវា​បរទេស​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង ក៏​នាវា​ទាំងនោះ​នៅតែ​បើក​ឆ្លងកាត់ និង​ធ្វើ​សមយុទ្ធ​ផ្គើន​ដាក់​ចិន។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា នាវា​ចម្បាំង​ដ៏​ធំ​របស់​អង់គ្លេស HMS Richmond បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​មិន​ខ្ចី​ស្ដាប់​ការ​ព្រមាន​របស់​ចិន។

ចិន​បាន​ហៅ​ទង្វើ​របស់​អង់គ្លេស​ថា​ជា​ចេតនា​បិសាច។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់ Taiwan News នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ កងទ័ព​នាវា​អង់គ្លេស​បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ Twitter ថា នាវា HMS Richmond មុន​មកដល់​ច្រក​សមុទ្រ​តៃវ៉ាន់ នាវា​នេះ​បាន​បើក​ឆ្លងកាត់​សមុទ្រ​ចិន​ខាងកើត។

កង​នាវា​ជើងទឹក​របស់​អង់គ្លេស ឲ្យ​ដឹង​ទៀត​ថា នាវា​ចម្បាំង​របស់​ចក្រភព​អង់គ្លេស​មួយ​គ្រឿង​នេះ​បាន​បើក​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​នាវាចរ​មួយ​សម្រេច​ប្រឈម​ទៅ​នឹង​ការ​គំរាម និង​ថ្កោលទោស​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

សារ​បង្ហោះ​តាម​បណ្ដាញ​សង្គម Twitter របស់​នាវា HMS Richmond ដែល​ជា​កង​នាវា​ត្រូវ​បាន​ដាក់​ពង្រាយ​ជាមួយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​របស់​ចក្រភព​អង់គ្លេស ឲ្យ​ដឹង​ថា បន្ទាប់ពី​ប្រតិបត្តិការ​ជាមួយ​ដៃគូ និង​សម្ពន្ធមិត្ត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​រួច​មក ឥឡូវ​នាវា​នេះ​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​ទៅ​បំពេញ​បេសកកម្ម​មួយ​នៅ​ប្រទេស​វៀតណាម និង​ធ្វើ​ការងារ​ជាមួយ​កង​នាវា​ជើងទឹក​របស់​ប្រជាជន​វៀតណាម។

រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ លោក Chiu Kuo-cheng បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា វត្តមាន​នាវា​ចម្បាំង​របស់​ប្រទេស​អង់គ្លេស បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ត្រូវ​បាន​កង​នាវា​តៃវ៉ាន់​តាម​ឃ្លាំមើល​ផង​ដែរ។ លោក​ចាត់ទុក​ថា​ជា​រឿង​ធម្មតា​ដែល​លោក​ថា​នាវា​ប្រទេស​ណា​ក៏​អាច​ឆ្លងកាត់​ច្រក​សមុទ្រ​មួយ​នេះ​ដែរ។

កាលពី​ឆ្នាំ​២០១៩ កង​នាវា HMS Enterprise របស់​អង់គ្លេស បាន​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ម្ដង​រួច​មក​ហើយ។ ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស មិន​បាន​ឆ្លើយតប​នឹង​ការ​ព្រមាន​របស់​ចិន​ម្ដង​ណា​ឡើយ។

ទាំង​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក អង់គ្លេស សុទ្ធតែ​បាន​ប្ដេជ្ញា​អនុវត្ត​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

ប្រតិបត្តិការ​របស់​នាវា​អាមេរិក និង​អង់គ្លេស បាន​បណ្តាល​ឱ្យ​មាន​ការ​ឆ្លើយតប​ដោយ​ការ​ខឹងសម្បា​ជា​ខ្លាំង​ពី​រដ្ឋាភិបាល​ចិន។

ចិន បាន​ទាមទារ​កោះ​តៃវ៉ាន់ និង​ផ្លូវទឹក​ជុំវិញ​នោះ រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង​ជាង ៩០% ថា​ជា​ដែន​ទឹក​របស់​ចិន។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ភាគច្រើន​ផ្សេង​ទៀត​ចាត់ទុក​តំបន់​ទាំងនោះ​ថា​ជា​ផ្លូវទឹក​អន្តរជាតិ​ដែល​ត្រូវតែ​បើក​ចំហ​សម្រាប់​នាវា​ទាំងអស់​ធ្វើ​ដំណើរ។ ប្រទេស​ចិន ប្រតិកម្ម​ដោយ​បាន​ហៅ​នាវាចរ​ប្រទេស​អង់គ្លេស និង​អាមេរិក ថា​ជា​ចេតនា​បិសាច។

អ្នកស្រី Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ចិន​សង្ឃឹម​ថា​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​អាច​ធ្វើ​ការ​ស្ថាបនា ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំងនោះ ហើយ​នឹង​លើកស្ទួយ​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ដោយ​មិន​ត្រូវ​ធ្វើ​ការ​ប្រមាថ​នោះ​ទេ។ សម្រាប់​សហរដ្ឋ​អាមេរិក​ដែល​ជា​មហាអំណាច​ពិភពលោក តែងតែ​បើក​នាវា​ចម្បាំង​របស់​ខ្លួន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់។

កង​នាវា​ទី​៧ នៃ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា នាវា USS Curtis Wilbur ដែល​បំពាក់​កាំជ្រួច​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ពេល​ថ្មីៗ​នេះ គឺ​មុន​នាវា​ចម្បាំង​របស់​អង់គ្លេស។ កង​នាវា​ទី​៧​របស់​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បាន​បញ្ជាក់​ថា ដំណើរ​នាវាចរ​នេះ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ គឺ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​សេរី និង​បើកចំហ ហើយ​ថា​ការ​បើក​នាវា និង​ប្រតិបត្តិការ​នៅ​លើ​ផ្លូវទឹក​អន្តរជាតិ​ស្របតាម​ច្បាប់​អន្តរជាតិ។

តាម​ការ​កត់សម្គាល់ កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ​បែប​នេះ​ប្រហែល​មួយ​ខែ​ម្តងៗ ដែល​នាំ​ឱ្យ​ប្រទេស​ចិន​ថ្កោលទោស ហើយ​ថ្លែង​ប្រឆាំង​ប្រតិបត្តិការ​នេះ។

ទាំង​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នាវាចរ​បែប​នេះ គឺជា​សកម្មភាព​មួយ​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​ប្រាប់​សញ្ញា​ថា ច្រក​សមុទ្រ​តៃវ៉ាន់ មិន​អាច​ក្លាយ​ជា​ដែនទឹក​របស់​ចិន​ដាច់ខាត ហើយ​ក៏​ជា​ការ​ប្រាប់​សារ​ទៅ​ក្រុង​ប៉េកាំង ថា សម្ពន្ធមិត្ត​ពីរ​នេះ​ប្រឆាំង​ចិន​ដែល​មាន​ផែនការ​លើក​ទ័ព​ដណ្ដើម​កោះ​តៃវ៉ាន់ និង​បិទ​ច្រក​សមុទ្រ​តៃវ៉ាន់។

ប្រទេស​ចិន តែងតែ​បាន​បញ្ជូន​កងកម្លាំង​យន្តហោះ​ចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់ និង​ការ​ធ្វើ​សមយុទ្ធ​ឡោម​ព័ន្ធ​ដែន​កោះ​នេះ ដែល​ជា​ការ​គំរាម​ប្រុងប្រៀប​ធ្វើ​សង្គ្រាម។

ប្រទេស​ចិន បាន​និយាយ​ថា សកម្មភាព​របស់​ខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ មាន​គោលបំណង​ការពារ​អធិបតេយ្យភាព​របស់​ចិន។ ដោយសារតែ​ភ័យខ្លាច​នឹង​សង្គ្រាម​វាយលុក​ពី​កងទ័ព​ចិន បាន​បង្ខំ​ឱ្យ​តៃវ៉ាន់​រត់​ទៅ​រក​សម្ពន្ធមិត្ត​របស់​ខ្លួន​មាន​ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី ជាដើម ដើម្បី​បាន​ជា​កម្លាំង​ជួយ​គាំទ្រ​តៃវ៉ាន់។

មិន​តែប៉ុណ្ណោះ តៃវ៉ាន់ ត្រូវ​បញ្ចេញ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ទិញ​អាវុធ​ពី​អាមេរិក។

រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ លោក Chiu Kuo-cheng បាន​និយាយ​កាលពី​ម្សិលមិញ​ថា តៃវ៉ាន់​ត្រូវការ​កាំជ្រួច​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ និង​ចំ​គោលដៅ ដើម្បី​រារាំង​ប្រទេស​ឈ្លានពាន​ដែល​ចង់​សំដៅ​ទៅលើ​ប្រទេស​ចិន ដែល​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្នុង​ផែនការ​វាយប្រហារ​លើ​កោះ​តៃវ៉ាន់។

តៃវ៉ាន់ បាន​ស្នើ​បន្ថែម​ការ​ចំណាយ​ជិត ៩​ពាន់​លាន​ដុល្លារ​ទៀត​លើ​វិស័យ​ការពារ​ជាតិ​សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាងមុខ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចំណាយ​លើ​ការ​ទិញ​កាំជ្រួច​វង់​ប្រតិបត្តិការ​ឆ្ងាយ។ តៃវ៉ាន់ បញ្ចេញ​សាច់ប្រាក់​ដ៏​សម្បើម​នេះ គឺ​ចំ​ពេល​ដែន​កោះ​មួយ​នេះ​បាន​លើកឡើង​អំពី​តម្រូវការ​បន្ទាន់​នៅ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​អាវុធ​ប្រភេទ​នេះ​យក​មក​ការពារ​ដែនអាកាស និង​ទប់ទល់​ពេល​សង្គ្រាម​ផ្ទុះ​ឡើង។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ថា តៃវ៉ាន់ ចាំបាច់​ត្រូវតែ​មាន​លទ្ធភាព​បង្ហាញ​ឱ្យ​ចិន​ដឹង​ថា ដែន​កោះ​មួយ​នេះ​អាច​ការពារ​ខ្លួនឯង​បាន។

លោក​ពន្យល់​ប្រាប់​សមាជិក​សភា​តៃវ៉ាន់​ទៀត​ថា កាំជ្រួច​ប្រភេទ​ថ្មី​នោះ​អាច​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ជាក់លាក់​ចំ​គោលដៅ ដើម្បី​ឱ្យ​សត្រូវ​ដឹង​ថា​តៃវ៉ាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ បើ​ចិន​លើក​ទ័ព​ចូល​ឈ្លានពាន​តៃវ៉ាន់។

តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ ផ្ញើ​ទៅកាន់​រដ្ឋសភា គឺ​ដែន​កោះ​តៃវ៉ាន់​មាន​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម និង​រយៈ​ចម្ងាយ​ឆ្ងាយ​កំពុង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​សំខាន់ៗ​នៅ​មាត់សមុទ្រ​កោះ​តៃវ៉ាន់ គឺ​មាន ៣៥០​ដើម ហើយ​ជា​កាំជ្រួច Patriot PAC-2។ ចំណែក​កាំជ្រួច​ដែល​តៃវ៉ាន់​ត្រូវការ​ទិញ​ពី​អាមេរិក គឺ​ប្រភេទ Patriot PAC-3៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស