34 C
Phnom Penh

ក្រសួង​រ៉ែ​និង​ថាមពល៖ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ក្រុម​នាវិក​និង​នាវា​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឲ្យ​ដឹង​ថា អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចាប់​ខ្លួន​ក្រុម​នាវិក និង​នាវា​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​នៅ​កម្ពុជា នៅ​ក្នុង​ទឹកដី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងមក​នេះ​ដោយ​មាន​ការ​សហការ​គ្នា​ល្អ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង និង​នាវិក​នៅ​លើ​កប៉ាល់​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក​នៅ​ឆ្នេរសមុទ្រ​សូម៉ាត្រា ក្រោយ​ពី​នាវា​នេះ​បាន​ចូល​ដែន​សមុទ្រ​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់។ នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos របស់​ក្រុមហ៊ុន Kris Energy ដែល​បាន​រង​ការ​ចោទប្រកាន់​ពី​បទ​លួច​ប្រេង​ឆៅ​ជិត ៣០​ម៉ឺន​បារ៉ែល​របស់​កម្ពុជា។

សេចក្ដី​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល​ដដែល​បាន​បន្ត​ថា ការ​ចាប់​នេះ​បាន​ធ្វើឡើង​ក្រោយ​ពេល​និវេទន៍​ក្រហម​របស់​ប៉ូលិស​អាំងទ័រប៉ូល ត្រូវ​បាន​ចេញ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រោយ​ពេល​ដែល​នីតិវិធី​តុលាការ​ឥណ្ឌូនេស៊ី ប្រឆាំង​នឹង​នាវា MT Strovolos និង​ក្រុម​នាវិក​របស់​នាវា​នេះ​បំពាន​ច្បាប់​ឥណ្ឌូនេស៊ី។

ក្រសួង​បន្ថែម​ថា ការ​បំពាន​នេះ​ដោយសារ​អ្នក​បើក​នាវា​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ស្វ័យប្រវត្តិ​របស់​នាវា ហើយ​ឆ្លងកាត់​ដែន​ទឹក​ឥណ្ឌូនេស៊ី​ដោយ​គ្មាន​ការ​អនុញ្ញាត។

ក្រសួង​បញ្ជាក់​ថា ការ​ចាត់​វិធានការ​នេះ​ទៀតសោត គឺ​កើតឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន ស្របតាម​សន្ធិសញ្ញា​អាស៊ាន​នានា​ដែល​លទ្ធផល​នាំ​ឱ្យ​មាន​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ដល់​ប្រធាន​ក្រុម​នាវិក និង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ផង​ដែរ។

កម្ពុជា​គ្រោង​នាំចេញ​ប្រេងកាត​ជា​លើកដំបូង និង​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ក្រុមហ៊ុន Kris Energy បូម​នៅ​អណ្តូង​អប្សរា​ក្នុង​ប្លុក A ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ ប៉ុន្តែ​ផែនការ​នាំចេញ​នេះ​ត្រូវ​បាន​ពន្យារពេល​ជាបន្តបន្ទាប់ ដោយ​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា ក្រុមហ៊ុន​មិន​បាន​បំពេញ​លក្ខខណ្ឌ និង​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​ដំណឹង​បន្ទាប់​ទៀត​ថា ក្រុមហ៊ុន​បាន​លួច​ដឹក​ប្រេង​ចេញពី​កម្ពុជា​ដោយ​ស្ងាត់ៗ។

ការ​ចាប់ផ្ដើម​បូម​ប្រេង​លើកដំបូង​របស់​កម្ពុជា ត្រូវ​បាន​លោក ហ៊ុន សែន ហៅថា «ជា​ពរ​ជ័យ» ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​មាន​តម្លាភាព​លើ​ការ​គ្រប់គ្រង​ចំណូល​បាន​ពី​ប្រេង ដើម្បី​ចៀសវាង «បណ្ដាសា​ប្រេង» ដែល​អាច​បំផ្លាញ​ដល់​ផលិតកម្ម​ធំៗ​ផ្សេង​ទៀត​របស់​ជាតិ។

លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​កាលពី​ចុង​ឆ្នាំ​២០២០ ថា ការ​ចាប់ផ្តើម​អាជីវកម្ម​ធនធាន​រ៉ែ​ប្រេង​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល គឺជា​ពរ​ជ័យ​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ មិនមែន​ជា​បណ្តាសា​ដូច​ការ​លើកឡើង​របស់​ជន​អគតិ​មួយ​ចំនួន​នោះ​ទេ។

លោក​ប្រកាស​ថា ដំណក់​ប្រេង​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​ជា​ប្រភព​ធនធាន​ចំណូល​ថ្មី​នៃ​ដែនសមុទ្រ​កម្ពុជា ហើយ​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​ប្រេងកាត​នេះ នឹង​ត្រូវ​ផ្តល់​អាទិភាព​ទៅលើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល។

ទោះ​យ៉ាងណា ទាក់ទង​នឹង​ព័ត៌មាន​ក្រុម​នាវិក​លួច​ប្រេង​ឆៅ​ពី​កម្ពុជា​នេះ លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ប្រាប់​សារព័ត៌មាន VOD ថា ក្រសួង​សាមី​គួរ​បញ្ចេញ​ព័ត៌មាន​ច្រើន​ជាង​នេះ​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ទៅដល់​សាធារណជន និង​ជា​មុខមាត់​ប្រទេស​ជាតិ ព្រោះថា​ការ​លួច​ប្រេង​ឆៅ​ចេញពី​កម្ពុជា​រហូត​ជិត ៣០​ម៉ឺន​ធុង​ដឹក​ចេញ​ទៅ​ដោយ​ស្ងាត់ៗ បាន​បន្សល់​ទុក​នូវ​ចម្ងល់​ជាច្រើន​ទៅលើ​ការ​ត្រូវរ៉ូវ​គ្នា​ដោយ​ប្រការ​ណា​មួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស