អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ព្រមានថា ការបិទច្រកសមុទ្រហ័រមូស (Hormuz) ជុំវិញការវាយប្រហារផ្នែកនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នាពេលនេះ នឹងធ្វើឱ្យសន្តិសុខថាមពលរបស់កម្ពុជាមានភាពផុយស្រួយកាន់តែខ្លាំង។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មីនា នេះថា សម្រាប់កម្ពុជាដែលនាំចូលប្រេងពីប្រទេសសិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី បានរងសម្ពាធយ៉ាងខ្លាំងលើការដឹកជញ្ជូន មុនពេលប្រេងឥន្ធនៈបានមកដល់កម្ពុជាទៅទៀត។
លោកថា ទោះបីក្រុមប្រទេសផលិតប្រេង OPEC+ បានសម្រេចបង្កើនផលិតកម្មប្រេងបន្ថែមក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីជួយឱ្យទីផ្សារថាមពលឱ្យមានស្ថិរភាពក៏ដោយ ក៏មិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការបាត់បង់ប្រេងដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ ប្រសិនបើច្រកសមុទ្រ Hormuz នៅតែបន្តបិទនោះ។
លោក សេង វណ្ណលី លើកឡើងថា សន្តិសុខថាមពលរបស់កម្ពុជាមានភាពផុយស្រួយខ្លាំង ដោយសារការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល ១០០% (Fossil fuel) សម្រាប់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ទោះបីកម្ពុជាជោគជ័យក្នុងការបង្កើនថាមពលកកើតឡើងវិញ (Renewable Energy) ដល់ ៦៣% នៃសមត្ថភាពអគ្គិសនីសរុបនៅចុងឆ្នាំ២០២៥ កន្លងទៅក៏ដោយ។
លោកបន្ថែមថា សព្វថ្ងៃនេះ កម្ពុជាប្រើប្រាស់ប្រេងក្នុងវិស័យដឹកជញ្ជូន សំណង់ និងកាត់ដេរក្នុងកម្រិតខ្ពស់ដាច់ខាត។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កម្ពុជាចំណាយទឹកប្រាក់ជាង ២ពាន់លានដុល្លារ (២,៤៣ពាន់លានដុល្លារ) លើការនាំចូលប្រេង និងឧស្ម័ន ខណៈដើមឆ្នាំ២០២៦ នេះ កម្ពុជាបានបង្កើនការចំណាយជាងមុន ដោយគិតត្រឹមខែមករា ដើមឆ្នាំនេះ កម្ពុជាបានចំណាយអស់ជិត ២២០លានដុល្លារ ដែលកើនឡើង ១,៦% ធៀបនឹងឆ្នាំមុន ដោយសារតម្រូវការប្រេងម៉ាស៊ូតកើនឡើងជាងមុន។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា ប្រសិនបើតម្លៃប្រេងហក់ឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេលយូរអង្វែង បញ្ហានេះនឹងប៉ះពាល់ទៅដល់ថវិកាជាតិឆ្នាំ២០២៦ ដែលមានទំហំជាង ១០ពាន់លានដុល្លាររបស់កម្ពុជា ចន្លោះពី ៥% ទៅ ៨% បើរដ្ឋាភិបាលត្រូវបញ្ចេញកញ្ចប់នេះដើម្បីឧបត្ថម្ភធននោះ។
ច្រកសមុទ្រហ័រមូស (Hormuz) គឺជាកំពូលច្រកសមុទ្រទាំង ១៥ នៅលើពិភពលោក ដែលមានសារសំខាន់ខាងយុទ្ធសាស្ត្រតភ្ជាប់ឈូងសមុទ្រពែក្ស ទៅកាន់ឈូងសមុទ្រអូម៉ង់ ឆ្ពោះទៅសមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ដោយស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម និងអូម៉ង់។ ការបិទច្រកសមុទ្រនេះ អាចបណ្ដាលឱ្យតម្លៃប្រេងកើនឡើងខ្ពស់ និងបង្កភាពវឹកវរដល់ទីផ្សារថាមពលពិភពលោកយ៉ាងធ្ងន់ធ្ងរតែម្តង។
ជុំវិញបញ្ហានេះ អ្នកជំនាញលើកឡើងថា ច្រកសមុទ្រហ័រមូស (Hormuz) គឺជាផ្លូវទឹកតែមួយគត់ដែលតភ្ជាប់រវាង «ឃ្លាំងប្រេងមហាសាល» នៅមជ្ឈិមបូព៌ា ទៅកាន់ទីផ្សារពិភពលោក ដែលក្នុងនោះ ២០% នៃប្រេងឆៅ និង ២៥% នៃឧស្ម័ន (LNG) ត្រូវបាននាំចេញសម្រាប់មនុស្សប្រើប្រាស់ប្រចាំថ្ងៃ។
ចំណែកតំបន់អាស៊ីអាគ្នេយ៍ បានពឹងផ្អែកលើច្រកនេះខ្លាំងបំផុត ព្រោះប្រេងជាង ៨០% ដែលចេញពីច្រកនេះ ត្រូវដឹកជញ្ជូនមកផ្គត់ផ្គង់រោងចក្រ និងយានយន្តនៅអាស៊ីទាំងអស់ ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េ និងតៃវ៉ាន់ ជាដើម។
ច្រក Hormuz ត្រូវគេមើលឃើញថាមិនមែនគ្រាន់តែជាច្រកដឹកជញ្ជូនប្រេងតែមួយមុខទេ តែវាក៏ជាជញ្ជីងកំណត់វាសនាសេដ្ឋកិច្ចពិភពលោកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាសែតថៃ Khaosod បានស្រង់សម្ដីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក វីនថៃ ស៊ូវ៉ារី កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នេះថា ថៃនឹងបើកការលក់ប្រេងឥន្ធនៈឱ្យប្រទេសឡាវ ឡើងវិញ ប៉ុន្តែថៃ បានដាក់បម្រាមប្រទេសឡាវ មិនឱ្យលក់ប្រេងបន្តទៅឱ្យកម្ពុជាដាច់ខាត។
អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ រូបនេះ បញ្ជាក់ថា ការនាំប្រេងចេញទៅប្រទេសឡាវ នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ ដូចជា ការបន្ថែមប្រព័ន្ធតាមដាន GPS លើនាវាដឹកប្រេងពីប្រភពដើមរហូតដល់គោលដៅ និងការបញ្ជាក់ពីកាតព្វកិច្ចចែកចាយប្រេងឥន្ធនៈនៅតាមដេប៉ូប្រេងក្នុងប្រទេសឡាវ ជាដើម។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានហាមប្រាមការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រទេសថៃ ជាកំហិត ខណៈប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រកាសបញ្ឈប់ការនាំចូលមុខទំនិញយុទ្ធសាស្ត្រពីប្រទេសថៃ ផងដែរ ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និងឧស្ម័ន រួមទាំងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ ថែមទៀត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

