28.4 C
Phnom Penh

បណ្ឌិត សុខ ទូច៖ សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​នឹង​ជាប់​គាំង​មិន​អាច​ក្លាយ​ជា​ច្បាប់​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា សេចក្តី​ព្រាង​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១ ឬ Cambodia Democracy Act នឹង​ជាប់​គាំង​មិន​អាច​ក្លាយ​ជា​ច្បាប់​បាន​ទេ ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ជួល​ក្រុមហ៊ុន​ច្បាប់​អាមេរិក​ឱ្យ​ជួយ​បង្អាក់​ដំណើរការ​នៃ​ច្បាប់​នេះ ប៉ុន្តែ​វិធី​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ច្បាប់​នេះ​មិន​ឱ្យ​ចេញ​បាន​នោះ​ទេ។

ប្រធាន​រាជបណ្ឌិត្យសភា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា ការ​បញ្ជូន​ច្បាប់​នេះ​ទៅ​ប្រធានាធិបតី គឺជា​តួនាទី​របស់​ព្រឹទ្ធសភា​អាមេរិក​ជា​អ្នក​សម្រេច​ចិត្ត​ប៉ុណ្ណោះ ដូច្នេះ​ការ​បញ្ជូន​ច្បាប់​នេះ​ពី​រដ្ឋសភា​អាមេរិក​ទៅ​ព្រឹទ្ធសភា​អាមេរិក គ្រាន់តែ​ជា​សំណើ​តូចតាច​មួយ​ជ្រុង ហើយ​ការ​ស្នើ​ទាំងអស់​មិន​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

លោក​បន្ត​ថា ទាក់ទិន​នឹង​ភូមិសាស្ត្រ​នយោបាយ​វិញ អាមេរិក​នឹង​មិន​អាច​មើល​រំលង​កម្ពុជា​ជាដាច់ខាត ខណៈ​កម្ពុជា​នៅ​ពេលនេះ​គឺជា​សម្ពន្ធមិត្ត​ដែកថែប​ជាមួយ​មហាយក្ស​ចិន នៅ​ក្នុង​អាស៊ាន​ថែម​ទៀត ដោយឡែក​សហរដ្ឋ​អាមេរិក​បាន​ដើរ​នយោបាយ​ខុស​នៅ​អាហ្វហ្គានីស្ថាន​ម្តង​រួច​មក​ហើយ ដូច្នេះ​មិន​អាច​ដើរ​ខុស​នៅ​អាស៊ាន​ម្តង​ទៀត​បាន​ទេ ប្រសិន​ខុស​ម្តង​នេះ​ទៀត​នោះ គឺជា​បរាជ័យ​ដ៏​ធំធេង​របស់​សហរដ្ឋ​អាមេរិក។

បណ្ឌិត សុខ ទូច បញ្ជាក់​ថា នយោបាយ​របស់​សហរដ្ឋ​អាមេរិក គឺ​សម្លឹង​មើល​តំបន់​អាស៊ី ជាពិសេស​អាស៊ាន គឺ​ទាំង​ភូមិសាស្ត្រ​នយោបាយ និង​ទីផ្សារ​សេដ្ឋកិច្ច ហើយ​ការ​សម្រេច​របស់​អាស៊ាន គឺ​ឈរ​លើ​គោលការណ៍​ឯកច្ឆន្ទ ដូច្នេះ​បើ​សិន​សហរដ្ឋ​អាមេរិក​ទាត់​កម្ពុជា​ចោល នោះ​រាល់​ការ​សម្រេច​ទាំងអស់​របស់​អាស៊ាន នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ​ទាំងអស់។

កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ រដ្ឋសភា​អាមេរិក​បាន​អនុម័ត​គាំទ្រ​ឱ្យ​មាន​ច្បាប់ Cambodia Democracy Act ឬ H.R 4686 ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប​ក្នុង​គោលបំណង​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្ត​អំពើពុករលួយ រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បំបិទ​សេរីភាព​សារព័ត៌មាន ជាដើម។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ជុំវិញ​ការ​អនុម័ត​ឱ្យ​មាន​ច្បាប់​នេះ រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រហូត​ទៅ​ជួល​ក្រុមហ៊ុន​ច្បាប់​របស់​អាមេរិក​ដែល​មាន​តួនាទី​បញ្ចុះបញ្ចូល​ទាក់ទង​នឹង​គោលនយោបាយ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ទៅលើ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចំណាយ​លុយ​ប្រមាណ​ជា ៧​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ខែៗ។

លោក​អះអាង​ថា ត្រឹមតែ​ជួល​ក្រុមហ៊ុន​ច្បាប់​នេះ​មិនទាន់​គ្រប់គ្រាន់​នឹង​ទប់ស្កាត់​ច្បាប់​នេះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្រើ​យុទ្ធសាស្ត្រ​ពីរ​បន្ថែម​ទៀត គឺ​ត្រូវ​បើក​លំហ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ ដោយ​ការ​ដោះលែង​ប្រធាន​បក្ស​ប្រឆាំង ដោះលែង​សកម្មជន​នានា និង​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើងវិញ។ លើស​ពី​នេះ ក៏​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

បណ្ឌិត សេង សារី បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា​អាច​អនុវត្ត​តាម​ចំណុច​ទាំងនេះ​បាន​ល្អ នោះ​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ប្រហែលជា​នឹង​មិន​អាច​ចេញ​រួច​នោះ​ទេ ប៉ុន្តែ​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ចេញ​មក នឹង​មាន​ផល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​មេដឹកនាំ​កម្ពុជា​ជាក់​ជាមិនខាន ខណៈ​ផលប្រយោជន៍​របស់​ពលរដ្ឋ​ក៏​នឹង​ប៉ះទង្គិច​ដោយ​ចៀស​មិន​ផុត​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​មាន​សុទិដ្ឋិនិយម​ថា ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ក្លាយ​ជា​ច្បាប់​ពេញលេញ ព្រោះថា​សមាជិក​រដ្ឋសភា​ដែល​គាំទ្រ​ច្បាប់​នេះ គឺ​សុទ្ធតែ​មកពី​គណបក្ស​ប្រជាធិបតេយ្យ ខណៈ​គណបក្ស​នេះ​បាន​ឈ្នះ​កៅអី​ក្នុង​រដ្ឋសភា​អាមេរិក​ច្រើន​លើសលុប ក្នុង​នោះ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ភាគច្រើន​ក៏​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ ដូច្នេះ​ច្បាប់​នេះ​នឹង​មិន​ជាប់​គាំង​នៅ​ព្រឹទ្ធសភា​អាមេរិក​ដូច​អាណត្តិ​ប្រធានាធិបតី​មុនៗ​នោះ​ទេ។

Cambodia Democracy Act ឬ​ហៅ​កាត់​ថា H.R. ៤៦៨៦ គឺជា​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​បន្ត​មកពី​រដ្ឋសភា​អាណត្តិ​មុនៗ ដែល​បាន​ជាប់​គាំង​ក្នុង​អាណត្តិ​ទី​១១៥ និង​ទី​១១៦។

ដោយឡែក​ក្នុង​អាណត្តិ​រដ្ឋសភា​ថ្មី​ទី​១១៧ របស់​រដ្ឋការ​លោក ចូ បៃដិន នេះ ត្រូវ​បាន​លើក​យក​មក​អនុម័ត​បន្ត​ទៀត ដើម្បី​ដាក់​ជូន​ទៅ​ព្រឹទ្ធសភា​មុន​នឹង​ច្បាប់​នេះ​បញ្ជូន​ទៅ​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​យល់ព្រម​ជា​ផ្លូវការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស