30 C
Phnom Penh

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ថា​គ្រោះ​មហន្តរាយ​ទឹកជំនន់​ជន់​លិច​ស្រូវ​កសិកម្ម​៥​ឆ្នាំ​ជាប់​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ និង​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កំពុង​ព្រួយបារម្ភ​អំពី​មុខរបរ​កសិកម្ម ដែល​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​កាន់តែ​ខ្លាំង​នៅ​រយៈពេល ៥​ឆ្នាំ​ជាប់​គ្នា​នេះ។

អ្នក​ភូមិ​អះអាង​ថា គ្រោះ​មហន្តរាយ​ទឹកជំនន់​បន្ត​លិច​ស្រូវ​កសិកម្ម​របស់​ពួកគាត់​នៅ​រដូវវស្សា​អស់​ជាច្រើន​ពាន់​ហិកតារ ក្នុង​ស្រុក​ចំនួន​៦ នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្នុង​នោះ​ស្រុក​ព្រះនេត្រព្រះ ជន់​លិច​ធ្ងន់ធ្ងរ​ជាង​គេ។ លើស​ពី​នេះ​ទៀត នៅ​រដូវប្រាំង​អាកាសធាតុ​ក្តៅ​ហួតហែង​គ្មាន​ភ្លៀង រីឯ​រដូវវស្សា​វិញ​ទឹកជន់​លិច​ស្រូវវស្សា​មិន​ងាយ​ស្រក ដែល​បង្ក​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​មួយ​កម្រិត​ទៀត​បន្ទាប់ពី​វិបត្តិ​ជំងឺ Covid-19។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រមោច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ លោក រឿន ម៉ាប់ បាន​ប្រាប់ The Cambodia Daily ថា គ្រោះ​មហន្តរាយ​នេះ​បណ្តាល​ឱ្យ​ខូច​ស្រូវ​កសិកម្ម​របស់​លោក​អស់ ៤​ហិកតារ​ទាំងស្រុង។

លោក​សង្កេត​ឃើញ​ថា ក្រោយ​ពី​រដ្ឋាភិបាល​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ចាប់ពី​ឃុំ​បន្ទាយនាង រហូត​ដល់​ស្រុក​ព្រះនេត្រព្រះ ដោយ​គ្មាន​ទ្វារ​ទឹក​គ្រប់គ្រាន់ បណ្តាល​ឱ្យ​ទឹក​ចាល់​មិន​ហូរ​ចុះ បង្ក​ឲ្យ​លិច​ស្រែ​របស់​អ្នក​ភូមិ​អស់​រាប់​ពាន់​ហិកតារ​នៅ​រយៈពេល ៤​ឆ្នាំ​ជាប់ៗ​គ្នា។

លោក​បារម្ភ​ថា គ្រោះ​ទឹកជំនន់​នេះ​ធ្វើ​ឱ្យ​អ្នក​ភូមិ​មួយ​ចំនួន​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ខ្លះ​ទៀត​ធ្វើជា​កម្មករ​សំណង់​ជំនួស ព្រោះ​គ្មាន​ជម្រើស​ដើម្បី​ចិញ្ចឹម​ជីវិត និង​សង​បំណុល​គេ។ លោក​បន្ថែម​ថា ស្រូវ​ប្រាំង​របស់​ពលរដ្ឋ​រាប់​ពាន់​ហិកតារ​ជិត​ប្រមូល​ផល​ឆ្នាំ​នេះ​បាន​ខូចខាត​អស់​ទាំងស្រុង​តែម្តង។

ប្រភព​ដដែល​បន្ថែម​ថា អ្នក​ភូមិ​មួយ​ចំនួន​បាន​ផ្អាក​ធ្វើ​ស្រែ ហើយ​បង្វែរ​ទៅ​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត​វិញ ប៉ុន្តែ​អំឡុង​ពេល​ដែល​ទទួល​បាន​ផល បែរជា​តម្លៃ​កសិផល​របស់​ពួកគាត់​ក៏​ចុះ​ថោក​ថែម​ទៀត ដែល​នាំ​ឱ្យ​ជីវភាព​ពួកគាត់​កាន់តែ​លំបាក​ខ្លាំង។ រីឯ​អាជ្ញាធរ​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ម្តងម្កាល​ដែរ ប៉ុន្តែ​អំណោយ​ទាំងនោះ​គ្រាន់តែ​សម្រាល​ទុក្ខ​វេទនា​បាន​មួយ​គ្រា​ប៉ុណ្ណោះ។

អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ​ការ​ជន់​លិច និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ នា​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ។

លោក គន់ គីម បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ឆ្លើយតប​ឱ្យ​ទាន់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព កាត់បន្ថយ​ផល​ប៉ះពាល់​កម្រិត​ទាប​បំផុត ដោយ​ផ្ដោត​ជា​អាទិភាព​លើ​យន្តការ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស។ លោក​ថា កងកម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​យកចិត្ត​ទុកដាក់​ត្រៀម​ជួយ​សង្គ្រោះ និង​ដោះស្រាយ​ការ​លំបាក​របស់​ពលរដ្ឋ​ជាក់ស្តែង និង​បង្កើន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ដើម្បី​តាមដាន​ត្រួតពិនិត្យ រួម​ទាំង​ចល័ត​ទូក​សង្គ្រោះ​គ្រប់​គោលដៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ក្នុង​ខេត្ត​បន្ទាយមានជ័យ ទឹកជំនន់​បាន​ជន់​លិច​ស្រុក​ចំនួន​៦ និង​លិច​ឃុំ-សង្កាត់​ចំនួន ៣៨​កន្លែង ព្រមទាំង​ស្លាប់​មនុស្ស ២​នាក់។ គ្រោះ​ទឹកជំនន់​លើក​នេះ​បាន​ប៉ះពាល់​ពលរដ្ឋ​ជិត ២​ម៉ឺន​គ្រួសារ (១៨៧១៥​គ្រួសារ) ក្នុង​នោះ​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ (១១៥០) ត្រូវ​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព។

ចំណែក​ឯ​ដំណាំ​កសិកម្ម​វិញ គឺ​លិច​ស្រូវ​កសិករ​ជាង ២​ម៉ឺន ៥​ពាន់​ហិកតារ (២៥២២៣) និង​ដំណាំ​រួមផ្សំ​ជាង ៣០០​ហិកតារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស