29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជា​អាជ្ញាធរ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដោយសារ​គ្រោះ​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ខ្លួន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នៅ​ពេល​ខាងមុខ ខណៈ​តំបន់​មួយ​ចំនួន​កំពុង​ជួប​គ្រោះ​ទឹកជំនន់​ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​វិសម្ពាធ​ទាប។

នៅ​ក្នុង​សារ​សំឡេង​ពិសេស​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៨ កញ្ញា នេះ លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន និង​អភិបាល​រាជធានី-ខេត្ត និង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ករណី​គ្រោះ​ទឹកជំនន់​កើត​មាន​ជាយថាហេតុ។

ប្រភព​ខាងលើ​អះអាង​ថា ដោយសារតែ​ឥទ្ធិពល​ព្យុះ​បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ បង្ក​ការ​លិចលង់​នៅ​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា​ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ដោះស្រាយ​ឱ្យ​ទាន់​ពេល ជាពិសេស​ការ​ជួយ​សង្គ្រោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ។

បណ្តា​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា កំពុង​ទទួល​រង​ទឹកជំនន់ ដូចជា ខេត្ត​ព្រះសីហនុ ក្រចេះ ស្ទឹងត្រែង ខណៈ​ដែល​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ ត្រូវ​បាន​ជូនដំណឹង​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ទឹកជំនន់​នេះ​ដែរ។

ក្រសួង​ធនធានទឹក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ថា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ កម្ពុជា​ត្រូវ​ទទួល​រង​វិសម្ពាធ​ទាប​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បន្ត​មក​ដល់​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​អាង​ទន្លេមេគង្គ។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ បោកបក់​ខ្លាំង​ខុស​ធម្មតា​នៅ​ទូទាំង​ប្រទេស។

តាម​របាយការណ៍​មួយ​របស់​អង្គការ​អុកស្វាម ដែល​បាន​ចេញ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៤ បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​ដោយ​ទឹកជំនន់​ចំនួន ១០ នោះ មាន​មនុស្ស​ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀស​ខ្លួន​រហូត​ដល់​ទៅ ៨​លាន​ដង។ ប្រទេស​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ និង​អាក្រក់​បំផុត​ជាងគេ​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ គឺ​ប្រទេស​សូម៉ាលី ចិន ហ្វីលីពីន ប៉ាគីស្ថាន កេនយ៉ា អេត្យូពី ឥណ្ឌា ប្រេស៊ីល បង់ក្លាដេស និង​ម៉ាឡេស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស