គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា ខេត្តចំនួន៤ កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែស្ថានភាពនៃជំនន់នេះមិនធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនៅឡើយទេ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា នេះ យ៉ាងហោចណាស់មានខេត្តចំនួន៤ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មានដូចជា ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ។ លោកថា ស្ថានភាពនៃជំនន់នេះមិនធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនៅឡើយទេ។
ប្រភពដដែលបានអះអាងថា ខេត្តក្រចេះ និងស្ទឹងត្រែង បានរងផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន ៤ ខេត្តព្រះសីហនុ ប៉ះពាល់ក្រុង-ស្រុកចំនួន៣ ហើយចំណែកខេត្តត្បូងឃ្មុំ ប៉ះពាល់តែស្រុកក្រូចឆ្មារ មួយប៉ុណ្ណោះ។
លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ច្រើនខុសពីធម្មតា ដែលបង្កទៅជាទឹកជំនន់នៅបណ្ដាខេត្តមួយចំនួន។ លោកថា ស្ថានភាពទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះមានចំនួនច្រើន ដែលបង្កជាជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួន តែមិនមានសភាពធ្ងន់ធ្ងរនោះទេ គ្រាន់តែលិចក្នុងរយៈពេលខ្លី ហើយស្រកវិញ ប៉ុន្តែនៅតំបន់ខ្លះក៏នៅបន្តលិចដែរ។
កាលពីថ្ងៃទី១៨ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអភិបាលរាជធានី-ខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋក្នុងករណីគ្រោះទឹកជំនន់កើតមានជាយថាហេតុ។
ប្រភពខាងលើអះអាងថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងដោះស្រាយឱ្យទាន់ពេលវេលា ពិសេសការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិបានសម្លាប់មនុស្ស ១០៣នាក់ និងរបួស ២៤៣នាក់ ក្នុងនោះករណីរន្ទះបាញ់បានសម្លាប់មនុស្ស ៨៤នាក់ ខ្យល់កន្ត្រាក់សម្លាប់មនុស្ស ៩នាក់ និងទឹកជំនន់សម្លាប់មនុស្ស ១០នាក់៕