ពលរដ្ឋខេត្តបន្ទាយមានជ័យ និងពលរដ្ឋមួយចំនួនរស់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប កំពុងព្រួយបារម្ភអំពីមុខរបរកសិកម្ម ដែលប្រឈមនឹងគ្រោះធម្មជាតិកាន់តែខ្លាំងនៅរយៈពេល ៥ឆ្នាំជាប់គ្នានេះ។
អ្នកភូមិអះអាងថា គ្រោះមហន្តរាយទឹកជំនន់បន្តលិចស្រូវកសិកម្មរបស់ពួកគាត់នៅរដូវវស្សាអស់ជាច្រើនពាន់ហិកតារ ក្នុងស្រុកចំនួន៦ នៅខេត្តបន្ទាយមានជ័យ ហើយក្នុងនោះស្រុកព្រះនេត្រព្រះ ជន់លិចធ្ងន់ធ្ងរជាងគេ។ លើសពីនេះទៀត នៅរដូវប្រាំងអាកាសធាតុក្តៅហួតហែងគ្មានភ្លៀង រីឯរដូវវស្សាវិញទឹកជន់លិចស្រូវវស្សាមិនងាយស្រក ដែលបង្កប៉ះពាល់ជីវភាពពលរដ្ឋមួយកម្រិតទៀតបន្ទាប់ពីវិបត្តិជំងឺ Covid-19។
ពលរដ្ឋរស់នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ លោក រឿន ម៉ាប់ បានប្រាប់ The Cambodia Daily ថា គ្រោះមហន្តរាយនេះបណ្តាលឱ្យខូចស្រូវកសិកម្មរបស់លោកអស់ ៤ហិកតារទាំងស្រុង។
លោកសង្កេតឃើញថា ក្រោយពីរដ្ឋាភិបាលស្ថាបនាផ្លូវក្រាលកៅស៊ូចាប់ពីឃុំបន្ទាយនាង រហូតដល់ស្រុកព្រះនេត្រព្រះ ដោយគ្មានទ្វារទឹកគ្រប់គ្រាន់ បណ្តាលឱ្យទឹកចាល់មិនហូរចុះ បង្កឲ្យលិចស្រែរបស់អ្នកភូមិអស់រាប់ពាន់ហិកតារនៅរយៈពេល ៤ឆ្នាំជាប់ៗគ្នា។
លោកបារម្ភថា គ្រោះទឹកជំនន់នេះធ្វើឱ្យអ្នកភូមិមួយចំនួនបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងខ្លះទៀតធ្វើជាកម្មករសំណង់ជំនួស ព្រោះគ្មានជម្រើសដើម្បីចិញ្ចឹមជីវិត និងសងបំណុលគេ។ លោកបន្ថែមថា ស្រូវប្រាំងរបស់ពលរដ្ឋរាប់ពាន់ហិកតារជិតប្រមូលផលឆ្នាំនេះបានខូចខាតអស់ទាំងស្រុងតែម្តង។
ប្រភពដដែលបន្ថែមថា អ្នកភូមិមួយចំនួនបានផ្អាកធ្វើស្រែ ហើយបង្វែរទៅធ្វើចម្ការចិញ្ចឹមជីវិតវិញ ប៉ុន្តែអំឡុងពេលដែលទទួលបានផល បែរជាតម្លៃកសិផលរបស់ពួកគាត់ក៏ចុះថោកថែមទៀត ដែលនាំឱ្យជីវភាពពួកគាត់កាន់តែលំបាកខ្លាំង។ រីឯអាជ្ញាធរចុះចែកអំណោយដល់ពលរដ្ឋម្តងម្កាលដែរ ប៉ុន្តែអំណោយទាំងនោះគ្រាន់តែសម្រាលទុក្ខវេទនាបានមួយគ្រាប៉ុណ្ណោះ។
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម បានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យការជន់លិច និងជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ នាខេត្តជាប់ព្រំដែនថៃមួយនេះ។
លោក គន់ គីម បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការឆ្លើយតបឱ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព កាត់បន្ថយផលប៉ះពាល់កម្រិតទាបបំផុត ដោយផ្ដោតជាអាទិភាពលើយន្តការសង្គ្រោះអាយុជីវិតមនុស្ស។ លោកថា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ពលរដ្ឋជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីតាមដានត្រួតពិនិត្យ រួមទាំងចល័តទូកសង្គ្រោះគ្រប់គោលដៅទូទាំងខេត្តបន្ទាយមានជ័យ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ក្នុងខេត្តបន្ទាយមានជ័យ ទឹកជំនន់បានជន់លិចស្រុកចំនួន៦ និងលិចឃុំ-សង្កាត់ចំនួន ៣៨កន្លែង ព្រមទាំងស្លាប់មនុស្ស ២នាក់។ គ្រោះទឹកជំនន់លើកនេះបានប៉ះពាល់ពលរដ្ឋជិត ២ម៉ឺនគ្រួសារ (១៨៧១៥គ្រួសារ) ក្នុងនោះពលរដ្ឋជាង ១ពាន់គ្រួសារ (១១៥០) ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។
ចំណែកឯដំណាំកសិកម្មវិញ គឺលិចស្រូវកសិករជាង ២ម៉ឺន ៥ពាន់ហិកតារ (២៥២២៣) និងដំណាំរួមផ្សំជាង ៣០០ហិកតារ៕