ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ពួកគេស្វាគមន៍ចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ដោយការបង្ហាញប័ណ្ណវ៉ាក់សាំង ប៉ុន្តែការអនុវត្តសេចក្តីណែនាំនេះអាចនឹងប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋមួយចំនួនផងដែរ ត្បិតពលរដ្ឋខ្លះមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily ដូច្នេះ បន្ទាប់ពីរដ្ឋបាលក្រុងភ្នំពេញដាក់ចេញនូវវិធានការទប់ស្កាត់ការចម្លងវីរុស Covid-19 តាមទីប្រជុំជនដោយការបង្ហាញប័ណ្ណវ៉ាក់សាំងដើម្បីធានាការគ្រប់គ្រងការឆ្លងជំងឺ Covid-19 ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក មឿន តុលា បានថ្លែងថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងនឹងមានប័ណ្ណវ៉ាក់សាំងដើម្បីសម្គាល់នោះ គឺមិនមានបញ្ហាអ្វីទេ ប៉ុន្តែប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងព្រោះតែគ្រូពេទ្យមិនអនុញ្ញាត នឹងមិនអាចមានសេរីភាពក្នុងការដើរហើរពេញលេញនោះទេ ព្រោះវិធានការនេះអនុញ្ញាតតែអ្នកដែលបានចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។
លោក មឿន តុលា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាក្នុងការអនុវត្តវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងវីរុស Covid-19 ចៀសវាងប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ព្រោះថាការទទួលវ៉ាក់សាំង គឺត្រូវធ្វើឡើងដោយស្ម័គ្រចិត្តប៉ុណ្ណោះ ដូច្នេះបើអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការនេះ ហាក់ដូចជាដាក់សម្ពាធលើពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងជំងឺ Covid-19 នេះទៅវិញ ករណីនេះធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នេះស្ដីពីការបង្ហាញប័ណ្ណចាក់វ៉ាក់សាំង Covid-19 តាមទីប្រជុំជនមួយចំនួន ដូចជាតាមគ្រឹះស្ថានសិក្សា តាមទីផ្សារ និងទីតាំងអាជីវកម្មនានាក្នុងទីក្រុងភ្នំពេញ ត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ឱ្យបានគ្រប់ៗគ្នា។
ប្រភពដដែលបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សា ផ្សារ និងភោជនីយដ្ឋាន ជាដើម ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែបើមិនអនុវត្តតាមគោលការណ៍ណែនាំនេះទេ នឹងត្រូវប្រឈមការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ផងដែរ ខណៈវិធានការនេះមិនបានកំណត់នូវពេលវេលាថានឹងបញ្ឈប់ពេលណានោះដែរ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាល បានអះអាងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នេះថា ក្រសួងបានចាក់វ៉ាក់សាំង Covid-19 ដល់មនុស្សពេញវ័យដោយធៀបនឹងប្រជាជនគោលដៅ ១០លាននាក់ មានចំនួន ៩៩,១៤ភាគរយ ប៉ុន្តែបើធៀបនឹងគោលដៅប្រជាជន ១៦លាននាក់ទើបតែមានចំនួន ៨៤,១០ភាគរយប៉ុណ្ណោះ ដោយឡែកកុមារក្រោមអាយុ ១២ឆ្នាំចាក់បាន ៩៣,៧៥ភាគរយ ខណៈកុមារអាយុក្រោម ១៨ឆ្នាំចាក់បាន ៨៩,៦៨ភាគរយផងដែរ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិតណែនាំទៅកាន់អាជ្ញាធរទាំង ២៥រាជធានី-ខេត្ត កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នេះ ឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងការផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដល់ប្រជាពលរដ្ឋក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា។
កាលពីចុងខែសីហា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន អះអាងថា យុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ជុំទី១ អាចនឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ពោលគឺនៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
ជុំវិញបញ្ហានេះ ប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងកងទ័ព លោក ឥត សាវ៉ាត់ ធ្លាប់បានអះអាងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ នេះថា ប័ណ្ណចាក់វ៉ាក់សាំងមិនអាចផលិតទាន់អ្នកចាក់វ៉ាក់សាំងបានទេ។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃប័ណ្ណចាក់វ៉ាក់សាំងអាចផលិតបានត្រឹមតែជាង ១ម៉ឺនប័ណ្ណប៉ុណ្ណោះ ខណៈចំនួនអ្នកចាក់វ៉ាក់សាំងមានចំនួនដល់ទៅជាង ៥ម៉ឺននាក់ឯណោះក្នុង១ថ្ងៃៗ។
បែបនេះក្តី មកទល់នឹងពេលនេះ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជុំទី១ ជិតនឹងបញ្ចប់ហើយក្តី ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់បានបង្ហាញតួលេខជាក់លាក់អំពីការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងប្រឆាំង Covid-19 ដល់ប្រជាពលរដ្ឋថាមានចំនួនប៉ុន្មាននាក់នៅឡើយទេ៕