34 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​នៅ​ជាមួយ​អាស៊ី​ដើម្បី​ការពារ​សេរីភាព ខណៈ​វាយប្រហារ​ចិន​អំពី​ផែនការ​ឈ្លានពាន​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ទី​២៨ តុលា គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ​ជាមួយ​ប្រទេស​ជា​ដៃគូ មាន​ដូចជា​អាមេរិក ចិន អូស្ត្រាលី ជប៉ុន រុស្ស៊ី និង​ឥណ្ឌា ហើយ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម Video-online។

កិច្ចប្រជុំ​ដាច់ដោយឡែក​រវាង​មេដឹកនាំ​អាស៊ាន​ដែល​មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផ្ដោត​សំខាន់​អំពី​បញ្ហា​ជម្លោះ​ដែនសមុទ្រ បញ្ហា​ប្រជាធិបតេយ្យ​ក្នុង​តំបន់ បញ្ហា​កោះ​តៃវ៉ាន់ និង​បញ្ហា​ជំងឺ​កូវីដ-១៩ ក៏​មេដឹកនាំ​អាមេរិក​លើកឡើង​ផង​ដែរ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សិង្ហបុរី CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​តុលា។

ពី​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​បញ្ជាក់​ប្រាប់​ទៅ​មេដឹកនាំ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ថា សហរដ្ឋ​អាមេរិក​ប្រកាន់​ជំហរ​ឈរ​នៅ​ជាមួយ​តំបន់​នេះ ដើម្បី​ការពារ​សេរីភាព​ដែនសមុទ្រ និង​លទ្ធិប្រជាធិបតេយ្យ ខណៈ​លោក​បាន​ហៅ​សកម្មភាព​ចិន ចំពោះ​កោះ​តៃវ៉ាន់​ថា​ជា​ការ​បង្ខិតបង្ខំ និង​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព។

លោក ចូ បៃដិន បាន​បញ្ជាក់​បន្ថែម​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ប្ដេជ្ញាចិត្ត​ដ៏​រឹងមាំ​ចំពោះ​កោះ​តៃវ៉ាន់ ដែល​លោក​ថា​អាមេរិក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។

ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ដែល​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ត្រូវ​ចូលរួម​ដែរ​នោះ លោក ចូ បៃដិន បាន​លើកឡើង​ថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​ដៃគូ​នានា​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពី​ការ​អភិវឌ្ឍ​ឡើង​នូវ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​មួយ ដែល​កន្លងមក​មាន​ការ​រិះគន់​ថា អាមេរិក​មាន​ការ​ខ្វះ​ចន្លោះ​នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​ខ្លួន។

តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​សមរភូមិ​យុទ្ធសាស្ត្រ​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ដោយសារតែ​បញ្ហា​ជម្លោះ​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ព្យាយាម​កាន់កាប់​ទាំងស្រុង ហើយ​ជាមួយ​គ្នា​នេះ ទីក្រុង​ប៉េកាំង​កំពុង​បង្កើន​ទាំង​សកម្មភាព​យោធា និង​នយោបាយ​គាបសង្កត់​កោះ​តៃវ៉ាន់​កាន់តែ​ខ្លាំង។ លោក​ប្រធានាធិបតី​អាមេរិក បាន​រំឭក​ថា ការ​ប្ដេជ្ញាចិត្ត​របស់​អាមេរិក​ទៅលើ​កោះ​តៃវ៉ាន់ គឺ​រឹង​ដូច​ថ្ម ទោះ​ជា​តៃវ៉ាន់​រង​ការ​គំរាម​យ៉ាងណា​ក៏ដោយ។

កាលពី​សប្តាហ៍​មុន​នេះ លោក ចូ បៃដិន បាន​បង្ហាញ​ជំហរ​ការពារ​កោះ​តៃវ៉ាន់​ដោយ​បើកចំហ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​វាយប្រហារ​ណា​មួយ​ពី​ប្រទេស​ចិន។

លោក Biden បាន​សង្កត់​ធ្ងន់​ថា ភាព​ជា​ដៃគូ​គឺ​មាន​សារសំខាន់​ក្នុង​ការ​រក្សា​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ចំណែក​សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ទស្សនវិស័យ​អាស៊ាន និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក តាម​គោលការណ៍​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​តាម​ច្បាប់​តំបន់។

កិច្ចប្រជុំ​កំពូល​ឆ្នាំ​នេះ​រៀបចំ​ដោយ​ប្រទេស​ព្រុយណេ ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២១។ សមាជិក​ផ្សេង​ទៀត​របស់​អាស៊ាន គឺ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។ ប៉ុន្តែ​សម្រាប់​ប្រទេស​ភូមា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រជុំ​នោះ​ទេ ព្រោះ​តែ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ កន្លងមក​នេះ។

អាស៊ាន​បាន​ហាមឃាត់​មេដឹកនាំ​របប​យោធា​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​ប្រជុំ​កំពូល​នេះ ដោយសារ​មិន​អនុវត្ត​ផែនការ​ដំណោះស្រាយ​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២៤ មេសា ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ាន ១០​ប្រទេស ដោយ​មាន​វត្តមាន​លោក មីន អ៊ុងឡាំង។ លោក​ប្រធានាធិបតី​អាមេរិក បាន​ថ្កោលទោស​របប​សឹក​ភូមា ដោយ​សរសើរ​អាស៊ាន​ដែល​មាន​វិធានការ​លើ​ពួក​យោធា​ភូមា។

តាម​លោក​ប្រធានាធិបតី​អាមេរិក ពិភពលោក និង​តំបន់​អាស៊ាន ត្រូវ​ចាត់ទុក​សោកនាដកម្ម​កើត​នៅ​ប្រទេស​ភូមា គឺ​ដោយសារតែ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ ដែល​ជា​ដើម​ហេតុ​នៃ​ការ​បំផ្លាញ​ស្ថិរភាព​តំបន់។ លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ ហើយ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក Biden បាន​បញ្ជាក់​អំពី​សារសំខាន់​របស់​អាស៊ាន ដោយ​បាន​ហៅ​ទំនាក់ទំនង​អាមេរិក​ជាមួយ​អាស៊ាន ថា​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រក្សា​ភាព​រុងរឿង និង​សន្តិសុខ​រួម​នៅ​ក្នុង​តំបន់។

នៅ​ពេល​ជាមួយ​គ្នា​នេះ លោក Joe Biden ក្នុង​នាម​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ផែនការ​ផ្តល់​ប្រាក់​រហូត​ដល់ ១០២​លាន​ដុល្លារ​ដល់​ប្រទេស​នៃ​សមាគម​អាស៊ាន ក្នុង​គម្រោង​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ជា​ការ​កត់សម្គាល់ គឺ​ក្រោយ​ពី​ការ​លើកឡើង​របស់​លោក ចូ បៃដិន ទៅ​កាន់​បណ្តា​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ការ​វាយប្រហារ​ត្រង់ៗ​ទៅលើ​ប្រទេស​ចិន គឺ​នាយករដ្ឋមន្ត្រី​ចិន Li Keqiang បាន​ថ្លែង​ទទូច​ឲ្យ​មេដឹកនាំ​អាស៊ាន ត្រូវ​នាំគ្នា​លើក​តម្កើង​សន្តិភាព ស្ថិរភាព សេរីភាព​នាវាចរណ៍ និង​ការ​ហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក​ថា​ជា​អត្ថប្រយោជន៍​របស់​ទាំងអស់​គ្នា ហើយ​សមុទ្រ​ចិន​ខាងត្បូង ប្រៀប​ដូច​ផ្ទះ​មួយ​រួម​គ្នា។

ទោះ​ជា​បែប​នេះ​ក្ដី អ្នក​សង្កេតការណ៍​មើល​មិន​ឃើញ​ថា មេដឹកនាំ​អាស៊ាន​សាទរ​នឹង​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ចិន​នោះ​ទេ ព្រោះ​មេដឹកនាំ​ចិន​តែងតែ​លើកឡើង​បែប​នេះ ខណៈ​នាវា​របស់​ចិន​ជាច្រើន​គ្រឿង​ត្រូវ​បាន​ចោទ​ថា បាន​ចូល​ដែន​ទឹក​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន។

ជាក់ស្ដែង​នៅ​ពេលនេះ ប្រទេស​ហ្វីលីពីន កំពុងតែ​ដាក់​ពាក្យ​តវ៉ា​ការទូត​នៅឡើយ​ទេ ដោយ​ទាមទារ​ឱ្យ​ចិន ដក​នាវា និង​បញ្ឈប់​ការ​បំពាន​ដែន​ទឹក​របស់​ហ្វីលីពីន។ ចិន នៅតែ​អះអាង​ថា​ក្រុង​ប៉េកាំង ត្រូវតែ​មាន​សិទ្ធិ​កាន់កាប់​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង យ៉ាង​តិច​ជិត ៩០​ភាគរយ​នៃ​ផ្ទៃក្រឡា​សរុប ៣​លាន​គីឡូម៉ែត្រ​ក្រឡា និង​មាន​កោះ​២៥០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស