ក្រសួងរតនាគារសហរដ្ឋអាមេរិកក្រោមរដ្ឋការលោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី១០ ធ្នូ បានប្រកាសថា រដ្ឋការលោក បៃដិន កំពុងរៀបចំផ្ទេរប្រាក់ជំនួយក្នុងគម្រោងកម្ចីទំហំសាច់ប្រាក់ ២០០០០លានដុល្លារ។
កញ្ចប់ជំនួយមហាសាលនេះ បានមកពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅក្រៅប្រទេសក្នុងទំហំសរុប ៣២៥ពាន់លានដុល្លារ។
កាលពីខែមិថុនា ក្នុងជំនួបកំពូលនៃមេដឹកនាំប្រទេសឧស្សាហកម្ម G7 លោក ចូ បៃដិន បានផ្ដួចផ្ដើមឱ្យមានការផ្ទេរទ្រព្យសម្បត្តិដែលបង្កកបង្កើតជាគម្រោងប្រាក់កម្ចីគ្មានការប្រាក់ទៅអ៊ុយក្រែន ដោយគិតតាមមួយដំណាក់កាលម្ដងៗ។ ដំណាក់កាលដំបូងមានទំហំ ៥០ពាន់លានដុល្លារ។ ក្នុងជំនួបនោះ មេដឹកនាំប្រទេសឧស្សាហកម្ម G7 បានអនុម័តតាមសំណើរបស់លោក ចូ បៃដិន។
បើយោងតាមសារព័ត៌មាន NEWSMAX ចុះផ្សាយនៅថ្ងៃទី១១ ធ្នូ នេះ អ្នកស្រី Janet Yellen បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ទំហំសាច់ប្រាក់ជំនួយ ២០០០០លានដុល្លារដែលផ្ដល់ឱ្យអ៊ុយក្រែន ជាការទូទាត់ ព្រោះតែរុស្ស៊ី លើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។
អ្នកស្រីបន្ថែមថា ជាមូលនិធិដើម្បីជួយគាំទ្រប្រទេសអ៊ុយក្រែន ក្នុងការពង្រឹងធនធានការពារជាតិរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
តាមអ្នកស្រីរដ្ឋមន្ត្រីនៃក្រសួងរតនាគារសហរដ្ឋអាមេរិក ជំនួយកម្ចីនេះកំពុងរៀបចំផ្ទេរទៅឱ្យអ៊ុយក្រែន ឱ្យបានឆាប់បំផុត។
ខណៈថ្លែងសាទរនឹងជំនួយថ្មីរបស់រដ្ឋការលោក បៃដិន លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ ជាការដឹងគុណណាស់ចំពោះលោក បៃដិន និងរដ្ឋការរបស់លោក បៃដិន ដែលនៅបន្តជួយប្រជាជនអ៊ុយក្រែន និងអរគុណអ្នកស្រី Yellen ដែលរៀបចំផ្ទេរជំនួយសម្រាប់អ៊ុយក្រែន។
សាររបស់លោក ហ្សេឡេនស្គី បញ្ជាក់ថា ជំនួយរបស់សហរដ្ឋអាមេរិកបង្ហាញពីឥទ្ធិពលនៃអំណាចប្រឆាំងនឹងអ្នកឈ្លានពាន ដែលសង្កត់លើអ្នកឈ្លានពានត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនបង្កវិនាសកម្មលើអ៊ុយក្រែន។
កាលពីថ្ងៃទី៤ ធ្នូ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទៅកាន់អឺរ៉ុប ម្ដងទៀត ដែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋការលោក បៃដិន។
នៅទីក្រុងប្រ៊ុចសែល ទីបញ្ជាការកណ្ដាលរបស់អង្គការយោធាណាតូ (NATO) លោក Blinken បានប្រកាសប្រាប់សមភាគីណាតូរបស់លោកថា ដំណើរការនៃការផ្ទេរហិរញ្ញវត្ថុជំនួយក្នុងទំហំ ៥០០០០លានដុល្លារដែលបានមកពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នឹងផ្ទេរទៅឱ្យអ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
តាមប្រមុខការទូតសហរដ្ឋអាមេរិក ដំណើរការនៃការរៀបចំផ្ទេរហិរញ្ញវត្ថុជំនួយទាំងអស់នេះ បានរួចរាល់ហើយ ដែលលោក Blinken ថាទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្ម G7 បានដំណើរការនីតិវិធីរួចរាល់ហើយដោយរង់ចាំការបញ្ជូនទៅឱ្យអ៊ុយក្រែន។
តាមលោក Blinken ចាប់តាំងពីអ៊ុយក្រែន ធ្លាក់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទាំងជំនួយយោធា និងជំនួយមិនមែនយោធា មានទំហំ ១០២ពាន់លានដុល្លារ ហើយចំណែកសម្ព័ន្ធអាមេរិកបានផ្ដល់ជំនួយឱ្យអ៊ុយក្រែន ១៥៨ពាន់លានដុល្លារ។
នៅមុនការចូលទៅកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ គេសង្កេតឃើញក្រុមសម្ព័ន្ធភាពនៃរដ្ឋការលោក បៃដិន បង្កើនការផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន។ តែរដ្ឋការលោក បៃដិន វិញ កាន់តែបង្កើនជំនួយទៅឱ្យអ៊ុយក្រែន លើសពីសព្វដង ព្រោះតែបារម្ភលោក ដូណាល់ ត្រាំ អាចកាត់បន្ថយជំនួយសម្រាប់អ៊ុយក្រែន។ ជំនួយយោធានៅសេសសល់ទាំងអស់ សេតវិមាននៃរដ្ឋការលោក បៃដិន សម្រុកបញ្ជូនទៅអ៊ុយក្រែន។
ទោះយ៉ាងណា លោក ត្រាំ សន្យាថាលោកនឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែន បិទបញ្ចប់ភ្លាមក្រោយពីលោកទៅកាន់សេតវិមានវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប៉ុន្តែលោកព្រមានថា នឹងកាត់បន្ថយ ឬបញ្ឈប់ការផ្ដល់ជំនួយរបស់អាមេរិកទៅឱ្យអ៊ុយក្រែន បើអ៊ុយក្រែន មិនបន្ទន់ជំហរដើម្បីបញ្ចប់សង្គ្រាម។
ចំពោះមុខសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន លោក ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក នឹងចូលកាន់តំណែងថ្ងៃទី២០ ខែមករា ឆ្នាំក្រោយនេះ បាននិយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែន គឺជាអាទិភាពចម្បងបំផុតនៅពេលរូបលោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដី្តបារាំង Paris Match កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយថា លោកយល់ថាចាំបាច់ត្រូវតែដោះស្រាយបញ្ហាអ៊ុយក្រែន ជាមួយរុស្ស៊ី ឱ្យបានឆាប់បំផុត។
លោក ត្រាំ ក៏បាននិយាយអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ាផងដែរ និងថាប្រាកដណាស់វាជាអាទិភាពធំមួយ ប៉ុន្តែបើតាមរូបលោក ជាស្ថានការណ៍ដែលមិនលំបាកដូចស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន-រុស្ស៊ី នោះទេ។
លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីសម្ពោធបើកព្រះវិហារគ្រិស្តបុរាណ Notre Dame ឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
នៅទីក្រុងប៉ារីស លោក ត្រាំ បានជួបប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី។
លោក ហ្សេឡេនស្គី ដែលបានជួបលោក ត្រាំ ជាថ្មីម្ដងទៀត លោកមានទំនុកចិត្តលើលោក ត្រាំ និងរដ្ឋការរបស់លោក ត្រាំ ដែលលោកថានឹងមិនបោះបង់ចោលអ៊ុយក្រែន។ លោកជឿថា លោក ត្រាំ នឹងបន្តពង្រឹងឥទ្ធិពលសហរដ្ឋអាមេរិកខ្លាំងថែមទៀតឱ្យសមជាមហាអំណាច។ លោក ហ្សេឡេនស្គី បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ខ្លាចលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

