31.8 C
Phnom Penh

ក្រុមហ៊ុន Facebook ប្ដូរ​ឈ្មោះ​ថ្មី​ថា Meta

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​តុលា ថា ឈ្មោះ​សាជីវកម្ម ឬ​ក្រុមហ៊ុន​មេ​នៃ​ទម្រង់​បណ្ដាញ​សង្គម​របស់​ខ្លួន នឹង​ត្រូវ​ប្ដូរ​ទៅជា Meta។

លោក​អះអាង​ថា ការ​ផ្លាស់ប្ដូរ​នេះ​គឺ​ដើម្បី​ផ្ដោត​លើ​ចក្ខុវិស័យ Metaverse ក៏ប៉ុន្ដែ​ទង់​និមិត្តសញ្ញា និង​កម្មវិធី Facebook ដែល​ប្រើ​ដោយ​មនុស្ស​ជិត ៣​ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់​ខែ នឹង​នៅតែ​រក្សា​ឈ្មោះ​ដដែល។

ថ្លែង​នៅ​ក្នុង​សន្និសីទ​របស់​ក្រុមហ៊ុន លោក Zuckerberg បាន​និយាយ​ថា វា​ដល់​ពេល​ហើយ​ក្នុង​ការ​កែលំអ​អត្តសញ្ញាណ​របស់​សាជីវកម្ម ដើម្បី​ឆ្លុះបញ្ចាំង​ពី​មហិច្ឆតា​ដ៏​កាន់តែ​ធំធេង​របស់​ខ្លួន។ លោក​សង្កត់​ធ្ងន់​ថា ចាប់ពី​ថ្ងៃ​នេះ​តទៅ យើង​នឹង​ក្លាយ​ជា Metaverse ដំបូង​គេ ហើយ​លោក​ជឿ​ថា ប្រជាជន​នឹង​ដឹង​ពី​ម៉ាក Meta និង​អនាគត​ដែល​ពួក​យើង​ទ្រាំទ្រ។

លោក​បញ្ជាក់​ផង​ដែរ​ថា អនាគត​របស់​ក្រុមហ៊ុន គឺ​ផ្ដោត​លើ​បច្ចេកវិទ្យា​ផលិតផល VR និង​ជា​ពិភព​អនឡាញ​ដែល​មនុស្ស​អាច​លេង​ហ្គេម ចូលរួម​កម្មវិធី​នានា ចូល​កម្មវិធី​តន្ត្រី និង​ទំនាក់ទំនង​ជាមួយ​ក្រុម​ការងារ មិត្តភ័ក្ដិ​នៃ​បរិយាកាស​និម្មិត ដោយ​មិន​បាច់​ចេញពី​ផ្ទះ​បាន។

ក្រុមហ៊ុន Meta បាន​រៀបរាប់​ថា Metaverse គឺជា​លំហ​ពិត 3D ដែល​អ្នក​ប្រើប្រាស់​អាច​បង្កើត​អវតារ​តំណាង​ឱ្យ​ពួកគេ​បាន។

លោក Zuckerberg រំឭក​ថា ហ្វេសប៊ុក គឺជា​ឈ្មោះ​ដែល​លោក​បង្កើត​ចេញពី​អន្តេវាសិកដ្ឋាន​មហាវិទ្យាល័យ នៅ​ឆ្នាំ​២០០៤ ជា​ក្រុមហ៊ុន​ដ៏​គំរូ​នៃ​បណ្ដាញ​សង្គម ប៉ុន្តែ​វា​លែង​បរិយាយ​គ្រប់​អ្វីៗ​ដែល​ក្រុមហ៊ុន​ធ្វើ​ទៀត​ហើយ។ លោក​ថា​ម៉ាក​នេះ សព្វថ្ងៃ​វា​ភ្ជាប់​តែ​នឹង​ផលិតផល​មួយ​ដែល​មិន​អាច​តំណាង​ឱ្យ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​សព្វថ្ងៃ​នេះ​ទេ។

កាលពី​ខែ​សីហា លោក Zuckerberg បាន​ប្រាប់​អ្នក​យក​ព័ត៌មាន Gayle king របស់​សារព័ត៌មាន​ពេល​ព្រឹក CBS ថា Metaverse គឺជា​ជំនាន់​ក្រោយ​នៃ​អ៊ីនធឺណិត។

គេ​ចាំ​បាន​ថា កាលណោះ​លោក​និយាយ​ថា ជំនួស​ឱ្យ​អ៊ីនធឺណិត​ដែល​យើង​មើល​ឃើញ​អេក្រង់​កាន់​នឹង​ដៃ​បាន Metaverse នឹង​ជា​អ៊ីនធឺណិត​ដែល​យើង​អាច​រួម​ចំណែក ហើយ​ចូល​ទៅ​ក្នុង​វា​បាន។ Zuckerberg មាន​ជំនឿ​ថា បច្ចេកវិទ្យា​ទំនើប​នេះ​វា​នឹង​ពាំនាំ​នូវ​ទម្រង់​នៃ​អភិបាលកិច្ច​ថ្មី​ទៀត​ផង។

ទន្ទឹម​នឹង​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​នេះ ក្រុមហ៊ុន​ក៏​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​រិះគន់​ពី​កង្វះ​កិច្ចការពារ ដោយ​កាលពី​ខែ​មុន​នេះ បុគ្គលិក​ម្នាក់​ឈ្មោះ Frances Haugen បាន​ទម្លាយ​នូវ​ឯកសារ​រាប់​ពាន់​ដែល​បង្ហាញ​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹង​ថា​វេទិកា​នេះ​ជួយ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​អាច​កម្ចាត់​ផល​អវិជ្ជមាន​នេះ​បាន​ទេ។ យ៉ាងណា ក្រុមហ៊ុន​បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​ទាំងនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស