34 C
Phnom Penh

រដ្ឋាភិបាល​ឱ្យ​តំណាង​ហ្វេសប៊ុក​ដំណើរការ​នៅ​កម្ពុជា​វិញ តែ​បន្ត​ហាម​បុគ្គល​២២​រូប​មិន​ឱ្យ​ចូល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ប្រៃសណីយ៍ ប្រកាស​មិន​ឲ្យ​បុគ្គល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ក្រុមហ៊ុន Meta ជាង ២០​រូប​ចូល​មក​កម្ពុជា​វិញ​ទេ​ក្រោម​លេស​ថា អ្នក​ទាំងនោះ​បាន​ផ្ដល់​អនុសាសន៍​អាក្រក់​មាន​ចរិត​នយោបាយ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា ទោះបីជា​ក្រុមហ៊ុន​នេះ​មិន​ដាក់​ពិន័យ Facebook លោក ហ៊ុន សែន ក៏ដោយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ក្រសួង​អនុញ្ញាត​ឲ្យ​តំណាង​ក្រុមហ៊ុន Facebook អាច​បន្ត​បំពេញ​ការងារ​នៅ​ប្រទេស​កម្ពុជា​តទៅទៀត បន្ទាប់ពី​ក្រុមហ៊ុន Meta មិន​ដាក់​ពិន័យ​ចំពោះ Facebook របស់​លោក ហ៊ុន សែន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) ចាត់ទុក​ការ​មិន​ដាក់​ពិន័យ​របស់​ក្រុមហ៊ុន Meta ចំពោះ Facebook លោក ហ៊ុន សែន ថា​ជា​ការ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ។

ទោះជា​បែប​នេះ​ក្តី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​លោក ហ៊ុន សែន បាន​បដិសេធ​ចំពោះ​បុគ្គល​ទាំង ២២​រូប​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc. មិន​ឲ្យ​ចូល​កម្ពុជា​វិញ ដោយ​ក្រសួង​ចោទ​ថា បុគ្គលិក​ទាំង ២២​រូប​នៃ​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​អនុសាសន៍​ដ៏​អាក្រក់​មាន​ចរិត​នយោបាយ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា។

តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ចំនួន ២២​រូប​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា​ភ្លាមៗ​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៣ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ប្រកាស​ផ្អាក​ដំណើរការ​ហ្វេសប៊ុក​លោក ហ៊ុន សែន។

ចំណែកឯ​លោក ហ៊ុន សែន វិញ កាលពី​ថ្ងៃទី​២២ ខែ​សីហា កន្លងទៅ ក៏​បាន​ចោទប្រកាន់​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​បាន​បិទ​អាខោន​ថា ធ្វើឡើង​ក្នុង​ចេតនា​បំផ្លាញ​លោក​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

វិធានការ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ចាត់ទុក​ថា​ជា​ការ​សងសឹក និង​ជា​ភាព​អាម៉ាស់​របស់​រដ្ឋាភិបាល​កម្ពុជា។

ក្រុមហ៊ុន Meta បាន​បញ្ជាក់​ថា ការ​ដែល​ក្រុមហ៊ុន​នេះ​សម្រេច​ផ្អាក​មិន​ឲ្យ​ដំណើរការ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រយៈពេល ៦​ខែ គឺ​បន្ទាប់ពី​មាន​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដែល​បាន​រំលោភ​លើ​វិធាន​របស់​ក្រុមហ៊ុន Meta ស្ដីពី​ការ​គំរាមកំហែង និង​ហិង្សា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស