35 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​ប្រើ​ហ្វេសប៊ុក​វិញ​បន្ទាប់ពី​បណ្ដេញ​បុគ្គល​២២​រូប​នៃ​ក្រុមហ៊ុន Meta ចេញពី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រកាស​ប្រើ Facebook វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក បើ​ទោះបីជា​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅ លោក​ប្រកាស​ថា​ឈប់​ប្រើ Facebook ដោយ​ងាក​មក​ប្រើ TikTok របស់​ចិន និង Telegram របស់​រុស្ស៊ី ម្ដង​វិញ​នោះ។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា ការ​សម្រេច​ងាក​មក​ប្រើ Facebook វិញ បន្ទាប់ពី​ក្រុមហ៊ុន Facebook បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក ដោយ​ទាត់​ចោល​អនុសាសន៍​របស់​តំណាង​នៃ​ក្រុមហ៊ុន Meta ចំនួន ២២​រូប ដែល​លោក​ហៅថា​ជា​ក្រុម​មនុស្ស​ខូច​ចោទប្រកាន់​លើ​រូបលោក។

លោក ហ៊ុន សែន អះអាង​ថា លោក​ក៏​មិន​អនុញ្ញាត​ទទួល​យក​តំណាង​នៃ​ក្រុមហ៊ុន​មេតា​ទាំង ២២​រូប​នេះ​ចូល​មក​កម្ពុជា​វិញ​ដែរ ដោយ​ចាត់ទុក​ថា​អ្នក​ទាំងនោះ​ជា​ក្រុម​មនុស្ស​ខូច។ លោក​ថា ក្រុមហ៊ុន​Facebook នេះ ទទួល​បាន​ប្រាក់ចំណេញ​លើស ២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​តែ ១០% ឬ​ស្មើ​នឹង​ជាង ២០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ (តួលេខ​ផ្នែក​ពន្ធដារ) តែប៉ុណ្ណោះ។

លោក ហ៊ុន សែន ព្រមាន​ថា អ្នក​ដែល​បាន​យក​ឈ្មោះ​លោក​ទៅ​បង្កើត Facebook ឬ TikTok ក្លែងក្លាយ​នោះ ត្រូវ​លុប​ចោល​ជាបន្ទាន់ ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ខណៈ​ការ​សម្រេច​ប្រើ ឬ​មិន​ប្រើ Facebook គឺជា​សិទ្ធិ​ផ្ដាច់មុខ​របស់​លោក​ប៉ុណ្ណោះ។

ក្រៅពី​ប្រើប្រាស់ Facebook នោះ លោក​ក៏​ប្រើ TikTok ,YouTube, Telegram, Instagram និង Twitter ដែរ។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អះអាង​ថា លោក​បន្ត​ប្រើប្រាស់​បណ្ដាញ TikTok ដោយ​មើល​ឃើញ TikTok របស់​លោក​ផ្លូវការ​មាន​អ្នក Follower កើន​ឡើង​រហូត​ដល់​ជាង ៥០០​ពាន់ (500K) ខណៈ​វីដេអូ​ចៅ​ស្រីៗ​ដែល​ផ្សាយ​លើ​បណ្ដាញ​នេះ លោក​ថា​មាន​អ្នក​មើល​ជាង ៧,៤​លាន (7,4M) ឯណោះ។

ជុំវិញ​រឿង​នេះ​ដែរ ក្រុម​អ្នក​ឃ្លាំមើល​ធ្លាប់​អះអាង​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ញៀន​នឹង​ការ​លេង​ហ្វេសប៊ុក ដោយ​មិន​អាច​អត់​លេង​ហ្វេសប៊ុក​បាន​ឡើយ។ ជាក់ស្ដែង ទោះបីជា​លោក​ប្រកាស​ក្ដែងៗ​ថា​ឈប់​ប្រើប្រាស់​ហ្វេសប៊ុក​ហើយ​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន ក៏​នៅតែ​លួច​លេង​ហ្វេសប៊ុក​ដដែល។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ជា​ថ្មី​ថា លោក​ឈប់​ប្រើ Facebook ហើយ ដោយ​ចោទ​ថា​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​បាន​បិទ​គណនី (អាខោន) ធ្វើ​ឡើង​ក្នុង​ចេតនា​បំផ្លាញ​លោក​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

ក្រុមហ៊ុន Meta បាន​បញ្ជាក់​ថា ការ​ដែល​ក្រុមហ៊ុន​នេះ​សម្រេច​ផ្អាក​មិន​ឲ្យ​ដំណើរការ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រយៈពេល ៦​ខែ គឺ​បន្ទាប់ពី​មាន​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដែល​បាន​រំលោភ​លើ​វិធាន​របស់​ក្រុមហ៊ុន Meta ស្ដីពី​ការ​គំរាមកំហែង និង​ហិង្សា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស