27 C
Phnom Penh

ប្រធាន​បក្ស​ប្រឆាំង​សម្រេច​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន​ដើម្បី​ផ្លាស់ប្ដូរ​ទីលំនៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​ប្រាប់​សមាជិក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន ដើម្បី​ផ្លាស់ប្ដូរ​ពី​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទៅ​រស់នៅ​ជាយក្រុង​វិញ​ម្តង ក្នុង​នោះ​ក៏​ដើម្បី​រំលែក​ថវិកា​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

គេហដ្ឋាន​ជា​វីឡា​មួយ​ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​បាន​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ​ជាង ២​លាន​ដុល្លារ​អាមេរិក​លើ​ទំព័រ Facebook អចលនទ្រព្យ The Century 21 Advance Property For Sale ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

អតីត​អ្នកទោស​នយោបាយ​ខ្មែរ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ វិច្ឆិកា នេះ​ថា ការ​ប្រកាស​ដាក់​លក់​ផ្ទះ​ដែល​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បង្ហាញ​ពី​ភាព​ជា​គំរូ​របស់​មេដឹកនាំ​ដែល​ហ៊ាន​លះបង់​សេចក្តី​សុខ​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ​ខ្លួនឯង ដើម្បី​តស៊ូ​រក​យុត្តិធម៌​ជូន​សង្គម​ជាតិ​ដោយ​ភាព​ស្អាតស្អំ និង​ឥត​រួញរា។

លោក​អះអាង​ថា ការ​ប្រកាស​លក់​ទ្រព្យសម្បត្តិ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​កន្លងមក​ផង​ដែរ ដែល​ថា​លោក កឹម សុខា ជាប់​ពន្ធនាគារ គឺជា​ថ្នូរ​នឹង​ការ​ទទួល​បាន​លុយ​កាក់​ពី​បក្ស​កាន់​អំណាច​កន្លងមក​នោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​តស៊ូ​របស់​លោក កឹម សុខា លើ​ឆាក​នយោបាយ​កម្ពុជា​រហូត​មក​ទល់នឹង​ពេល​នេះ ល្មម​គ្រប់គ្រាន់​អាច​បញ្ជាក់​ពី​គុណធម៌​របស់​លោក​ដែល​ដឹកនាំ​ចលនា​ដោយ​សុចរិត ទៀងត្រង់ មិន​ប្រព្រឹត្ត​អំពើពុករលួយ មិន​ក្បត់​ឆន្ទៈ​អ្នកគាំទ្រ​របស់​ខ្លួន ដោយ​មិន​ធ្វើ​នយោបាយ​បន្លំ​ភ្នែក​ពលរដ្ឋ​តាមរយៈ​នៃ​ការ​ទទួល​ជំនួយ​ពី​បក្ស​កាន់​អំណាច ដើម្បី​កំដរ​ឆាក​នយោបាយ​សព្វថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​កន្លងមក​នោះ​ទេ។

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ពី​បទ «ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស»

មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​ប្រកាស​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដាក់​លក់​ផ្ទះ​របស់​លោក កឹម សុខា នៅ​ពេលនេះ មិន​មែន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ណា​មួយ​របស់​តុលាការ​នោះ​ឡើយ។

យ៉ាងណាក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មក​ហើយ​ដែល​តុលាការ​កម្ពុជា​នៅ​មិន​បើក​សវនាការ​លើ​រឿង​ក្តី​របស់​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅឡើយ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក ក្រោម​ហេតុផល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19។ បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ផង​ដែរ​ពី​ការ​ប្រកាស​សវនាការ​របស់​លោក កឹម សុខា ពី​តុលាការ ក្រោយពី​លោក ហ៊ុន សែន ប្រកាស​បើក​ប្រទេស​ឡើងវិញ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើកឡើង​ថា ប្រសិនបើ​សំណុំ​រឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំ​ជម្រះ​កាត់​សេចក្តី​រួច​ស្រេច​ទៅ​ហើយ ព្រោះ​ថា​តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​យ៉ាង​យូរ​បាន​ត្រឹមតែ ១៨​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំ​ជម្រះ​ក្តី​ជាបន្តបន្ទាប់ នៅ​តែ​មិនទាន់​បើក​សវនាការ​ទៀត​ដូច្នេះ គឺ​មាន​ន័យ​ថា​សំណុំរឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស