27.5 C
Phnom Penh

ស្ថានទូត​អាល្លឺម៉ង់៖ ការ​វាយប្រហារ​លើ​អ្នក​សារព័ត៌មាន​គឺ​រំលោភ​សិទ្ធិ​បុគ្គល​និង​សិទ្ធិ​សមូហភាព​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា អះអាង​ថា នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​រង​ការ​វាយប្រហារ​ដោយសារ​ការងារ​របស់​ខ្លួន មិនមែន​ត្រឹមតែ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការ​រំលោភ​សិទ្ធិ​សមូហភាព​របស់​សង្គម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ។

ស្ថានទូត​របស់​ប្រទេស​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នេះ​ថា ការ​បំបិទ​មាត់​អ្នក​សារព័ត៌មាន មិន​ត្រឹមតែ​ជា​កង្វល់​សម្រាប់​បុគ្គល​ម្នាក់ ឬ​អាជីព​អ្នក​សារព័ត៌មាន​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​សង្គម​ដ៏​ធំធេង​នា​ពេល​បច្ចុប្បន្ន និង​អនាគត​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ប្រភព​ដដែល​បាន​ចាត់ទុក​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​លើកឡើង​ថា តើ​ហេតុ​អ្វី​បាន​ជា​មាន​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន?

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ពួកគេ​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ឥត​ឈប់ឈរ​នា​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ គឺជា «ទិវា​អន្តរជាតិ​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន» ដែល​តែង​ប្រារព្ធ​ឡើង​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ដើម្បី​ទាមទារ​តវ៉ា​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន​បន្ត​ទៀត ក្នុង​បំណង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន​ឱ្យ​កាន់តែ​ទូលំទូលាយ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ វិច្ឆិកា នេះ​ថា អំណាច​សារព័ត៌មាន​គឺជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​នៃ​ជំងឺ​របស់​សង្គម ដែល​អាច​ជួយ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​នានា ដូចជា​រដ្ឋាភិបាល ជាដើម អាច​មើល​ឃើញ​កាន់តែ​ច្បាស់​ពី​ប្រភព​ដើម​នៃ​បញ្ហា​នានា​ដែល​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​ដឹកនាំ​របស់​ខ្លួន។ ដូច្នេះ ការ​បើក​ឱ្យ​មាន​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន គឺជា​រឿង​ល្អ និង​សំខាន់​បំផុត​សម្រាប់​សង្គម​ជាតិ​ទាំងមូល។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា ប្រទេស​ដែល​បាន​ប្រកាន់​របប​ប្រជាធិបតេយ្យ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ព្យាយាម​រឹតត្បិត​សេរីភាព​សារព័ត៌មាន គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​មាន​ចេតនា​បិទ​បាំង​នូវ​ទង្វើ​ឧក្រិដ្ឋ​របស់​ខ្លួន និង​ខ្វះ​នូវ​ការ​ទទួល​ខុសត្រូវ​ផង​ដែរ ដែល​ជា​ទង្វើ​មួយ​ប្រាសចាក​ពី​ការ​ដឹកនាំ​តាម​បែប​សង្គម​ប្រជាធិបតេយ្យ​ទាំងស្រុង។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា បើ​កម្ពុជា​មិន​ចង់​ឱ្យ​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​ខុស​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ គួរ​កុំ​ឱ្យ​មាន​ការ​រឹតត្បិត​សេរីភាព​លើ​អ្នក​សារព័ត៌មាន បង្កើត​អំពើ​និទ្ទណ្ឌភាព​លើ​អ្នក​សារព័ត៌មាន ដើម្បី​ទុក​ឱកាស​ឱ្យ​វិស័យ​នេះ​បាន​ចូលរួម​ឆ្លុះបញ្ចាំង​ពី​មេរោគ​របស់​សង្គម ដែល​ជា​ឧបសគ្គ​ដល់​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ។

អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជិត ១០​ស្ថាប័ន រួម​មាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ (IFJ) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាប់​អ្នក​ប្រព្រឹត្តិ​បទល្មើស​នៃ​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​លើ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា យក​ទៅ​ផ្ដន្ទាទោស​នា​ពេល​កន្លងមក។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជាបន្ទាន់ ដើម្បី​ធានា​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជភាព និង​តម្លាភាព​ទៅ​លើ​គ្រប់​ករណី​បទល្មើស​ទាំងអស់​ដែល​បាន​កើតឡើង​លើ​អ្នក​សារព័ត៌មាន ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​សាច់ញាតិ​របស់​ពួកគេ​ដែល​រង​ការ​រំលោភបំពាន​ពី​ជន​ដៃដល់​ទាំងនោះ។

ចាប់តាំង​ពី​ឆ្នាំ​១៩៩៤ មក យ៉ាងហោចណាស់​អ្នក​សារព័ត៌មាន​ជិត ២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ក្នុង​នោះ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ជន​រងគ្រោះ​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើប​អង្កេត​ទៅលើ​បញ្ហា​រសើប​នានា ដូចជា​បញ្ហា​អំពើពុករលួយ និង​រឿង​នយោបាយ​ដែល​ទាក់ទិន​ទៅ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន ជាដើម។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជា​លំដាប់ ពោល​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០។

ចំណែក​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​នៅ​បរទេស អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ ៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ក្នុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០។

ដោយឡែក​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ក៏​បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស