29 C
Phnom Penh

ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល៖ ជន​ផ្ដាច់ការ​យក​ប្រទេស​ទាំងមូល​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​បក្ខពួក​និង​វង្ស​ត្រកូល​ខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រូប​អះអាង​ថា ជន​ផ្ដាច់ការ​នៅ​លើ​ពិភពលោក​តែង​យក​ប្រទេស​ជាតិ​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​បក្ខពួក ពូជពង្ស​វង្ស​ត្រកូល​ខ្លួនឯង ដោយ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ លោក អ៊ិត សារម្យ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ​ថា ជន​ផ្ដាច់ការ​តែង​ប្រើ​យន្តការ​ជា​បណ្ដាញ ឬ Network តាមរយៈ​យក​សាច់ញាតិ​របស់​ខ្លួន ដូចជា​កូនបង្កើត កូនប្រសា ឪពុក​ម្ដាយ​របស់​ពួកគេ​ធ្វើជា​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ជាតិ ដែល​មាន​ឋានៈ ឬ​តួនាទី​ជា​រដ្ឋមន្ត្រី សមាជិក​រដ្ឋសភា និង​ជា​សមាជិក​ព្រឹទ្ធសភា​ដែល​សង្គម​បែប​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ជា​សង្គម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​ក្នុង​ស្ថានភាព​ជា​ទាសករ​ក្នុង​សម័យ​ថ្មី​បច្ចុប្បន្ន​នេះ។

ប្រធាន​គណបក្ស​រូប​នេះ​អះអាង​ថា ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្គម​ផ្ដាច់ការ គ្មាន​សេរីភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ដែល​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ដែល​ជា​ច្បាប់​ត្រឹមត្រូវ​ឡើយ។ ពួកគេ​តែងតែ​បង្កើត​ច្បាប់​ដើម្បី​បំបិទ​មាត់​ពលរដ្ឋ​មិន​ឲ្យ​បញ្ចេញ​មតិ​ចំពោះ​អំពើ​អយុត្តិធម៌​ដែល​បាន​កើត​មាន​ក្នុង​សង្គម។

ការ​អះអាង​នេះ ធ្វើ​ក្រោយ​ពេល​ប្រធាន​បក្ស​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ នាំ​ខ្លួន​ទៅ​សាកសួរ​ទាក់ទិន​នឹង​ការ​បញ្ចេញ​មតិ​របស់​លោក​លើ​បណ្ដាញ​សង្គម ដែល​ពួកគេ​សង្ស័យ​ថា​ជា​ការ​រិះគន់​ដល់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ លោក អ៊ិត សារម្យ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំ​ដោយ​លោក ហែម ដារិទ្ធ នាំគ្នា​ទៅ​ព័ទ្ធ​ផ្ទះ​របស់​លោក និង​នាំ​ខ្លួន​មេ​បក្ស​រូប​នេះ​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​សាកសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ ក្រោយ​រូបលោក​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​រួច​មក។

មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ បាន​ចែង​ថា មនុស្ស​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ ហើយ​សិទ្ធិ​នេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​ស្វែងរក​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​យោបល់​សព្វ​បែប​យ៉ាង​ដោយ​គ្មាន​កំណត់​ព្រំដែន​អ្វី​ទាំងអស់ ទោះ​ទាំង​តាម​ផ្ទាល់​មាត់​ក្តី ទាំង​តាម​ការ​សរសេរ ឬ​បោះពុម្ព​ក្តី ក្នុង​ទម្រង់​នៃ​សិល្បៈ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី។

ដោយឡែក​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ករណីយកិច្ច​ដូចៗ​គ្នា​ទាំងអស់ ដែល​កម្ពុជា​ទទួលស្គាល់​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​ច្បាប់។

លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិនបើ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម Facebook រិះគន់​លើ​រដ្ឋាភិបាល​របស់​លោក សូម​កុំ​បន្សល់​នូវ​បទល្មើស​ឱ្យ​សោះ ទោះ​ម៉ោង ១២​យប់ ក៏​ត្រូវតែ​ចាប់​ខ្លួន​ដែរ ព្រោះ​លោក​ចាត់ទុក​ថា​ទង្វើ​នោះ​គឺជា​បទល្មើស​ជាក់ស្តែង។

ករណី​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ គឺ​កំពុង​ទាញ​កម្ពុជា​ទៅ​រក​សង្គម​ផ្ដាច់ការ ជាជាង​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​ច្បាប់​តម្រូវ​ឱ្យ​បើក​ទូលាយ​នូវ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ដូច​ដែល​រដ្ឋាភិបាល​របស់​លោក​កំពុង​ចាប់​ខ្លួន​អ្នក​រិះគន់​លើ​ការ​ដឹកនាំ​របស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស