34 C
Phnom Penh

លោក កឹម សុខា សម្ដែង​មោទកភាព​បន្ទាប់ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​ថ្លែង​អំណរគុណ​ដល់​រូបលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​សព្វថ្ងៃ លោក កឹម សុខា សម្ដែង​មោទកភាព បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី ចេញ​ព្រះរាជសារ​ថ្លែង​អំណរគុណ​ដល់​រូបលោក​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​ជូនពរ​លោក បន្ទាប់ពី​លោក​បាន​ចេញ​លិខិត​ថ្វាយព្រះពរ​ជូន​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​ពិធី​ខួប​១៧ នៃ​ការ​ឡើង​គ្រងរាជ​សម្បត្តិ​កាលពី​ពេល​ថ្មីៗ​នេះ។

ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ចេញ​ព្រះរាជសារ​ជូនពរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ថា សូម​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​មាន​សុខភាព​ល្អ និង​ជួប​តែ​ពរ​ទាំង​បួន​ប្រការ​ជានិរន្តរ៍។

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ក្នុង​ពិធី​ខួប ១៧​ឆ្នាំ​នៃ​ការ​ឡើង​គ្រងរាជ​សម្បត្តិ​របស់​ព្រះអង្គ កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ថា លោក​នៅតែ​គោរព និង​ដង្ហែ​តាម​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ជានិច្ច ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ព្រះមហាក្សត្រ​ខ្មែរ​គឺជា​ព្រះ​ប្រមុខរដ្ឋ​របស់​កម្ពុជា ដែល​មាន​ព្រះរាជ​តួនាទី​សំខាន់ៗ​ក្នុង​ការ​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សេរីភាព​របស់​ពលរដ្ឋ ការ​គោរព​សិទ្ធិមនុស្ស គោរព​សន្ធិសញ្ញា​អន្តរជាតិ ដែល​តួនាទី​ទាំងនេះ​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស តាម​ប្រសាសន៍​លោក ហ៊ុន សែន និង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង អស់​រយៈពេល ១​ឆ្នាំ។ បន្ទាប់មក នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​ឡើយ។

រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទើប​លោក កឹម សុខា ត្រូវ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត គឺ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​ហាមប្រាម​ការ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត។ បែប​នេះ​ក្តី រហូត​មក​ទល់​នឹង​ពេលនេះ លោក កឹម សុខា នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​នៅតែ​មិនទាន់​អាច​កាត់​ក្តី​លើ​រូបលោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា ធ្លាប់​បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ផ្អឹប​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហើយ​បែរជា​បន្ត​បើក​សវនាការ​លើ​ករណី​ផ្សេង​ជំនួស​វិញ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​អយុត្តិធម៌​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង​ផង និង​បង្ហាញ​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា​ផង​ដែរ។

ទោះ​យ៉ាងណា កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស