33 C
Phnom Penh

អូស្ត្រាលី​ប្ដេជ្ញា​សហការ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រឹតត្បិត​សេរីភាព បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី នៃ​ប្រទេស​អូស្ត្រាលី ផង​នោះ បាន​លើកឡើង​ថា រដ្ឋាភិបាល​អូស្ត្រាលី តែងតែ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក កឹម សុខា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ក្រោយ​ពី​ជំនួប​ជាមួយ​លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រី​ការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការ​នារី នៃ​ប្រទេស​អូស្ត្រាលី ថា​ប្រទេស​អូស្ត្រាលី នឹង​ពិភាក្សា​សហការ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​លើ​បញ្ហា​មួយ​ចំនួន ទាំង​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក កឹម សុខា បាន​លើកឡើង​ទៀត​ថា ក្នុង​ឱកាស​នៃ​ជំនួប​នេះ លោក​ជំទាវ​រដ្ឋមន្ត្រី​ក៏​បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួប​មុខ និង​ពិភាក្សា​ជាមួយ​លោក​ផ្ទាល់ ដោយសារតែ​កន្លង​មក អ្នកស្រី​ធ្លាប់​តែ​បាន​ទទួល​តាមរយៈ​របាយការណ៍​ពី​សហការី​របស់​គាត់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ឯកអគ្គរាជទូត​របស់​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang អញ្ជើញ​ឱ្យ​ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក និង​ពិភាក្សា​ការងារ​នៅ​ឯ​និវាសដ្ឋាន​របស់​ស្ថានទូត​អូស្ត្រាលី ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១។

កន្លងមក​ថ្មីៗ​នេះ ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា តែងតែ​បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ស្ដារ​ឡើងវិញ​ពី​ជំងឺ Covid-19 នៅ​កម្ពុជា និង​ការ​អភិវឌ្ឍ​នា​ពេល​អនាគត។ មិន​ត្រឹម​តែប៉ុណ្ណោះ អូស្ត្រាលី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់​រួម​ទាំង​ពេល​ថ្មីៗ​នេះ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ ដើម្បី​ធានា​ឱ្យ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ អំពី​ស្ថានភាព​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រី​ការបរទេស បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ដោយ​បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ផង​ដែរ។

ប្រទេស​អូស្ត្រាលី គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ប្រកាន់​យក​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ដ៏​រឹងមាំ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា និង​ជាពិសេស​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។ ប្រទេស​នេះ​ក៏​ជា​អ្នក​ចូលរួម​ផ្ដួចផ្ដើម និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ដំណើរការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ការ​ស្វែងរក​សន្តិភាព ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ប៉ុន្តែ​តុលាការ​កម្ពុជា​នៅតែ​ពន្យារ​សវនាការ​របស់​លោក​ជាបន្តបន្ទាប់ ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​ម្ល៉េះ។ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំ​ជម្រះ​ក្តី​ជាបន្តបន្ទាប់ នៅតែ​មិនទាន់​បើក​សវនាការ​បាន​ទៀត ដូច្នេះ​សំណុំរឿង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស