34 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​អន្តរជាតិ​នៅតែ​ទទួលស្គាល់​សុពលភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា ជំនួប​លោក កឹម សុខា ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អូស្ត្រាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) បង្ហាញ​ថា គណបក្ស​ប្រឆាំង​នៅតែ​មាន​សុពលភាព​ដដែល​ក្នុង​កែវភ្នែក​របស់​អន្តរជាតិ ព្រមទាំង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ថា ស្រប​ពេល​ដែល​អន្តរជាតិ​កំពុង​ជួយ​ជំរុញ​កម្ពុជា​ឱ្យ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ​បែប​នេះ អ្នក​ដឹកនាំ​នយោបាយ​កំពូល​របស់​កម្ពុជា​ចាំបាច់​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ល្អ​មួយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ដើម្បី​កែប្រែ​មុខមាត់​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​ក្រោយ និង​ដើម្បី​ចៀសវាង​ទណ្ឌកម្ម​របស់​អន្តរជាតិ​ឲ្យ​កាន់តែ​ធ្ងន់​ជាង​សព្វថ្ងៃ​នេះ​បន្ថែម​ទៀត។

លោក​បន្ត​ថា ក្នុង​ក្រសែភ្នែក​ប្រទេស​លោកសេរី នៅតែ​ចង់​ឃើញ​កម្ពុជា​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​កើត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ ដូច្នេះ​មេ​បក្ស​ប្រឆាំង​អាច​បន្ត​សកម្មភាព​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាប់​គាំង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ដូចជា​ការ​អប់រំ​នូវ​ទស្សនៈ​អហិង្សា និង​ផ្សព្វផ្សាយ​ទស្សនៈ​នៃ​ការ​បង្រួបបង្រួម​ជាតិ ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដើម។

បណ្ឌិត សេក សុជាតិ បញ្ជាក់​ថា ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ត្រូវតែ​ផ្តើម​ចេញពី​ការ​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ​និង​ខ្មែរ តាមរយៈ​ការ​ផ្ដល់​សម្បទាន​នយោបាយ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ផលប្រយោជន៍​រួម​របស់​កម្ពុជា។ បន្ថែម​ពី​នេះ ត្រូវ​បញ្ឈប់​ការ​លាប​ពណ៌​ដាក់​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ ព្រោះ​ថា​ការ​ធ្វើ​នយោបាយ​មិនមែន​ជា​ការ​ធ្វើ​សង្គ្រាម​ប្រល័យ​មនុស្ស​ជាតិ​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការ​នារី​នៃ​ប្រទេស​អូស្ត្រាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) ដែល​បាន​ពិភាក្សា​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមទាំង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ដើម្បី​កម្ពុជា​ផង​ដែរ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់ ឬ​ស្លាប់ គឺ​អាស្រ័យ​លើ​ការ​ចូលរួម​របស់​ពលរដ្ឋ​ជាមួយ​មេដឹកនាំ​នយោបាយ​ទាំងស្រុង ថា​តើ​មេដឹកនាំ​នោះ​កំពុង​បង្ក​ជម្លោះ​នយោបាយ​កាន់តែ​ធំ ឬ​ដើម្បី​រក​ការ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ ដោយ​ការ​តស៊ូ​មតិ​តាម​បែប​អហិង្សា ដូច​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​អនុវត្ត​សព្វថ្ងៃ​នេះ​ឬ​យ៉ាង​ណា។

លោក​បន្ត​ថា វាសនា​ជាតិ​ខ្មែរ​ល្អ ឬ​អាក្រក់​ទៅ​ថ្ងៃ​មុខ គឺ​ស្ថិតនៅ​ក្នុង​កណ្ដាប់ដៃ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងស្រុង ដូច្នេះ​មេដឹកនាំ​ធំៗ​នៅ​កម្ពុជា​ត្រូវតែ​ចូល​តុ​ចរចា​ជជែក​គ្នា​អំពី​ការ​កសាង​សន្តិភាព និង​សុភមង្គល​ជូន​ជាតិ​របស់​ខ្លួន ដើម្បី​បញ្ចប់​ការ​សងសឹក​រវាង​ខ្មែរ​និង​ខ្មែរ​បន្ត​ទៀត បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​ខ្មែរ​នឹង​មិន​មាន​សេចក្តី​សុខ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស