មេរដ្ឋប្រហារនៅភូមា កាន់តែភ្ញាក់ខ្លួនថាត្រូវគេផាត់ចោលគ្រប់វេទិកាអាស៊ាន-អន្តរជាតិ បើសូម្បីសំណើរបស់ចិន ត្រូវគេទាត់ចោលទៅហើយនោះ បើទោះជាសំណើរបស់ប្រទេសណាទៀតក៏អាស៊ានទាត់ចោលដូចនេះដែរ។
នៅទីបំផុត មេដឹកនាំចិន លោក ស៊ី ជីនពីង សម្រេចចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ានដែលគេហៅថាកិច្ចប្រជុំកំពូលចិន-អាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែវិច្ឆិកា ទោះជាសំណើរបស់ចិន សុំឱ្យមេដឹកនាំយោធាភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មកចូលរួមប្រជុំត្រូវបានទាត់ចោល។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយពុំមានតំណាងយោធាភូមាណាម្នាក់ចូលរួមប្រជុំនោះទេ។
អវត្តមានរបស់មេដឹកនាំភូមា គឺមកពីអាស៊ាន ជាពិសេសសមាជិកខ្លាំង ៤ប្រទេសបានទាត់ចោលសំណើរបស់ចិន ដែលសុំឱ្យឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមប្រជុំដែលប្រេសិតចិនប្រាប់ថា កិច្ចប្រជុំកំពូលលើកនេះមានសារសំខាន់ណាស់ ព្រោះមានវត្តមានប្រធានាធិបតី ស៊ី ជីនពីង ហើយជាកិច្ចប្រជុំដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃទំនាក់ទំនងចិន-អាស៊ានរយៈពេល ៣០ឆ្នាំ។
ប្រទេសដែលទាត់ចោលសំណើរបស់ចិន គឺសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការសម្របសម្រួលរួមគ្នាដោយប្រទេសចិន និងប្រ៊ុយណេ ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។
នេះជាលើកទីពីរហើយក្នុងរយៈពេលពីរខែ ដែលមេដឹកនាំរដ្ឋប្រហារភូមា ត្រូវបានក្រុមសមាជិកក្នុងតំបន់អាស៊ានបដិសេធជាផ្លូវការ ហើយក្លាយជាការអាម៉ាស់ដ៏ធំមួយទៀតចំពោះមេដឹកនាំរបបយោធា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ដែលស្វែងរកភាពស្របច្បាប់ឱ្យរបបសឹករបស់ខ្លួន។
សមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតក្នុងភាពចលាចលនយោបាយចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ដឹកនាំដោយលោក មីន អ៊ុងឡាំង ដែលនាំឱ្យប្រទេសភូមាប្រឈមមុខនឹងការតស៊ូទូទាំងប្រទេសប្រឆាំងការគ្រប់គ្រងរបស់មេរដ្ឋប្រហាររូបនេះ ហើយបង្កឲ្យមានការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមអ្នកតវ៉ាប្រឆាំងរបបនេះ។ លើសពីនេះ របបនេះកំពុងប្រឈមមុខនឹងការប្រជែងគ្នាទាមទារឱ្យមានការទទួលស្គាល់រវាងរដ្ឋាភិបាលឯកភាពជាតិ ដែលត្រូវបានបង្កើតឡើងដោយសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) និងសម្ពន្ធភាពជនជាតិភាគតិចរបស់ប្រទេសនេះ ហើយនិងរដ្ឋាភិបាលរដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង។
កិច្ចប្រជុំនៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា នេះ គឺជាការប្រារព្ធខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងចិន និងអាស៊ាន។ កិច្ចប្រជុំកំពូលដែលមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រមុខរដ្ឋាភិបាលមកពីសមាជិកអាស៊ានចូលរួមកិច្ចប្រជុំ គឺបង្អួចសម្រាប់ប្រទេសភូមា ត្រូវទុកឱ្យនៅទំនេរ។

លោក Sun Guoxiang បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៅក្រសួងការបរទេសចិន បានទៅបំពេញទស្សនកិច្ចនៅភូមា នៅមុនពេលកិច្ចប្រជុំកំពូល ដោយបានជួបប្រជុំជាមួយលោក មីន អ៊ុងឡាំង ដោយបានបញ្ចុះបញ្ចូលថា អាស៊ាន-ចិននឹងបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី២២ វិច្ឆិកា គឺចិនចង់ឲ្យតំណាងជាន់ខ្ពស់ភូមាចូលរួមប្រជុំ តែសុំឱ្យផ្ដល់ដំណោះស្រាយជាបន្ទាន់ឱ្យស្របនឹងគោលការណ៍ ៥ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាកាលពីក្នុងខែមេសា ដែលរបបសឹកភូមាមិនបានអនុវត្តនោះទេ។
នៅមុនពេលមកដល់ភូមា ប្រេសិតចិនរូបនេះក៏បានធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងប្រ៊ុយណេ ហើយត្រូវបានប្រទេសពីរនេះប្រាប់ថា លោក មីន អ៊ុងឡាំង មិនត្រូវបានស្វាគមន៍នៅឯកិច្ចប្រជុំកំពូលនេះទេ។
ប្រឈមមុខនឹងការប្រឆាំងរបស់អាស៊ាន លោក Sun បានប្រាប់លោក មីន អ៊ុងឡាំង នៅក្នុងកិច្ចប្រជុំក្នុងរដ្ឋធានី Naypyitaw របស់ប្រទេសភូមា កាលពីចុងសប្តាហ៍មុនថា ប្រទេសចិនត្រូវតែទទួលយកជំហររបស់អាស៊ាន ដែលប្រឆាំងវត្តមានរបស់តំណាងយោធាភូមា។
លោក មីន អ៊ុងឡាំង ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមុន តាមការទទូចរបស់រដ្ឋសមាជិកមួយចំនួន រួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ បន្ទាប់ពីលោកមិនបានគោរពតាមការប្ដេជ្ញាចិត្តរបស់លោកចំពោះអាស៊ាន ក្នុងការដោះស្រាយវិបត្តិនយោបាយដែលបណ្តាលមកពីការឡើងកាន់អំណាចរបស់យោធា។
ការបដិសេធមិនអនុញ្ញាតឱ្យប្រេសិតអាស៊ានជួបជាមួយទីប្រឹក្សារដ្ឋដែលត្រូវបានគេឃុំឃាំង គឺអ្នកស្រី អ៊ុងសាន ស៊ូជី គឺជាចំណុចអវិជ្ជមានធ្ងន់ធ្ងរដែលនាំឱ្យអាស៊ានចោទរបបសឹកភូមាថាគេចចេញពីការប្ដេជ្ញាចិត្តរបស់មេដឹកនាំរបបសឹក។
ខណៈដែលរារាំងមិនឱ្យលោក មីន អ៊ុងឡាំង ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន អាស៊ានក៏បានយល់ព្រមការសុំចូលរួមរបស់ក្រុមរដ្ឋាភិបាលឯកភាពជាតិ ដោយបានអញ្ជើញជាផ្លូវការលោកបណ្ឌិត Tu Hkawng ដែលជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងអភិរក្សបរិស្ថានរបស់រដ្ឋាភិបាលនេះ ចូលរួមសន្និសីទអន្តរជាតិស្ដីពីអាកាសធាតុ និងគ្រោះមហន្តរាយដែលនឹងប្រព្រឹត្តទៅនៅសប្ដាហ៍នេះ។ នេះបើយោងតាមសារព័ត៌មានភូមា Irrawaddy ដែលបានចុះផ្សាយនៅថ្ងៃទី២២ វិច្ឆិកា នេះ។
បណ្ឌិត Tu Hkawng នឹងចូលរួមកិច្ចប្រជុំនេះដែលមានរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៣ វិច្ឆិកា។
លោក Tu Hkawng បានប្រាប់ The Irrawaddy ថា តាមរយៈវត្តមានរបស់លោកនៃកិច្ចប្រជុំអាស៊ាន គឺចាប់ពីពេលនេះតទៅ អាស៊ានដែលជាអង្គការតំបន់ ចាប់ផ្ដើមទទួលស្គាល់រដ្ឋាភិបាលឯកភាពជាតិភូមា ដែលជាក្រុមប្រឆាំងរបស់យោធា។ លោកបញ្ជាក់ថា ការទទួលស្គាល់រដ្ឋាភិបាលឯកភាពជាតិ គឺជាការទទួលស្គាល់សិទ្ធិរបស់ប្រជាជនភូមា។ ដោយឆ្លុះបញ្ចាំងអំពីការទាត់ចោលមិនឱ្យមេរដ្ឋប្រហារភូមាចូលរួមប្រជុំកំពូលអាស៊ាន-ចិន នៅពេលនេះ ហើយបែរជាបើកផ្លូវឱ្យតំណាងរដ្ឋាភិបាលឯកភាពជាតិ ឬរដ្ឋាភិបាលស្រមោល ចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន មានន័យថា អាស៊ានបានកំពុងប្រែក្លាយជាអង្គការតំបន់មួយរឹងមាំមិនត្រូវការឥទ្ធិពលប្រទេសណា ហើយសូម្បីប្រទេសចិន ដែលមានឥទ្ធិពលខ្លាំងលើប្រទេសខ្លះនៃសមាគមអាស៊ាន ក៏អាស៊ានមិនរណបដែរ។
ក្នុងន័យនេះទៀត អាស៊ានបានកំពុងផ្ដល់មេរៀនទៅរបបសឹកភូមាថា សមាជិកមួយនេះ អនាគតអាចប្រឈមនឹងការដាក់ទណ្ឌកម្មណាមួយទៀតពីអាស៊ាន បើនៅតែមិនអនុវត្តនូវគោលការណ៍ប្រាំចំណុចរស់មេដឹកនាំអាស៊ានទៀតនោះ។
គោលការណ៍ប្រាំចំណុចរបស់អាស៊ាន ដែលតម្រូវឱ្យពួកយោធាអនុវត្ត គឺ៖
- ទី១ ការបញ្ចប់អំពើហិង្សា។
- ទី២ ការដោះលែងអ្នកជាប់ឃុំទាំងអស់។
- ទី៣ ការបើកឱ្យប្រេសិតអាស៊ានជួបភាគីក្រុមប្រឆាំង។
- ទី៤ ទទួលយកជំនួយមនុស្សធម៌
- និងទី៥ បើកការចរចាជាមួយក្រុមប្រឆាំងដោយឆ្ពោះទៅរកការស្ដារប្រជាធិបតេយ្យឡើងវិញ៕