22 C
Phnom Penh

អ្នកវិភាគ៖ រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

បទវិភាគ

អ្នកវិភាគ​នយោបាយ​និង​សង្គម រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ថា ខ្លឹមសារ​នៃ​ច្បាប់​ខ្លះ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឡើង គឺ​ដើម្បី​បង្ក្រាប​លើ​អ្នក​ទិតៀន និង​ក្រុម​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក៏​ដើម្បី​ការពារ​អំណាច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ផង​ដែរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ការ​បង្កើត​ច្បាប់​តាម​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គឺ​ដូច​គ្នា​ទៅ​នឹង​ការ​បង្កើត​ច្បាប់​របស់​ប្រទេស​កុម្មុយនីស្ត​ដែរ គឺ​ក្នុង​បំណង​ដើម្បី​យក​ឈ្នះ​គូប្រជែង ជាជាង​ការ​ធានា​នូវ​ការ​ការពារ​នីតិរដ្ឋ​របស់​ប្រទេស ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​របប​ប្រជាធិបតេយ្យ​កាន់តែ​ឆ្ងាយ​ទៅៗ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ច្បាប់​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ចាប់​ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​យ៉ាង​អណាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​ប្រើ​វិធានការ​ច្បាប់​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ផ្ទុយពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​លិខិតុបករណ៍​អន្តរជាតិ​នានា ដូចជា​ច្បាប់​ក្រមព្រហ្មទណ្ឌ​ស្ដីពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម មាត្រា​៤៩៤ និង ៤៩៥ ជាដើម ដើម្បី​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​សកម្មជន​ផ្សេង​ទៀត​ពេញ​ប្រទេស​កម្ពុជា​តែម្តង។

យ៉ាងណាក៏ដោយ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា ការ​រិះគន់​លើ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​គ្រាន់តែ​មាន​បំណង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ ហើយ​ការ​លើកឡើង​ថា ការ​ប្រើ​ច្បាប់​របស់​កម្ពុជា​ដើម្បី​គាបសង្កត់​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព ក៏​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​នោះ​ដែរ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល កាលពី​ពេល​ថ្មីៗ​នេះ ធ្លាប់​បាន​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា​លុប​ចោល​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​មួយ​ចំនួន ដូចជា​មាត្រា​៤៩៤ និង ៤៩៥ ជាដើម ព្រោះ​ថា​មាត្រា​នៃ​ច្បាប់​នេះ គឺ​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ផ្ទុយពី​កតិកាសញ្ញា​អន្តរជាតិ​ទាំងស្រុង។

លោក​លើកឡើង​ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​មាត្រា​ខ្លះ​នៃ​ក្រមព្រហ្មទណ្ឌ ដូចជា​មាត្រា​៤៩៤ និង ៤៩៥ ស្ដីពី​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស ជាដើម គឺជា​ចេតនា​ដើម្បី​បំបិទ​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។ ដូច្នេះ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើងវិញ​ជាដាច់ខាត​នូវ​មាត្រា​ទាំងនោះ ព្រោះ​ថា​ច្បាប់​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ និង​រារាំង​សិទ្ធិ​របស់​ពលរដ្ឋ មិន​គួរ​ត្រូវ​បាន​ចាត់ទុក​ជា​ច្បាប់​នោះ​ទេ។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស