35 C
Phnom Penh

បក្ស​ប្រឆាំង​ថា​នឹង​ជួល​មេធាវី​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដកហូត​សញ្ជាតិ​អាមេរិក​ពី​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ប្រទេស បាន​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​ថា នឹង​ពិនិត្យ​លទ្ធភាព​ជួល​មេធាវី​អាមេរិកាំង ដើម្បី​ធ្វើ​កិច្ចការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ស្នើសុំ​ដកហូត​សញ្ជាតិ​អាមេរិកាំង​ដែល​ជា​សញ្ជាតិ​ទី​២ ពី​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រតិកម្ម​ជា​ថ្មី​ទៀត​នៅ​ពេលនេះ​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក ហ៊ុន សែន ប្រកាស​ឱ្យ​អ្នកគាំទ្រ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក ងើប​ឡើង​តវ៉ា​ប្រឆាំង​ការ​ដកហូត​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង។

នៅ​ក្នុង​ទំព័រ Facebook ផ្លូវការ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នឹង​ស្វះស្វែង​រក​មេធាវី​អាមេរិកាំង​ដើម្បី​ជួល​ឱ្យ​ធ្វើ​កិច្ចការ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ បើ​តាម​លោក សម រង្ស៊ី ការ​ពិនិត្យ​លទ្ធភាព​រក​មេធាវី​អាមេរិកាំង​នេះ គឺ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដកហូត​សញ្ជាតិ​អាមេរិក ដែល​ជា​សញ្ជាតិ​ទី​២ ពី​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​បន្ថែម​ថា មូលហេតុ​នៃ​ការ​ស្នើសុំ​ឱ្យ​ដក​សញ្ជាតិ​អាមេរិកាំង​ពី​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ព្រោះ​តែ​គណបក្ស​កាន់​អំណាច​មាន​លក្ខណៈ​ជា​បក្ស​ផ្ដាច់ការ​ដូច​បក្ស​កុម្មុយនីស្ត ដែល​សហរដ្ឋ​អាមេរិក​ប្រឆាំង​ដាច់ខាត។ មិន​តែប៉ុណ្ណោះ រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​កូនជឹង​របស់​ចិន​កុម្មុយនីស្ត ដែល​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​សត្រូវ។

លើស​ពី​នេះ​ទៀត អ្នក​ដែល​បាន​ស្នើសុំ​ចូល​សញ្ជាតិ​អាមេរិកាំង បាន​ស្បថ​ថា ខ្លួន​មិន​ចូល​ជា​សមាជិក ឬ​គាំទ្រ​គណបក្ស​ផ្ដាច់ការ​ណា​មួយ​ទេ ទោះ​ដោយ​ប្រយោល ឬ​ផ្ទាល់។

ស្ថិត​ក្រោម​ហេតុផល​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ចាត់ទុក​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដកហូត​សញ្ជាតិ​អាមេរិកាំង​ពី​មន្ត្រី និង​អ្នកគាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​ទោះ​ជា​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ចាត់ទុក​លោក សម រង្ស៊ី ថា​មិន​ទាន់​បាន​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​នៅឡើយ​ផង គឺ​លោក​មាន​របៀប​ធ្វើការ​តាម​បែប​ផ្ដាច់ការ​មុន​បាត់​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស