គណបក្សក្រៅរដ្ឋាភិបាលមួយរិះគន់ថា រដ្ឋាភិបាលកម្ពុជាហាក់ដូចជាទើបនឹងភ្ញាក់ពីដំណេកមកដាក់វិធានការទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបនៅពេលនេះ ខណៈមន្ត្រីបក្សនេះទាមទារឱ្យកាត់ទោស និងដាក់ពិន័យលើមន្ត្រីដែលបានរំលោភដីព្រៃលិចទឹកទាំងនោះទៅតាមច្បាប់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម.) បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១ ធ្នូ នេះថា ខ្លួននឹងបន្តតាមឃ្លាំមើលវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការទន្ទ្រាន និងអភិរក្សដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបនេះ ថាតើផែនការនេះនឹងមានប្រសិទ្ធភាព និងបានយូរអង្វែងប៉ុនណាទៅថ្ងៃមុខ។
គណបក្សក្រៅរដ្ឋាភិបាលមួយនេះបានអះអាងថា ខ្លួនក៏មានគោលនយោបាយការពារ និងស្ដារឡើងវិញនូវបឹងធម្មជាតិ និងព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធ្វើឲ្យកម្ពុជាសម្បូរទឹក សម្បូរត្រី និងសម្បូរព្រៃឡើងវិញផងដែរ។ ដូច្នេះ ខ្លួនក៏ចង់ដឹងថា តើផែនការទប់ស្កាត់របស់រដ្ឋាភិបាលនៅពេលនេះ នឹងជួយអ្វីបានខ្លះដល់តំបន់ជុំវិញបឹងទន្លេសាបនៅពេលអនាគត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការបន្ទាន់ឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន អនុវត្តផែនការទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប កាលពីពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់រានព្រៃលិចទឹកយកជាកម្មសិទ្ធិ ដោយប្រើកម្លាំងចម្រុះដែលពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃទាំងនោះឱ្យបានទាន់ពេលវេលា។
លោក ហ៊ុន សែន ព្រមានថា មន្ត្រីខិលខូចដែលពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននៅបឹងទន្លេសាប ហើយចង់បានការបន្ធូរបន្ថយទោស ត្រូវចូលសារភាពទោសកំហុសជាបន្ទាន់។ ក្នុងករណីមិនចេញសារភាពទេ លោកនឹងបញ្ជាឱ្យក្រុមដែលចេញទៅអនុវត្តវិធានការនេះចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លីដែលពួកគេបានទន្ទ្រាននោះទេ គឺរួមទាំងទ្រព្យសម្បត្តិដែលគេទទួលបានពីបទល្មើសនេះ ក៏នឹងត្រូវរឹបអូសថែមទៀត។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតនៅខេត្តចំនួន៦ រួមមានកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ក្នុងនោះមានក្រសួងពាក់ព័ន្ធដូចជាក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី ដើម្បីអនុវត្តវិធានការត្រួតពិនិត្យនេះរួមគ្នា។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអះអាងថា ខ្លួនបានសម្រេចដកហូតដីព្រៃលិចទឹកដែលមានការទន្ទ្រានជុំវិញបឹងទន្លេសាបជាង ២ពាន់ហិកតារ មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញហើយ។ ចំណែកអ្នកដែលទន្ទ្រានដីព្រៃលិចទឹកទាំងនោះមានលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ រួមទាំងមន្ត្រីយោធា មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋដែលជាខ្សែបណ្ដាញរបស់លោកសរុបចំនួន ១៣នាក់។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ធ្នូ នេះថា រដ្ឋាភិបាលគួរតែបកស្រាយប្រាប់ប្រជាពលរដ្ឋថា តើហេតុអ្វីមន្ត្រីក្រោមឱវាទរបស់ខ្លួនអាចរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជន ខណៈខ្លួនជាមន្ត្រីរាជការដែលត្រូវមានតួនាទីការពារដីរបស់រដ្ឋទាំងនោះ។
លោកលើកឡើងថា ការអនុវត្តវិធានការទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនេះ រដ្ឋាភិបាលត្រូវតែធ្វើឱ្យបានជាប្រចាំ ហើយគួរកុំសម្ដែងធ្វើឱ្យតែល្អមើលមួយពេល។ លោកថា ករណីនេះត្រូវស្រាវជ្រាវ និងដាក់ពិន័យឲ្យបានធ្ងន់ធ្ងរដល់មន្ត្រីដែលរំលោភយកដីព្រៃទាំងនោះ ជាការព្រមានដល់មន្ត្រីផ្សេងទៀតផងដែរ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើគណនី Facebook របស់ខ្លួន ដោយលើកជាសំណួរនៅថ្ងៃទី១ ធ្នូ នេះថា តើជនដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយចូលសារភាព នឹងត្រូវរួចខ្លួនពីសំណាញ់ច្បាប់ ឬយ៉ាងណា។
បឹងទន្លេសាបជាអាងស្តុកទឹកធម្មជាតិ និងមច្ឆជាតិដ៏សំខាន់របស់កម្ពុជា ដែលមានទំហំចំនួន ៣ពាន់គីឡូម៉ែត្រការ៉េនៅរដូវប្រាំង និងមានទំហំចំនួន ១ម៉ឺនគីឡូម៉ែត្រការ៉េនៅរដូវវស្សា និងមានជាប់ខេត្តចំនួនប្រាំដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ផងដែរ ដោយឡែកព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប មានផ្ទៃប្រមាណជិត ២៥ម៉ឺនហិកតារដែលជាជម្រកសម្រាប់ត្រីពង៕