អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា អ្នកនយោបាយប្រជាធិបតេយ្យពិតប្រាកដ ត្រូវតែមានគំនិតដោះស្រាយបញ្ហា និងកសាងប្រទេសជាតិឱ្យបានរីកចម្រើន និងសុំឱ្យពលរដ្ឋសហការចូលរួមសកម្មក្នុងការអនុវត្តផែនការស្ដារអភិវឌ្ឍប្រទេសរបស់ខ្លួន ដើម្បីជាតិមាតុភូមិរីកចម្រើន ថ្កុំថ្កើង រុងរឿងទៅថ្ងៃអនាគត គឺមិនមែនធ្វើសកម្មភាពនយោបាយគ្រាន់តែជាការហែកហួរគ្នានោះទេ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២ ធ្នូ នេះថា បេសកកម្មរបស់អ្នកនយោបាយប្រជាធិបតេយ្យ គឺត្រូវតែលើកយកបញ្ហាសង្គមជាតិមកជជែកវែកញែក និងដោះស្រាយដោយប្រកាន់គោលការណ៍ក្រមសីលធម៌ ចៀសវាងការវាយប្រហាររឿងបុគ្គលផ្ទាល់ខ្លួន ដើម្បីគ្រាន់តែឈ្នះចាញ់គ្នា ហើយបង្កវិបត្តិដល់ប្រទេសជាតិកាន់តែធ្ងន់បន្ថែមទៀត។
អ្នកវិភាគរូបនេះអះអាងថា ក្នុងនាមជាអ្នកនយោបាយ ត្រូវតែដឹងខ្លួនឯងច្បាស់ថា ត្រូវធ្វើអ្វីខ្លះ និងធ្វើយ៉ាងដូចម្តេច ដើម្បីដោះស្រាយបញ្ហាជាតិដែលកំពុងជាប់គាំង។ ជាងនេះទៀត ពួកគេក៏ត្រូវរកវិធីធ្វើគ្រប់បែបយ៉ាងដើម្បីកសាងរៀបចំសង្គមឲ្យបានល្អ ដែលអាចបង្កលក្ខណៈអំណោយផលដល់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា អ្នកនយោបាយប្រជាធិបតេយ្យទាំងនោះត្រូវតែកសាងប្រព័ន្ធគ្រប់គ្រងរដ្ឋឱ្យមានតម្លាភាព ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដឹកនាំប្រទេសឲ្យមានអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរឹងមាំ ដែលនឹងធ្វើឱ្យប្រទេសជាតិរបស់ខ្លួនមានវឌ្ឍនភាព វប្បធម៌ និងអារ្យធម៌ខ្ពង់ខ្ពស់។

ការអះអាងរបស់បណ្ឌិត ឡៅ ម៉ុងហៃ គឺដើម្បីរិះគន់ទៅលើមេដឹកនាំគណបក្សនយោបាយនៅកម្ពុជា ដែលតែងតែប្រកាន់ជំហរ និងការអនុវត្តបេសកកម្មនយោបាយរបស់ពួកគេតែរៀងៗខ្លួន ជាជាងការចរចាគ្នារកដំណោះស្រាយជូនជាតិដែលកំពុងជាប់ផុងក្នុងវិបត្តិនយោបាយសព្វថ្ងៃនេះ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី១ ធ្នូ ដែរថា កម្ពុជានៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពហែកហួរគ្នារវាងមេដឹកនាំអ្នកនយោបាយដែលមានឥទ្ធិពលបច្ចុប្បន្ននេះ ប៉ុន្តែពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិ ពិតជាត្រូវការមេដឹកនាំអ្នកនយោបាយថ្មីដែលមានឆន្ទៈស្វែងរកដំណោះស្រាយជូនជាតិ និងប្រជាពលរដ្ឋយ៉ាងខ្លាំង។
លោកលើកជាសំណួរថា តើអ្នកនយោបាយរបស់កម្ពុជាបច្ចុប្បន្ននេះ ទុកបញ្ហាជាតិដែលកំពុងកើតមានរាប់រយជំពូក ដូចជាបញ្ហាពលរដ្ឋក្រីក្រធ្វើចំណាកស្រុករាប់លាននាក់ បញ្ហាខ្វះខាតសេវាកម្មសុខាភិបាល ដែលធ្វើឱ្យពលរដ្ឋខ្វះការទទួលបាននូវការព្យាបាលពេញលេញ និងរស់ក្រោមប្រព័ន្ធយុត្តិធម៌ស្តង់ដារពីរ ដែលច្បាប់ការពារតែអ្នកមានអំណាចដូចសព្វថ្ងៃនេះ ឱ្យអ្នកណាជាអ្នកដោះស្រាយ?

វិបត្តិជាប់គាំងនយោបាយនៅកម្ពុជា ត្រូវគេមើលឃើញថា កំពុងដើរដល់ផ្លូវទាល់ដែលដោះស្រាយមិនចេញ ខណៈមេដឹកនាំនយោបាយធំៗមិនបានយកចិត្តទុកដាក់ដោះស្រាយពីវិបត្តិជាតិ ដែលកំពុងញាំញីពលរដ្ឋរបស់ខ្លួននោះទេ ប៉ុន្តែពួកគេបែរជាប្រឹងប្រើល្បិចរៀងៗខ្លួនដើម្បីយកឈ្នះគូប្រជែងនយោបាយរបស់ខ្លួនទៅវិញ។
បញ្ហានេះ ត្រូវគេមើលឃើញថា ការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឆ្នាំ១៩៨៥ មក បានប្រើអំណាចហួសដែនកំណត់។ ក្នុងនោះ លោក ហ៊ុន សែន បានរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ ដើម្បីយកឈ្នះគូប្រជែងនយោបាយរបស់ខ្លួនក្នុងបំណងកាន់កាប់អំណាចបន្តទៀត។
ជុំវិញបញ្ហានេះ សហភាពអឺរ៉ុប និងបណ្តាប្រទេសលោកសេរីជាច្រើន នៅតែជំរុញឱ្យអ្នកនយោបាយខ្មែរវិលទៅរកការចរចាបញ្ចប់ជម្លោះនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ជាងផលប្រយោជន៍បុគ្គល ឬបក្សរបស់ខ្លួន។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ ពន្លឺនៃកិច្ចចរចានយោបាយនៅកម្ពុជា នៅមិនទាន់មានសង្ឃឹមនៅឡើយទេ ខណៈលោក ហ៊ុន សែន ធ្លាប់បានអះអាងថា លោកគ្មានអ្វីត្រូវចរចានោះទេ ហើយលោកថែមទាំងហាមមិនឱ្យបរទេសជួយសម្របសម្រួលវិបត្តិនយោបាយនៅកម្ពុជាថែមទៀតផង៕