គណបក្សក្រៅរដ្ឋាភិបាល អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យកោះប្រជុំឡើងវិញដើម្បីដោះស្រាយបញ្ហាដែលថៃ ឈ្លានពានកម្ពុជា នាពេលនេះ។
គណបក្សកម្លាំងជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ថា ចំពោះស្ថានការណ៍សង្គ្រាមរយៈពេលជាង ១០ថ្ងៃមកនេះ គឺមានសភាពកាន់តែអាក្រក់ទៅៗ ក្រោយពីកងទ័ពថៃ ឈ្លានពានលើកម្ពុជា ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិល រហូតបណ្តាលឱ្យមានអ្នកស្លាប់ របួស និងជនភៀសសឹកកាន់តែកើនឡើង។
ប្រភពដដែល លើកឡើងថា ដើម្បីធានានូវសុខសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ និងអធិបតេយ្យ បូរណភាពដែនដី រដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងអ្នកនយោបាយ សកម្មជននយោបាយ និងក្រុមយុវជនមាតាធម្មជាតិឱ្យមានសេរីភាព ដើម្បីបង្ហាញពីការរួបរួម សាមគ្គីភាពដើម្បីទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
ជាងនេះទៀត រដ្ឋាភិបាលក៏ត្រូវយកសំណុំរឿងដែលកងទ័ពថៃ ឈ្លានពានកម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមដែលថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរ បំផ្លាញប្រាសាទបុរាណ និងទ្រព្យសម្បត្តិជាតិក្នុងដែនអធិបតេយ្យរបស់កម្ពុជា ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ។
គណបក្សកម្លាំងជាតិ បញ្ជាក់ថា រដ្ឋាភិបាលត្រូវតែដាក់សំណើទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យកោះប្រជុំឡើងវិញជាបន្ទាន់ ដើម្បីរកដំណោះស្រាយ ហើយដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ លើកម្ពុជា ដោយគ្មានលក្ខខណ្ឌក្នុងពេលនេះដែរ។
ការអះអាងនេះ ធ្វើឡើងក្រោយសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ ដែលបានអូសបន្លាយអស់រយៈពេលជាង ១០ថ្ងៃមកនេះ ខណៈដំណោះស្រាយនៅតែមិនទាន់មានពន្លឺនៅឡើយ។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ បានដើរហួសពីសមត្ថភាពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅហើយ ខណៈរាជរដ្ឋាភិបាលក៏បានប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រួចរាល់ហើយដែរ។
លោក ហ៊ុន សែន ជំរុញអ្នកដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដាក់សំណើដោយខ្លួនឯង ដើម្បីឱ្យប្រាកដថា តើមេដឹកនាំប្រទេសទាំងនោះឯកភាពឬក៏អត់។
មេដឹកនាំបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ឡើយ ព្រោះកិច្ចព្រមព្រៀងនេះបានអស់សុពលភាពតាំងពីសភាធម្មនុញ្ញបានក្លាយទៅជាសភាជាតិបង្កើតរដ្ឋាភិបាល និងការបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា មកម្ល៉េះ។
យ៉ាងណាក៏ដោយ ស្ថានទូតបារាំងប្រចាំកម្ពុជា បានអះអាងក្នុងថ្ងៃខួប ៣៤ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ថា ប្រទេសបារាំង ដែលបានធ្វើជាសហប្រធានលើកិច្ចព្រមព្រៀងនេះ នៅតែប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះមរតកនៃគោលការណ៍នានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា សព្វថ្ងៃនេះ។
ស្ថានទូតបារាំង បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា គោលការណ៍ដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ នៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព ការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានដូចមុនដដែល។
យ៉ាងណាមិញ លោក ហ៊ុន សែន ធ្លាប់ថ្លែងជារឿយៗថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា វាងាប់ដូចខ្មោចអណ្ដែតទឹកតាំងពីយូរមកហើយ។ លោកថែមទាំងមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរណានិយាយរឿងហ្នឹងផង ហើយបើនរណារឹងនៅតែនិយាយ លោកចាប់អ្នកនោះដាក់គុក។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងកាលពីថ្ងៃទី២៣ តុលា ដែរថា មិនដឹងជាមូលហេតុអ្វីបានជារដ្ឋាភិបាលមិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយការឈ្លានពានទឹកដីខ្មែរពីប្រទេសថៃ។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានពីរផ្នែក ក្នុងនោះ ផ្នែកទី២ បានចែងយ៉ាងច្បាស់អំពីការធានាអន្តរជាតិចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។
អ្នកវិភាគនយោបាយសង្គមរូបនេះ បញ្ជាក់ថា ការធានានេះគឺរដ្ឋាភិបាលកម្ពុជា និងភាគីនានានៃកិច្ចព្រមព្រៀងនេះ បានសន្យាយ៉ាងឱឡារិកថា នឹងថែរក្សា ការពារ និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

