អាជ្ញាធរថៃ បានសម្រេចដោះលែងព្រះតេជព្រះគុណ បូរ បេត ដែលសកម្មជនខាងកិច្ចការសង្គម និងបរិស្ថាន ឲ្យមានសេរីភាពវិញហើយនៅរសៀលថ្ងៃទី៣ ខែធ្នូ នេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្សអន្តរជាតិ និងភ្នាក់ងាររបស់អង្គការ UNHCR បានអន្តរាគមន៍ទៅអាជ្ញាធរប្រទេសថៃទាន់ពេលវេលា។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា ករណីរបស់អតីតព្រះសង្ឃ បូរ បេត បើមិនអន្តរាគមន៍ទាន់ពេលវេលានោះទេ គឺសមត្ថកិច្ចថៃ អាចនឹងបញ្ជូនព្រះសង្ឃអង្គនេះមកអាជ្ញាធរកម្ពុជាវិញ។
លោក ស៊ឹង សែនករុណា បានថ្លែងថា ក្នុងនាមសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស លោកទទូចឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបញ្ឈប់ចាប់បញ្ជូនរាល់សកម្មជនមនសិការទៅប្រទេសដើមវិញ ដោយត្រូវគោរពអនុសញ្ញាអន្តរជាតិស្ដីពីឋានៈជនភៀសខ្លួន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញរាល់សកម្មជនមនសិការទាំងនោះបន្តទៀត។
ព្រះសង្ឃសកម្មជនសង្គម បូរ បេត ត្រូវបានអាជ្ញាធរថៃ ចាប់ផ្សឹកទាំងបង្ខំ ហើយបញ្ជូនទៅមន្ទីរឃុំឃាំងសួនភ្លូ (Suan Phlu IDC) នៅរសៀលថ្ងៃទី២ ធ្នូ បន្ទាប់ពីឃុំខ្លួនអស់មួយយប់នៅក្នុងប៉ុស្តិ៍ប៉ូលិសមូលដ្ឋានមួយ ក្នុងខេត្តសាមុតប្រាកាន (Samut Prakan) កាលពីយប់ថ្ងៃទី១ ខែធ្នូ។

ព្រះសង្ឃ បូរ បេត បានភៀសព្រះកាយចាកចេញពីប្រទេសកម្ពុជា អំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ ទៅគង់នៅប្រទេសថៃ ក្រោយពេលដែលអាជ្ញាធររបស់លោក ហ៊ុន សែន តាមចាប់ខ្លួនករណីចូលរួមតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។
ព្រះតេជព្រះគុណ បូរ បេត ជាព្រះសង្ឃដែលសកម្មនៅក្នុងការងារសង្គម ដូចជាការចូលរួមជាមួយព្រឹត្តិការណ៍សំខាន់ៗរបស់អង្គការសង្គមស៊ីវិលមួយចំនួន បញ្ហាដីធ្លី បរិស្ថាន ការតស៊ូមតិនៅតាមមូលដ្ឋានជាដើម។
ក្រោយពីមានការគំរាមកំហែង និងតាមចាប់ខ្លួន ព្រះអង្គក៏បានភៀសព្រះកាយមកប្រទេសថៃ ហើយត្រូវបានឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ ផ្ដល់ឋានៈជាជនភៀសខ្លួន។ ក្នុងពេលគង់នៅប្រទេសថៃ ព្រះអង្គអង្គនេះតែងតែបានបង្ហោះសាររិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ៕