អតីតមេដឹកនាំបក្សប្រឆាំង អះអាងថា ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ត្រូវតែកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យដាច់ស្រេច មិនត្រូវអូសបន្លាយពេលដូចសព្វថ្ងៃនេះទេ។
លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា ការចោទប្រកាន់របស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានអាចទទួលយកបាន ហើយលោក កឹម សុខា ក៏ជាជនរងគ្រោះដ៏អយុត្តិធម៌បំផុតដែរនៅក្នុងករណីនេះ។
លោក សម រង្ស៊ី អះអាងថា ការចោទប្រកាន់បែបនេះ គ្រាន់តែជាលេសដ៏អាម៉ាស់របស់លោក ហ៊ុន សែន ក្នុងបំណងរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីកុំឲ្យគណបក្សនេះចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨ តែប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន ដឹងថា បើមានគណបក្សសង្គ្រោះជាតិ គណបក្សកាន់អំណាចប្រាកដជាចាញ់។
អតីតមេបក្សប្រឆាំងរូបនេះបញ្ជាក់ថា ពេលណាមានការកាត់ទោសលោក កឹម សុខា យ៉ាងត្រឹមត្រូវ ពេលនោះវិបត្តិនយោបាយនៅកម្ពុជានឹងត្រូវបញ្ចប់ដោយខ្លួនឯង ហើយរដ្ឋាភិបាលកម្ពុជាត្រូវតែបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។

ការអះអាងរបស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា លោកបានរំលាយស្មារតីគណបក្សសង្គ្រោះជាតិក្រោយពេលដែលលោកប្រកាសជំហរគាំទ្រគណបក្សចាស់របស់ខ្លួន គឺគណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រ Facebook របស់កញ្ញាថា នាងនិងឪពុករបស់នាង គឺលោក កឹម សុខា កំពុងព្យាយាមដោះស្រាយបញ្ហាដែលរងការចោទប្រកាន់ពីគណបក្សកាន់អំណាចកន្លងមកដោយខ្លួនឯងហើយ ដូច្នេះលោក សម រង្ស៊ី មិនចាំបាច់ដោះស្រាយឱ្យពួកគេទេ សូមដោះស្រាយបញ្ហាខ្លួនលោកចុះ។
កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ លើកឡើងថា នៅពេលដែលលទ្ធិប្រជាធិបតេយ្យ និងគណបក្សសង្គ្រោះជាតិត្រូវបក្សកាន់អំណាចកម្ទេចចោល លោក សម រង្ស៊ី មិនមានលទ្ធភាព និងសមត្ថភាពតស៊ូមតិដើម្បីគណបក្សនោះទេ ប៉ុន្តែលោក សម រង្ស៊ី បែរជាអះអាងថា លោកជាអ្នកដឹកនាំការតស៊ូមតិដើម្បីបក្ស និងដើម្បីឥស្សរជននយោបាយរបស់បក្សប្រឆាំងទាំងអស់នោះទៅវិញ។
កញ្ញា កឹម មនោវិទ្យា បញ្ជាក់ថា លោក សម រង្ស៊ី បោកប្រាស់បានតែពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះ ព្រោះពលរដ្ឋខ្លះមិនបានដឹង និងមិនយល់ពីសាច់រឿងពិតដែលអតីតមេដឹកនាំបក្សប្រឆាំងរូបនេះបានធ្វើនៅខាងក្រោយឆាកនៃការសម្ដែងនោះទេ ដូច្នេះដើម្បីការរួបរួមជាតិ និងសុភមង្គលរបស់ពលរដ្ឋខ្មែរ លោក សម រង្ស៊ី គួរតែឈប់ព្យាយាមបន្លំពលរដ្ឋខ្លួនឯងទៀតទៅ។
ចំណែកសកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ធ្នូ ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺក្នុងចេតនាបំភ័ន្តពលរដ្ឋខ្មែរថាគាត់ព្យាយាមជួយដោះស្រាយបញ្ហាលោក កឹម សុខា ប៉ុន្តែតាមពិត គឺក្នុងគំនិតកេងចំណេញនយោបាយប៉ុណ្ណោះ ព្រោះថាសកម្មភាពនានាដែលលោក សម រង្ស៊ី បានរំលោភគោលការណ៍គណបក្សសង្គ្រោះជាតិកន្លងមក គឺល្មមគ្រប់គ្រាន់អាចបញ្ជាក់ពីបំណងបំបែកស្មារតីសង្គ្រោះជាតិបានហើយ។
លោក ហ៊ុន កុសល អំពាវនាវឱ្យលោក សម រង្ស៊ី និងសហការីរបស់គាត់ បញ្ឈប់នូវនយោបាយយកភាពរងគ្រោះរបស់សកម្មជនស្លូតត្រង់មកធ្វើជាខ្ទង់ចំណាយ ដើម្បីថ្កោលទោសលោក ហ៊ុន សែន យកមុខបង្កើតប្រជាប្រិយភាពសម្រាប់ខ្លួន និងបក្ខពួកបន្តទៀត ព្រោះថាអ្វីដែលបក្សកាន់អំណាចបានធ្វើ ល្មមគ្រប់គ្រាន់សម្រាប់អន្តរជាតិថ្កោលទោសបានហើយ មិនគួរលោក សម រង្ស៊ី រុញច្រានស្ថានការណ៍ឱ្យកាន់តែអាក្រក់ ដែលធ្វើឱ្យសកម្មជនរបស់ខ្លួនរងគ្រោះដោយសារតែទង្វើរបស់ខ្លួននោះទេ។
ជុំវិញបញ្ហានេះ អតីតប្រធានចលនាយុវជនសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ធ្លាប់បានរិះគន់លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះថា ខណៈលោក កឹម សុខា កំពុងជាប់ឃុំឃាំង ហើយគណបក្សប្រឈមនឹងការរំលាយ ប៉ុន្តែលោក សម រង្ស៊ី បាននាំគ្នារត់ចោលស្រុក បោះបង់ចោលសមរភូមិនយោបាយ ដែលជាការផ្តល់ឱកាសឱ្យបក្សកាន់អំណាចអាចធ្វើអ្វីៗស្រេចតែអំពើចិត្តលើគណបក្សប្រឆាំង និងមន្ត្រីជាន់ខ្ពស់របស់បក្សនេះ ជាពិសេសគឺលើរូបលោក កឹម សុខា ផ្ទាល់តែម្តង។

លោក យឹម ស៊ីណន បញ្ជាក់ថា លោក សម រង្ស៊ី មិនមែនជាអ្នកបង្រួបបង្រួមអ្នកប្រជាធិបតេយ្យនោះទេ ធាតុពិត លោក សម រង្ស៊ី ជាអ្នកបំផ្លាញបក្សអ្នកប្រជាធិបតេយ្យធំបំផុតនៅកម្ពុជា តាំងពីទសវត្សទី៩០ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច រហូតដល់គណបក្សសង្គ្រោះជាតិ នៅពេលនេះ។
អតីតប្រធានចលនាយុវជនសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងរូបនេះបញ្ជាក់ថា ទីបំផុត នៅពេលនេះលោក សម រង្ស៊ី បានបញ្ជាក់កាន់តែច្បាស់ហើយនៅពេលលោកងាកទៅគាំទ្របក្សចាស់ គឺគណបក្សភ្លើងទៀនរបស់លោកវិញ ដែលអាចបញ្ជាក់បានថា លោកមិនគាំទ្រឱ្យមានស្មារតីសង្គ្រោះជាតិ «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» បន្តទៀតនោះទេ។ ករណីនេះ ក៏ជាការបង្ហាញយ៉ាងច្បាស់ដែរថា លោក សម រង្ស៊ី គឺជាអ្នកក្បត់គណបក្សសង្គ្រោះជាតិ ក្បត់ប្រធានបក្ស លោក កឹម សុខា ក្បត់សមាជិកសមាជិកា និងក្បត់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោតឆ្នាំ២០១៣ ដែលចង់ឱ្យមានការផ្លាស់ប្ដូររហូតមក៕