លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថា អ្នកណាដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន ប៉ុន្តែអ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនប្រាកដថានៅមានជីវិតដែរ។
អតីតកម្មាភិបាលខ្មែរក្រហម និងជាមេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ បានអះអាងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកដែលមានបំណងចង់សម្លាប់រូបលោកកាលពីមុន ហើយចង់ធ្វើឃាតលោកនៅពេលនេះដើម្បីទប់ស្កាត់មិនឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ ពួកគេក៏មិនរួចខ្លួនដែរ ព្រោះថាលោក ហ៊ុន សែន ស្គាល់អ្នកទាំងនោះអស់ហើយ គ្រាន់តែលោកមិនធ្វើអ្វីលើពួកគេប៉ុណ្ណោះ។

បុរសខ្លាំងរូបនេះអះអាងថា ដើម្បីឱ្យកូនប្រុសរបស់លោកឡើងជានាយករដ្ឋមន្ត្រីបាន លុះណាតែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចចាស់ៗគ្រប់គ្នាអស់តួនាទីពីសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាមុនសិន ហើយត្រូវដាក់សមាសភាពអ្នកជំនាន់ក្រោយចូលទាំងអស់ នោះទើបលោក ហ៊ុន ម៉ាណែត អាចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបាន។
ការអះអាងរបស់មេដឹកនាំបក្សកាន់អំណាចជាលើកទីពីរនេះ ត្រូវគេមើលឃើញថា ជាការព្រមានមន្ត្រីជាន់ខ្ពស់របស់ខ្លួនដែលមិនគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីលោកនៅពេលខាងមុខ។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន សែន បានប្រកាសគាំទ្របេក្ខភាពកូនប្រុសច្បងខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ឱ្យឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ក្នុងនោះលោក ហ៊ុន សែន ក៏បានគំរាមមន្ត្រីជាន់ខ្ពស់របស់ខ្លួន គឺលោក ស ខេង ផងដែរថា លោកមិនស័ក្ដិសមមកឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានោះទេ ដោយសារអាយុលោក ស ខេង កាន់តែចាស់ណាស់ទៅហើយនោះ។

ក្រោយការប្រកាសជាចំហរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចដូចជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន អគ្គលេខាធិការបក្សលោក សាយ ឈុំ និងអ្នកស្រី ម៉ែន សំអន ដែលសុទ្ធសឹងតែជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សកាន់អំណាច មិនបានចេញញត្តិគាំទ្រតាមការប្រកាសរបស់លោក ហ៊ុន សែន នោះឡើយ។
ដោយឡែកមន្ត្រីបក្សកាន់អំណាចដែលចេញមុខគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដូចជាអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត ជាដើម ក្នុងនោះស្ថាប័នរដ្ឋមួយចំនួនក៏បានចេញញត្តិគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ផងដែរ ដូចជាក្រសួងការពារជាតិ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម ដោយឡែកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកាន់អំណាច មិនទាន់ចេញលិខិតផ្លូវការគាំទ្រនៅឡើយទេលើបញ្ហានេះ។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានរិះគន់កាលពីពេលថ្មីៗនេះថា ការស្នើបេក្ខភាពនាយករដ្ឋមន្ត្រីណាម្នាក់មិនមែនជារឿងខុសនោះទេ ព្រោះជាកិច្ចការផ្ទៃក្នុងបក្សនយោបាយរបស់ពួកគេ ហើយក៏មិនខុសដែរដែលសមាជិកបក្សចេញមុខប្រកាសគាំទ្របេក្ខភាពនោះជាចំហ។ ប៉ុន្តែរឿងដែលមិនត្រឹមត្រូវ គឺការយកស្ថាប័នរដ្ឋទៅប្រកាសគាំទ្របេក្ខភាពដែលបានស្នើឡើងនោះ ព្រោះស្ថាប័នរដ្ឋមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់បក្សណាមួយឡើយ វាជាស្ថាប័នរបស់ជាតិប៉ុណ្ណោះ។

ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការគំរាមរបស់លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ នៅថ្ងៃទី៦ ធ្នូ នេះ មិនបានសំដៅទៅលើក្រុមប្រឆាំងនោះទេ ព្រោះការរិះគន់របស់ក្រុមប្រឆាំងក៏មិនមានឥទ្ធិពលដល់ការបន្តអំណាចរបស់លោក ហ៊ុន ម៉ាណែត នោះដែរ ប៉ុន្តែការផ្ទេរអំណាចរបស់លោក ហ៊ុន សែន នឹងជួបឧបសគ្គខ្លាំងណាស់ ប្រសិនបើមានការជំទាស់ពីមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរបស់ខ្លួន។
ដូច្នេះ រាល់ការគំរាមកំហែងរបស់លោក ហ៊ុន សែន ទៅកាន់ក្រុមប្រឆាំងអំពីការរិះគន់ចំពោះផែនការផ្ទេរអំណាចរបស់លោកនេះ គឺលោក ហ៊ុន សែន មានចេតនាសំដៅដល់មន្ត្រីបក្សកាន់អំណាចខ្លួនឯងប៉ុណ្ណោះ ត្បិតលោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា មន្ត្រីជាន់ខ្ពស់ក្នុងបក្សកាន់អំណាចភាគច្រើនមិនយល់ស្របចំពោះផែនការបន្តវេនជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត នោះឡើយ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះចោទថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាមនុស្សសង្គ្រាម ហើយគាត់ត្រូវការសង្គ្រាមដើម្បីរក្សាអំណាចបន្តទៀត ប៉ុន្តែបើគាត់ធ្វើសង្គ្រាមប្រឆាំងប្រជារាស្ត្រខ្លួនឯងដូចសព្វថ្ងៃនេះ គាត់មិនអាចផ្ទេរអំណាចឲ្យកូនគាត់បានជាដាច់ខាត។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មិនអាចឲ្យកូនខ្លួនឯងឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសគាត់បានទេ ពីព្រោះកម្ពុជាមិនមែនជាកម្មសិទ្ធិដាច់ថ្លៃរបស់ត្រកូល «ហ៊ុន» នោះឡើយ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងកាលពីពេលថ្មីៗនេះថា បក្សកាន់អំណាចនៅកម្ពុជាបច្ចុប្បន្ននេះ បានក្តោបក្តាប់ស្ថាប័នរដ្ឋ និងដំណើរការប្រព្រឹត្តទៅជាក់ស្តែងនៃស្ថាប័នទាំងនេះយ៉ាងណែន ដើម្បីបង្កើតរបបយោធាតត្រកូលរបស់ខ្លួន ជាជាងការបង្កើតរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា របបប្រជាធិបតេយ្យ សេរី ពហុបក្ស កំណត់ក្នុងរដ្ឋធម្មនុញ្ញ អាចក្លាយទៅជារបបយោធាតវង្សត្រកូលមិនអាចប្រកែកបាន ក្រោយពេលលោក ហ៊ុន សែន សម្រេចតែងតាំងកូនខ្លួនឯងជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បីស្នងអំណាចពីរូបលោកបែបនេះ។
ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា ប្រសិនបើលោក ហ៊ុន សែន ចង់តែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី លុះត្រាតែលោក ហ៊ុន ម៉ាណែត ត្រូវជម្រុះចោលតួនាទីកងទ័ពរបស់លោកជាមុនសិន ពីព្រោះកម្ពុជាមិនអាចមានរបបយោធាដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ។

ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកកាលថ្ងៃទី៥ ធ្នូ ថា បើលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី កម្ពុជានឹងធ្លាក់ចូលអាណានិគមវៀតណាមកាន់តែជ្រៅបន្ថែមទៀត ដែលធ្វើឱ្យកម្ពុជាស្ថិតនៅក្រោមរណសិរ្សឈ្លានពានក្នុងសម័យទំនើបរបស់វៀតណាមបន្តទៀតជាមិនខាន ដូចជារណសិរ្សប្រជាសាស្ត្រ រណសិរ្សសេដ្ឋកិច្ច និងរណសិរ្សវប្បធម៌ ជាដើម៕